ឥណ្ឌា៖ កាលពីពេលកន្លងទៅនេះ គ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែរកឃើញទារកនៅក្នុងខ្លួនក្មេងប្រុសម្នាក់ ក្នុងអំឡុងពេលធ្វើការវះកាត់យកដុំសាច់ចេញ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសសិស្សសាលាឈ្មោះ Ritesh ជាអ្នករស់នៅក្នុងតំបន់ Garhwa នៃប្រទេសឥណ្ឌា មានអាការៈឈឺចុកចាប់ក្នុងពោះ អស់ពេល ៧ខែ ដែលបង្កឲ្យគ្រូពេទ្យមានការងឿងឆ្ងល់ជាខ្លាំង ពីមូលហេតុដែលបង្កឲ្យមានអាការៈនេះកើតឡើង។ យ៉ាងណាមិញក្រោយពីការតាមដានអស់ពេល ១២សប្ដាហ៍ ដែលគ្មានលទ្ធផលនោះ ឪពុកម្ដាយក្មេងប្រុសនេះ ក៏បានបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យឯកជនម្ដង ដែលបន្ទាប់ពីការស្កេនមើល ទើបប្រទះឃើញថា មានដុំសាច់នៅក្នុងពោះ និងក្រុមគ្រូពេទ្យបានធ្វើការវះកាត់ឲ្យក្មេងប្រុសនេះភ្លាមៗ។ ប៉ុន្ដែអ្វីដែលមិននឹកស្មានដល់នោះ ក្នុងរយៈពេល៣ម៉ោង ធ្វើការវះកាត់នេះ ក្រុមគ្រូពេទ្យបានភាំងស្មារតី ដោយសារតែឃើញដុំសាច់នោះ ការពិតជាអំប្រ៊ីយ៉ុងដែលមិនលូតលាស់ នៅក្នុងខ្លួនប្រាណក្មេងប្រុសនេះ​ តាំងពីរូបគេចាប់កំណើតមកម្ល៉េះ ដែលអាចនិយាយថា ជាបងប្អូនភ្លោះរបស់ក្មេងប្រុសនេះ។

គួរឲ្យដឹងថា ទារកនេះដែលនៅក្នុងខ្លួនប្រាណក្មេងប្រុស Ritesh នេះគឺមានដុះដៃ ជើង និងសក់ផងដែរ។ នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិតផ្នែកកុមារជាន់ខ្ពស់ បានឲ្យដឹងថា ករណីក្មេងប្រុសនេះ គឺជាករណីកម្រមួយ ដែលនាពេលនេះក្មេងប្រុសនេះមានអាការៈនឹងនរ និងអាចជាសះស្បើយក្នុងពេលឆាប់ៗនេះ។ គាត់បានបន្ដថា ប្រសិនជាទារកនេះមិនបានយកចេញ ពីក្នុងពោះក្មេងប្រុសនេះនោះទេ នោះវានឹងបង្កជាបញ្ហាធ្ងន់ធ្ងរដល់ក្មេងប្រុសនេះ នាថ្ងៃអនាគត៕

រូបភាព ក្មេងប្រុស Ritesh ក្រោយពីការវះកាត់
រូបភាព ទារកដែលយកចេញពីក្នុងពោះ Ritesh

ប្រភព៖ បរទេស

ការចាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែកករណីស្រដៀងនេះដែរ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានយុវជនមួយរូបឈ្មោះ Mohd Zul Shahril Saidin អាយុ១៥ឆ្នាំ បានទទួលការវះកាត់ បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញសាកសពគត៌ ដែលត្រូវជាបងប្អូនភ្លោះរបស់គេ នៅក្នុងពោះ។ ជាមួយគ្នានេះ បានឲ្យដឹងទៀតថា យុវជនរូបនេះ បានរស់នៅដោយស្ពាយសាកសពគត៌នៅក្នុងខ្លួន តាំងពីកើតមកម្ល៉េះ ពោលគឺអស់រយៈពេល ១៥ឆ្នាំមកហើយ ប៉ុន្តែទើបតែមានអាការៈមិនស្រួល ក្នុងរយៈពេល ៤ខែចុងក្រោយនេះប៉ុណ្ណោះ។

សម្រាប់យុវជន Saidin ត្រូវបានគេជឿជាក់ថា គឺជាមនុស្សដំបូងគេបង្អស់ ដែលកើតមានអាការៈ «គត៌នៅក្នុងគត៌» បែបនេះក្នុងប្រទេសម៉ាឡេស៊ី ហើយវាក៏ជា បាតុភូតដ៏កម្រ ដែលអាចកើតមានឡើង ១ក្នុងចំណោម ៥០០,០០០នៃការចាប់កំណើតផងដែរ។

បើតាមសម្តី អ្នកស្រី Hasmah Ahmad ដែលត្រូវជាម្តាយបង្កើត របស់យុវជន Saidin បានប្រាប់ឲ្យដឹងថា «សាកសពគត៌ ដែលបានវះកាត់ យកចេញពីក្នុងខ្លួនរបស់ Saidin គឺមានទម្រង់ដូចជា ទារកអីចឹង ដោយមាន សក់ ជើង ដៃ និងប្រដាប់ភេទ ប៉ុន្តែ ច្រមុះ និងមាត់ គឺមិនពេញលក្ខណៈឡើយ»។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពសម្រាប់គត៌នោះ ត្រូវបានរៀបចំរួចជាស្រេច ខណៈយុវជន Saidin កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ៕

រូបភាព៖ យុវជន Mohd Zul Shahril Saidin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]