ម៉ិចស៊ិក៖ បុរសម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល១០០ឆ្នាំ បន្ទាប់ពីបោះកូនស្រីចុង អាយុ៣ឆ្នាំ ចូលទៅក្នុងអាងហែលទឹកនៅក្នុងសណ្ឋាគាររហូតទាល់តែស្លាប់។

វីដេអូដែលថតបានតាមរយៈកាមេរ៉ាសុវត្តិភាព បានបង្ហាញភស្តុតាង អំពីសកម្មភាពបុរសដែលជាឃាតករ ត្រូវគេស្គាល់ថាមានឈ្មោះ Jose David N បានបោះកូនស្រីចុងរបស់ខ្លួនទៅក្នុងអាងទឹកនៃសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Morelia ភាគនិរតីរដ្ឋ Michoacan ប្រទេសម៉ិចស៊ិក កាលពីខែសីហា ឆ្នាំ២០១៥។

ក្នុងវីដេអូគេឃើញក្មេងស្រីរងគ្រោះ បានព្យាយាមស្រវេស្រវ៉ា ដើម្បីឲ្យខ្លួនអាចនៅអណ្តែតលើទឹក ខណៈពេលដែលឪពុកចុងជាឃាតករនៅឈរជាប់មាត់អាង ធ្វើមិនដឹងមិនឮ។ ក្មេងស្រីរងគ្រោះមិនចេះហែលទឹកនោះទេ ហើយអ្នកងូតទឹកផ្សេងទៀត ក៏មិនបានជួយ​ជីវិតនាងដែរ។

នៅថ្ងៃកើតហេតុ ម្តាយរបស់ក្មេងស្រីរងគ្រោះដ៏កម្សត់រូបនេះ ដែលជាគិលានុបដ្ឋយិកាមួយរូប មិនបានដឹងថាកូននាងស្លាប់នោះ​ទេ រហូតនៅពេលដែលនាងទៅលេងនៅអាងទឹកនោះម្តងទៀតជាមួយនឹងស្វាមីចិត្តអប្រិយដែលជាឃាតករនោះ។ បន្ទាប់ពីបានឃើញកូនស្រី នាងក៏បានព្យាយាមបញ្ជូនកូនទៅមន្ទីរពេទ្យ តែជាអកុសល ក្រោយមកបន្តិច ក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ម្តាយក្មេងស្រីរងគ្រោះបានអះអាងថា នាងមិនបានដឹងថា កូនស្រីរបស់ខ្លួនត្រូវគេធ្វើ​បាបនោះទេ លុះដល់បានឃើញវីដេអូឃ្លីបជាក់ស្តែងទើបបានដឹងការពិត។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅពេលដែលម្តាយក្មេងស្រីរងគ្រោះកំពុងសម្រាកក្នុងបន្ទប់សណ្ឋាគារ។

ទោះជាយ៉ាងណា វីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាព ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ដើម្បីផ្តន្ទាទោសជនល្មើសឲ្យជាប់គុកគ្មានថ្ងៃចេញ (១០០ឆ្នាំ)។

ព្រះរាជអាជ្ញាបានផ្តល់អនុសាសន៍ឲ្យជនល្មើសជាប់គុករយៈពេល៤០ឆ្នាំ ប៉ុន្តែចៅក្រមម្នាក់បានធ្វើការផ្តន្ទាទោសបន្ថែម បន្ទាប់ពីបានមើលឃើញវីដេអូនៃសកម្មភាពដ៏ឃោរឃៅរបស់បុរសជាឪពុកចុងរូបនេះរួច៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]