ពីមួយថ្ងៃទៅមួយថ្ងៃ ស្បែកដែលធ្លាប់ស្អាតតឹងណែន បានប្រែប្រួលបន្តិចម្តងៗ ទៅជាយារធ្លាក់ ដោយសារតែអាយុកាល។ ចុះបើអ្នក កំពុងតែជួបបញ្ហាដ៏ធ្ងន់ធ្ងរមួយនេះ តើអ្នកនឹងធ្វើដូចម្តេច? ចំណាយលុយជាច្រើនទៅកែសម្ផស្សឬយ៉ាងណា?

ប៉ុន្តែថ្ងៃនេះប្រិយមិត្តនឹងសប្បាយចិត្ត ពេលបានដឹងថា មានវិធីល្អៗបែបធម្មជាតិ អាចជួយដោះស្រាយនូវសាច់មុខធ្លាក់យារបាន ដោយត្រឡប់មកជាមុខតឹងណែន សាជាថ្មី៖

១) ស៊ុតស៖ ស៊ុតស ជាសារធាតុធម្មជាតិមួយប្រភេទ ដែលអាចជួយដោះស្រាយ នូវបញ្ហាស្បែកយារបាន។ ហើយនៅក្នុងស៊ុតសនេះដែរ មានសារធាតុចិញ្ចឹមម្យ៉ាងឈ្មោះថា Hydrolipids ដែលជួយស្តារឡើងវិញនូវស្បែកដែលធ្លាក់។

វិធីអនុវត្ត៖ គោះស៊ុត១ ឬ២ យកតែផ្នែកស រួចយកមកលាបមុខ និងក ទុកចោល ២០នាទី រួចសឹមលាងទឹកត្រជាក់ចេញជាការស្រេច។ វិធីមួយទៀត អ្នកក៏អាចលាយទឹកដោះគោរជូរស្រស់ ១ស្លាបព្រាបាយ ជាមួយនឹងស៊ុតស រួចក្រឡុកឲ្យសព្វ បន្ទាប់មកលាបវានៅលើមុខ និងក ទុករយៈពេល ២០ ទៅ៣០នាទី មុននឹងអ្នកលាងទឹកចេញ។ 

២) ក្រូចឆ្មារ៖ វីតាមីនC នៅក្នុងក្រូចឆ្មារ អាចបង្កើនសារធាតុចិញ្ចឹម (កូឡូជេន) ហើយក៏ជួយឲ្យស្បែកយឺត វិលមករកភាពតឹងណែនឡើងវិញផងដែរ។ បន្ថែមពីនេះទៅទៀត ក្រូចឆ្មារ ក៏អាចជួយកាត់បន្ថយនូវភាពជ្រីវជ្រួញ ឬសញ្ញាទៅរកភាពចាស់ផងដែរ។

វិធីអនុវត្ត៖ យកទឹកក្រូចឆ្មារ ត្រដុសនៅលើមុខ និងករបស់អ្នក រួចទុកចោល១០នាទី ចាំលាងទឹកចេញ។ ព្យាយាមធ្វើបែបនេះឲ្យបានយ៉ាងតិច២ ទៅ៣ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចប្រើប្រាស់ផលិតផលផ្តល់សំណើមដល់ស្បែក ដើម្បីជំនួយបន្ថែមទៀតក៏បានដែរ ប៉ុន្តែអ្នកត្រូវតែប្រាកដថា ផលិតផលផ្តល់សំណើមនោះ (Moisturizer) មានគុណភាពខ្ពស់ និងសុទ្ធល្អ។

៣) ប្រទាលកន្ទុយក្រពើ៖ ចំពោះប្រទាលកន្ទុយក្រពើ ជួយរឹតបណ្តឹងស្បែកដែលរលុង។ ហើយសារធាតុ Malic Acid ដែលនៅក្នុងប្រទាលកន្ទុយក្រពើនេះដែរ អាចកច្ចាត់នូវស្បែកដែលយារធ្លាក់បាន។ ដូច្នេះស្បែករបស់អ្នក នឹងត្រឡប់មកជាម៉ត់ស្អាតពីធម្មជាតិ។

វិធីអនុវត្ត៖ យកប្រទាលកន្ទុយក្រពើ មកប៉ាតត្រង់ផ្ទៃមុខ និងករបស់អ្នក រួចទុកចោល រយៈពេល១៥ ទៅ២០នាទី ចាំលាងជាមួយនឹងទឹកក្តៅឩណ្ឌៗ។ ព្យាយាមអនុវត្តវិធីនេះឲ្យបានច្រើនដង ក្នុងមួយសប្តាហ៍។

ហើយវិធីមួយទៀត អ្នកក៏អាចលាយប្រទាលកន្ទុយក្រពើមួយស្លាបព្រាបាយ ជាមួយទឹកឃ្មុំធម្មជាតិដែលសុទ្ធ ​ រួចលាបលើមុខ និងក ទុកចោល១៥នាទី ចាំលាងជាមួយនឹងទឹកត្រជាក់ផងដែរ។ អនុវត្តវិធីនេះឲ្យបានម្តងក្នុងមួយសប្តាហ៍។ 

៤) ត្រសក់៖ ដើម្បីឲ្យស្បែកតឹងណែន និងកម្ចាត់សាច់យារធ្លាក់  អ្នកគួរតែប្រើប្រាស់ ត្រសក់ ព្រោះវាប្រៀបដូចជា Toner  ធម្មជាតិ ហើយថែមទាំងធ្វើឲ្យស្បែកស្រស់ថ្លាទៀតផង។

វិធីអនុវត្ត៖ ចិតត្រសក់ពាក់កណ្តាល រួចយកទៅកិនឲ្យម៉ត់ ហើយតម្រងយកតែទឹកប៉ុណ្ណោះ។ បន្ទាប់មកលាបលើមុខរបស់អ្នក និងទុកចោលរហូតវាស្ងួតខ្លួនឯង។ ព្យាយាមធ្វើតាមវិធីនេះឲ្យបានម្តងជាប្រចាំថ្ងៃ។  វិធីមួយទៀតអាចលាយត្រសក់ ជាមួយនឹងទឹកដោះគោបានផងដែរ បន្ទាប់មក យកមកលាបលើមុខ រួចទុកចោល១០ ទៅ១៥ នាទី ចាំលាងទឹកក្តៅឩណ្ឌៗជាការស្រេច។ ជាពិសេស អ្នកក៏អាចរៀនធ្វើម៉ាស់បិទមុខបានដោយខ្លួនឯង ដោយយកទឹកត្រសក់២ស្លាបព្រាបាយ ស៊ុតមួយគ្រាប់ និងប្រេងវីតាមីនE រួចលាបលើមុខ និងករបស់អ្នក ទុកចោល១៥នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។ 

៥) ម៉ាស្សាជាមួយប្រេង៖ ម៉ាស្សាមុខ និងក.របស់អ្នក ជាមួយនឹងប្រេងធម្មជាតិ ដូចជាប្រេងអ៊ូលីវ ជួយរឹតបន្តឹងនូវស្បែក​យារធ្លាក់ ហើយរក្សាទុកនូវស្បែកម៉ត់រលោងស្អាតមកវិញ។ បន្ថែមពីនេះ ចំពោះប្រេងអ៊ូលីវ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលដូចវីតាមីនA និងវីតាមីនE ជួយឲ្យស្បែកម៉ត់ស្អាតផងដែរ។

វិធីអនុវត្ត៖ កម្តៅប្រេងធម្មជាតិ នៅក្នុងម៉ាស៊ីនកម្តៅម្ហួប បន្ទាប់មកយកប្រេងទៅលាបនៅលើមុខរបស់អ្នក ដោយម៉ាស្សាជាមួយនឹងម្រាមដៃចង្អុលជាវង្វង់ថ្នមៗ រយៈពេល១០នាទី។ ធ្វើតាមវិធីនេះ ឲ្យបានម្តងជាប្រចាំថ្ងៃ មុនពេលចូលគេង។ ក្នុងនោះដែរ អ្នកក៏អាចប្រើប្រាស់ ជាមួយនឹង ផ្លែប័រ(អាវូកាដូ) ប្រេងដូង ប្រេងគ្រាប់ទំពាំងបាយជូរ ប្រេងគ្រាប់ម្យ៉ាង(Jojoba) ឬ ប្រេងអាល់ម៉ុនក៏បាន យកទៅម៉ាស្សាលើមុខ ក ដៃ និងជើងរបស់អ្នក។ 

៦) ទឹកឃ្មុំ៖ ទឹកឃ្មុំ មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងភាពចាស់ ដែលអាចមានប្រយោជន៍ ក្នុងការព្យាបាលនូវស្បែកធ្លាក់យារបាន។

វិធីអនុវត្ត៖ លាយបញ្ចូលនូវទឹកឃ្មុំ៣ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារ២ ទៅ៣តំនក់ និងចាក់ប្រេងអ៊ូលីវចូលបន្តិច។ រួចលាបលើមុខ និងករបស់អ្នក ហើយទុកវារហូតទាល់តែស្ងួតខ្លួនឯង ចាំលាងទឹកចេញ។ អនុវត្តវិធីនេះ ឲ្យម្តង រឺ២ដង ជាប្រចាំថ្ងៃ ដើម្បីឃើញលទ្ធផលល្អ។ វិធីមួយទៀត អ្នកក៏អាចបន្ថែមជាមួយនឹង Sour Creamនិង ម្សៅរមៀតផងដែរ ដោយលាយនូវគ្រឿងផ្សំទាំងនេះឲ្យសព្វ រួចលាបលើមុខ រយៈពេល១៥នាទី ចាំលាងទឹកចេញ។ 

៧) ប៉េងប៉ោះ៖ យកទឹកប៉េងប៉ោះ មកត្រដុស និងម៉ាស្សាលើស្បែករាងជារង្វង់ថ្នមៗ រយៈពេល៥នាទី។ ចំពោះប៉េងប៉ោះ មានសារធាតុជូរ និងរាងផ្សារបន្តិច អំឡុងពេលលាប។ ប៉ុន្តែដូចគ្រប់គ្នាតែងនិយាយថា "បើគ្មានការតស៊ូ គឺគ្មានជោគជ័យនោះទេ"  ដូច្នេះអ្នកគួរតែអនុវត្តវិធីនេះជាប្រចាំ ដើម្បីឲ្យស្បែកតឹងណែន និងស្រស់ថ្លា។

៨) ទទួលទានទឹកតែបៃតង៖ តែបៃតង ជាភេសជ្ជៈដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោមមនុស្សដែលយល់ដឹងពីសុខភាព។ ចំពោះតែបៃតង សម្បូរទៅដោយ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម លាងសម្អាតក្នុងខ្លួនរបស់អ្នក ជម្រះឈាម និងថែទាំសុខភាពស្បែក។ បន្ថែមពីនេះទៅទៀត វាជម្រុញជាតិសរសៃប្រូតេអ៊ីូន និងកាត់បន្ថយនៃភាពធ្លាក់យារនៃស្បែកទៀតផង។ វិធ៏ដ៏ល្អ គឺអ្នកគ្រាន់ក្រេបនូវទឹកតែបៃតងឲ្យបាន១  ឬ២ពែងជារៀងរាល់ថ្ងៃ។

៩) ផ្លែស្ត្របឺរី៖ ចំពោះផ្លែស្ត្របឺរី អាចធ្វើការបានល្អទៅលើស្បែក ដែលវាជួយរឹតបន្តឹងស្បែករបស់អ្នកបាន១០០ភាគរយ។ ក្នុងនោះដែរ វាបានផ្តល់ឲ្យនូវជាតិរ៉ែយ៉ាងក្រាស់ក្រែល។ ដូច្នេះនៅចាំទៀត អ្នកគួរតែយកផ្លែ ដ៏មានអត្ថប្រយោជន៍មួយនេះ មកធ្វើជាម៉ាសបិទមុខ ដើម្បីជួយឲ្យស្បែករបស់អ្នកតឹងណែនល្អ គ្មានភាពធ្លាក់យារ។ 

ទាំងនេះជាវិធីធម្មជាតិ ដែលអ្នកអាចអនុវត្តបាននៅផ្ទះ ដើម្បីធ្វើឲ្យស្បែកមុខរបស់អ្នកគ្មានភាពយារធ្លាក់៕ 

ប្រភព៖ top10homeremedies.com & stylecraze.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]