អ្នកណាៗ ក៏មិនចង់មានបញ្ហាមុន ឬស្នាមផ្សេងៗ នៅលើផ្ទៃមុខដែរ មិនថាបុរស ឬស្រ្តីនោះទេ។ ដោយសារតែ ឥលូវនេះជាសម័យទំនើប គ្រូពេទ្យជំនាញ មានវិធីព្យាបាលស្លាកស្នាមទាំងនេះច្រើនរាប់មិនអស់ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ មានតែមនុស្សមួយចំនួនទេ ដែលអាចទទួលការព្យាបាលបែបទំនើបនេះបាន ពីព្រោះមានមនុស្សជាច្រើនផ្សេងទៀត មានបញ្ហាទាក់ទងនឹងតំណពូជ និងមានប្រភេទស្បែកខុសគ្នា ដែលមិនអាចទទួលបានការព្យាបាលតាមបែបទំនើបមានប្រសិទ្ធភាព។

ហេតុនេះ យើងនឹងនាំប្រិយមិត្ត ជាពិសេស អ្នកដែលមានបញ្ហាស្លាកស្នាមលើផ្ទៃមុខទាំងឡាយ ថាកមកសាកល្បងប្រើប្រាស់ឱសថធម្មជាតិវិញ។ ទោះបីជាវាមិនបង្ហាញប្រសិទ្ធភាពភ្លាមៗក៏ដោយ ក៏ប៉ុន្តែឱសថធម្មជាតិទាំងនេះ នឹងធ្វើឲ្យស្លាកស្នាមទាំងឡាយបាត់ទៅជារៀងរហូត ៖ 

១. ប្រទាលកន្ទុយក្រពើ

សារជាតិវីតាមីនដែលមាននៅក្នុង ប្រទាលកន្ទុយក្រពើ អាចជួយព្យាបាលស្បែក និងកាត់បន្ថយស្លាកស្នាមបានយ៉ាងមានប្រសិទ្ធភាព។ អ្នកមិនចាំបាច់មានការព្រួយបារម្ភ ខ្លាចវាធ្វើឲ្យស្បែកខូច និងក្រហាយឡើយ ជាពិសេស វាជាឱសថធម្មជាតិដែលមានជាតិសំណើម ពីធម្មជាតិយ៉ាងអស្ចារ្យ ហេតុនេះ ស្បែករបស់អ្នកនឹងកាន់តែមានសភាពទន់ល្មើយ និងកាន់តែមានសុខភាពល្អ។

អ្នកត្រូវប្រើ ប្រទាលកន្ទុយក្រពើស្រស់ៗ ដោយគ្រាន់តែកាច់មួយស្រទាប់ មកពីផើងផ្កា រួចចិតយកសំបករបស់វាចេញ។ បន្ទាប់មកយក ជែលរបស់វា មកបិទលើផ្ទៃមុខ រួចម៉ាស្ស៉ាបន្ថែមថ្នមៗ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវទុកវាចោល យ៉ាងហោចណាស់ក៏ ៣០ នាទីដែរ មុននឹងលាងសម្អាតចេញ។ (ចំណាំ ៖ ជាធម្មតា វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថារមាស់ ប៉ុន្តែអ្នកមិនចាំបាច់បារម្ភទេ។ ប៉ុន្តែ ក្នុងករណីរមាស់ខ្លាំង មិនអាចទ្រាំបាន អ្នកត្រូវលាងទឹកចេញជាបន្ទាន់)។

២. ទឹកឃ្មុំ

ទឹកឃ្មុំ គឺជាឱសថព្យាបាលពីធម្មជាតិ និងមានមនុស្សជាច្រើនធ្លាប់ដឹងហើយថា ទឹកឃ្មុំមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់ស្លាកស្នាមលើផ្ទៃមុខពិតប្រាកដមែន។ ក្នុងករណីនេះ អ្នកត្រូវតែប្រើប្រាស់ទឹកឃ្មុំសុទ្ធ ដែលលក់ពីកសិករ និងមិនមែនជាទឹកឃ្មុំដែលចម្រាញ់ ដូចដែលដាក់លក់នៅតាមផ្សារទំនើបឡើយ។

អ្នកគ្រាន់តែយកទឹកឃ្មុំ ក្នុងបរិមាណសមល្មម ប្រមាណ ២ ស្លាបព្រាបាយ មកលាបត្រង់កន្លែងមានស្លាកស្នាមលើផ្ទៃមុខ (អាចម៉ាស្ស៉ាបន្ថែមពីលើថ្នមៗ)។ បន្ទាប់មក ទុកវាចោលប្រហែល ១៥ ទៅ ២០ នាទី។ អ្នកអាចអនុវត្តន៍តែ ២ ដង ក្នុងមួយអាទិត្យក៏ទទួលបានលទ្ធផលជាទីកាប់ចិត្តដែរ។ 

៣. ក្រូចឆ្មារ

ទឹកក្រូចឆ្មារ មានផ្ទុកអាស៊ីត Alpha-hydroxy acid (ADA) ពីធម្មជាតិ ដែលអាចជួយបំបាត់ស្លាកស្នាម ព្យាបាលស្បែកមុខ និងធ្វើឲ្យស្បែកមានជីវិតឡើងវិញ។ អ្នកគ្រាន់តែ ច្របាច់ក្រូចឆ្មារមួយផ្លែចូលក្នុងកូនចានមួយ។ អ្នកអាចលាយទឹកបន្តិច ប្រសិនបើអ្នកមានសាច់មុខស្តើង។ បន្ទាប់មក យកដុំសំឡី មកជ្រលក់ទឹកក្រូចឆ្មារ រួចផ្តិតៗលើស្លាកស្នាម ដែលមានលើផ្ទៃមុខ និងទុកវាឲ្យស្ងួតដោយខ្លួនឯង ប្រហែលជា ៣០ នាទី (អ្នកអាចលាបវាមុនពេលចូលគេង ក៏ជាការល្អ)។ លាងសម្អាតមុខរបស់អ្នកដោយទឹកត្រជាក់ និងអនុវត្តន៍វិធីនេះពី ២ ទៅ ៣ ថ្ងៃម្តង។

៤. ម្សៅ Baking Soda

ម្សៅ Baking Soda គឺជាធាតុផ្សំមួយ ដែលមានប្រយោជន៍ ក្នុងការប្រើប្រាស់បានច្រើនរាប់មិនអស់ រួមទាំងអាចបំបាត់ស្លាកស្នាម ដែលមានលើផ្ទៃមុខបានទៀតផង។ ម្សៅ Baking Soda ផ្សំឡើងពីសមាសភាព sodium bicarbonate crystals ដែលអាចយកប្រើទៅខាត់ស្បែកមុខបាន។ អ្នកគ្រាន់តែលាយម្សៅ Baking Soda ពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ រួចលាយទឹកបន្តិច ឲ្យវាមានរាងខាប់ រួចយកល្បាយនោះ មកម៉ាស្ស៉ាលើកន្លែងស្លាកស្នាម។ បន្ទាប់មកទុកចោលប្រហែល ២ ទៅ ៣ នាទី ដើម្បីឲ្យវាសម្អាតរន្ធញើស និងការពារមិនឲ្យកើតស្នាមកន្ទួលឡើងទៀត។ អ្នកអាចលាងសម្អាតមុខ ដោយទឹកក្តៅឧណ្ណៗ។ អ្នកអាចអនុវត្តបានជារៀងរាលថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាព យ៉ាងឆាប់រហ័សបំផុត។ 

៥. ត្រសក់

ក្រសក់ មានផ្ទុកសារជាតិធម្មជាតិល្អៗជាច្រើន។ វាមិនត្រឹមតែ ផ្ទុកជាតិទឹកច្រើនប៉ុណ្ណោះទេ វាក៏មានផ្ទុក វីតាមីន A វីតាមីន C និងម៉ាញ៉េស្យូមទៀតផង ដែលសារធាតុទាំងនេះ សុទ្ធតែល្អសម្រាប់ស្បែកមុខ។ អ្នកគ្រាន់តែយកត្រសក់ មកកាត់ជាចំនិតស្តើងល្មម រួចយកវាមកបិទ ត្រង់ចំនុចមានស្នាមសន្លាកលើស្បែក។ ៣០ នាទីក្រោយ ប្រមូលយកចំនិតត្រសក់ចេញ រួចលាងសម្អាតជាមួយទឹកប្រជាក់ ជាការស្រេច។ អ្នកអាចអនុវត្ត ជារៀងរាល់ថ្ងៃ តាមចិត្តចង់។

៦. ដំឡូងបារាំង

ជ័រដំឡូងបារាំង មានសម្បូរទៅដោយ ជាតិវីតាមីន និងជាតិរ៉ែ ដែលល្អសម្រាប់ការព្យាបាល និងធ្វើឲ្យសុខភាពស្បែកមុខល្អឡើងវិញ។ អ្នកអាចបំបាត់ស្នាមមុន និងស្លាកស្នាមផ្សេងទៀត បានដោយគ្រាន់តែយកដំឡូងបារាំងមកចិតជាចំនិតស្តើងៗ រួចបិទពីលើផ្ទៃមុខ ត្រង់កន្លែងដែលមានស្នាម (អាចយកដៃទៅម៉ាស្ស៉ាបន្ថែម) បន្ទាប់មកទុកវាចោលប្រហែល កន្លះម៉ោង។ បន្ទាប់ពីនោះ លាងសម្អាតជាមួយនឹង ទឹកក្តៅឧណ្ណៗ។ អនុវត្តន៍វិធីនេះ មួយថ្ងៃម្តង គឺគ្រាប់គ្រាន់ហើយ។ 

៧. ប៉េងប៉ោះ

ជាក់ស្តែង មានមនុស្សតិចតួចណាស់ ដែលដឹងថា ប៉េងប៉ោះអាចជួយកម្ចាត់ស្នាមមុន និងស្នាមសន្លាកលើស្បែកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចយកប៉េងប៉ោះ មកកិនលាយជាមួយនឹងផ្លែប៊ឺ (Avocado) រួចលាយទឹកឃ្មុំចូលបន្តិច។  បន្ទាប់មកយកមកលាបត្រង់កន្លែង ដែលមានស្លាកស្នាមទុកចោលប្រមាណ ១៥នាទី និងលាងទឹកសម្អាតចេញជាការស្រេច។ រូបមន្តនេះមានប្រសិទ្ធភាព គ្រប់ប្រភេទស្នាមសន្លាក។

៨. ស៊ុត ស

ផ្នែកស របស់ស៊ុត មានសមត្ថភាពអាចកម្ចាត់ស្លាកស្នាម បានម្តងបន្តិចៗ រហូតទាល់តែបាត់អស់។ ស៊ុតស ពោរពេញទៅដោយប្រូតេអ៊ីន និងអាស៊ីតអាមីណូ ដែលអាចរឹតបន្តឹងរន្ធញើស និងផ្តល់ភាពភ្លឺថ្លាដល់ស្បែក។ អ្នកគ្រាន់តែបំបែកស៊ុតក្រហមចេញ និងទុកស៊ុតស ក្នុងចានគោមមួយ។ ប្រើម្រាមដៃរបស់អ្នក ទៅជ្រលក់ និងលាបវាពាសពេញផ្ទៃមុខ ជាពិសេសត្រង់កន្លែងមានស្លាកស្នាម។ បន្ទាប់មកទុកឲ្យវាស្ងួត ប្រហែល ២ ទៅ ៣ នាទី និងលាងចេញដោយទឹកក្តៅឧណ្ណៗ។ អ្នកអាចអនុវត្តមួយសប្តាហ៍ ២ ទៅ ៣ ដង។ 

៩. ប្រេងដូង

ប្រេងដូងមានលក្ខណៈពិសេស ក្នុងការព្យាបាលស្បែក ដែលមានមនុស្សជាច្រើន បានដឹងជាយូរណាស់មកហើយ។ អ្នកគ្រាន់តែយកប្រេងដូងឆៅ មកចាក់លើបាតដៃ រួចប្រើម្រាមដៃជ្រលក់ និងធ្វើការម៉ាស្ស៉ាត្រង់កន្លែងមានស្លាកស្នាម។ អ្នកមិនចាំបាច់លាងចេញក៏បាន ព្រោះវីតាមីន និងអាស៊ីតខ្លាញ់ល្អៗ នឹងធ្វើឲ្យស្បែករបស់អ្នកកាន់តែមានសម្រស់ស្រស់ស្អាតឡើងវិញ។ ប៉ុន្តែ ប្រសិនបើអ្នកមិនចង់ទេនោះ អ្នកអាចទុកវាចោលប្រមាណ ៣០ នាទី រួចលាងជាមួយនឹងហ្វូមលាងមុខបែបធម្មជាតិ ជាការស្រេច។

១០. គ្រាប់វីតាមីន E

អ្នកអាចរកទិញ ថ្នាំគ្រាប់វីតាមីន E បាននៅតាមបញ្ជរថ្នាំពេទ្យទាំងឡាយ។ ដំបូង អ្នកគួរតែស្ទីមមុខជាមុនសិន ដើម្បីឲ្យរន្ធញើស របស់អ្នកបើក។ បន្ទាប់មក យកថ្នាំគ្រាប់វីតាមីន E មួយមកកាត់ រួចលាបវាលើស្លាកស្នាមដែលមាន និងធ្វើការម៉ាស្ស៉ាឲ្យបាន ២០ នាទី ហើយលាងទឹកសម្អាតចេញជាការស្រេច។ នេះជារូបមន្ត ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់មុន និងសន្លាក។ អនុវត្តន៍រៀងរាល់ ២ ថ្ងៃ ម្តង អ្នកនឹងឃើញពីប្រសិទ្ធភាព មិនគួរឲ្យជឿរបស់វា ជាមិនខាន៕ 

ប្រភព៖ Beauty Health Tips | Natural Remedy Ideas | Natural Living Ideas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]