មនុស្សមួយចំនួនប្រហែលជាមានភាពងឿងឆ្ងល់ហើយមែនទេថា មានភេសជ្ជៈ ធ្វើឡើងពីគ្រាប់ល្ងខ្មៅដែរ។ ពិតណាស់ក្រៅពីអាចយកវាទៅផ្សំជាមួយបង្អែមនាំឱ្យ មានរសជាតិឈ្ងុញឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយឆ្ងប់គួរឱ្យចង់ទទួលទានហើយ ល្ងខ្មៅនេះវាអាចផ្សំចេញទៅជាភេសជ្ជៈមួយប្រភេទដ៏មានឱជារស ថែមទាំងល្អ ចំពោះសុខភាពទៀតផង។ មិនតែប៉ុណ្ណោះអ្នកក៏អាចធ្វើវាឡើងដោយខ្លួនឯង ដើម្បីធានាអនាម័យ។

ល្ងខ្មៅពោរពេញទៅដោយសារធាតុអាហារដែលល្អចំពោះសុខភាព ថែមទាំងមានជាតិកាល់ស្យូមច្រើនជាងទឹកដោះគោស្រស់ដល់ទៅ៦ដង និងជាប្រភពនៃវីតាមីនជាច្រើនដូចជា វីតាមីន B ដែលល្អចំពោះប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល អាចការពារឆ្អឹងឱ្យរឹងមាំការពារការទល់លាមក និងអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាមផងដែរ។

ទាំងនេះ គឺគ្រាន់តែជាអត្ថប្រយោជន៍ខ្លះៗរបស់ល្ងខ្មៅតែប៉ុណ្ណោះ។ ដូច្នេះអ្នកដែលមានចំណាប់អារម្មណ៍ចង់ទទួលទានទឹកល្ងខ្មៅ អាចមកសាកល្បងធ្វើជាមួយនឹងខ្មែរឡូតទាំងអស់គ្នាដូចតទៅនេះ៖

១. គ្រឿងផ្សំ៖

-គ្រាប់ល្ងខ្មៅ ១00 ក្រាម

-ទឹក ២ កែវ

-និងស្ករស ៤0 ក្រាម។

២. វិធីធ្វើ៖

• ដាក់ល្ងខ្មៅលាយជាមួយទឹកទៅក្នុងម៉ាស៊ីនក្រឡុក រួចហើយក្រឡុកវាបញ្ចូលគ្នា បន្ទាប់មកត្រងយកកាកចេញឱ្យអស់។

• យកទឹកល្ងខ្មៅដែលត្រងបាននេះចាក់ចូលទៅក្នុងឆ្នាំង រួចយកទៅដាំឱ្យពុះ សឹមបន្ថែមស្ករសទៅតាមក្រោយ។ បន្ទាប់មកកូរស្ករឱ្យវារលាយចូលគ្នា និងដាំពុះម្តងទៀត ទើបលើកចេញមកក្រៅ ទទួលទានទាំងនៅក្តៅឧណ្ហៗក៏បាន ឬអាចក្លាស្សេ និងដាក់ទឹកកកចូលបន្តិចមុនពេលទទួលទានក៏បាន។

ឃើញទេថា ភេសជ្ជៈដែលត្រូវបានធ្វើពីគ្រាប់ល្ង១00%នេះគឺគ្រាន់តែផ្សំ ឡើងពីការក្រឡុកវាជាមួយទឹកស្អាត ហើយបន្ទាប់មកដាំឱ្យពុះ ព្រមទាំងមានការបន្ថែមស្ករស ដើម្បីឱ្យមានរសជាតិផ្អែមបន្តិច ហើយក្លិន និងរសជាតិគឺមិនអាក្រក់ដូចជាការគិតពីមុនរបស់អ្នកនោះទេ។

ដូច្នេះទឹកល្ងខ្មៅអាចធ្វើបានងាយៗ ថែមទាំងទទួលបានផលប្រយោជន៍ ជាច្រើនទៀត។ កុំភ្លេចសាកល្បងរូបមន្តភេសជ្ជៈថ្មីនេះដើម្បីទទួលទានជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់មួយកែវក្នុងមួយថ្ងៃគឺជាការល្អប្រសើរណាស់សម្រាប់សុខភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]