ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ Hacker វ័យក្មេងម្នាក់ រស់នៅក្រុង Kollam ប្រទេសឥណ្ឌា បានទទួលប្រាក់រង្វាន់ចំនួន ១៦,០០០ដុល្លារ ពីក្រុមហ៊ុន Facebook បន្ទាប់ពីរូបគេបានរកឃើញចន្លោះប្រហោង នៅក្នុងកូដរបស់ Facebook ដែលអនុញ្ញាតឲ្យ Hacker អាច Hack ចូលបាន។

ក្រុមហ៊ុន Facebook បានចាប់ផ្តើមកម្មវិធីផ្តល់ប្រាក់រង្វាន់នេះចាប់តាំងពីឆ្នាំ២០១១ ទៅដល់នរណាម្នាក់ដែលអាចរកឃើញចន្លោះប្រហោងនៅលើគេហទំព័ររបស់ខ្លួន។ 

លោក Arun S Kumar អាយុ ២០ ឆ្នាំ ជានិស្សិតផ្នែកវិស្វករកុំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង MES នៃទីក្រុង Chathannoor ប្រទេសឥណ្ឌា បានរកឃើញចន្លោះប្រហោងមួយនៅក្នុងកូដរបស់ Facebook ដែលអនុញ្ញាតឲ្យពួក Hacker អាចគ្រប់គ្រងទៅលើគណនី ឬទំព័រ Facebook ដោយចំណាយពេលមិនដល់១០វិនាទីផង។

លោក Arun បាននិយាយថា “នៅពេលដែលពួក Hacker អាចគ្រប់គ្រងទៅលើគណនី ឬទំព័រ Facebook ណាមូយហើយនោះ ការខូចខាតដែលវានឹងនាំមក គឺហួសពីអ្វីដែលយើងអាចស្រមៃបាន” ។ លោកបានរកឃើញចន្លោះប្រហោងនេះ កាលពីថ្ងៃទី២៩ ខែសីហា និងបានរាយការណ៍ទៅកាន់ក្រុមសុវត្តិភាពរបស់ហ្វេសប៊ុក ហើយនៅថ្ងៃបន្ទាប់ក្រុមការងារម្នាក់បានទាក់ទងមកគាត់វិញ ដើម្បីរកវិធីដោះស្រាយចំណុចប្រហោងនេះ។

ក្រុមការងាររបស់ហ្វេសប៊ុក បានជួសជុលកូដរបស់ខ្លួនរួចរាល់នៅថ្ងៃទី៦ ខែកញ្ញា ហើយ៣ថ្ងៃក្រោយមកលោក Arun ក៏បានទទួលសារមួយពីពួកគេ ជូនដំណឹងពីការសម្រេចចិត្តក្នុងការផ្តល់រង្វាន់ដល់លោក Arun ។

Arun S Kumar គេក៏ធ្លាប់រកឃើញនូវចន្លោះប្រហោងស្រដៀងនេះនៅក្នុងប្រព័ន្ធរបស់ Google និង Facebook ម្ដងរួចហើយ កាលពី ៣ ឆ្នាំមុន ហើយបានរង្វាន់ ៤៦,០០០ ដុល្លារ ពីការរកឃើញរបស់លោកទៀតផង៕ 

ប្រភព៖ IndiaTimes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]