អាមេរិក៖ ដូចដែលបានដឹងហើយថាទូរស័ព្ទ iPhone 7 ជំនាន់ថ្មី មានមុខងារធន់នឹងទឹក អ្នកចូលចិត្តថតវីដេអូផ្នែកបច្ចេកវិទ្យាម្នាក់ បានសម្រេចចិត្តធ្វើតេស្តទូរស័ព្ទមួយនេះ ថាតើវាអាចនៅដំណើរការឬទេ បន្ទាប់ដាក់ត្រាំក្នុងកូកាកូឡាហើយយកទៅក្លាសេជាង១៧ម៉ោង។

លោក Taras Maksimuk អ្នកថតវីដេអូនេះឡើង មកពីរដ្ឋកាលីហ្វ័រញ៉ា បានដាក់ទូរស័ព្ទស្មាតហ្វូនចូលទៅក្នុងចានមួយ រួចចាក់បំពេញដោយកូកាកូឡា មុនពេលយកវាទៅដាក់ក្លាហ្សេក្នុងទូទឹកកក រយៈពេល១២ម៉ោង ប៉ុន្តែនៅក្នុងវីដេអូបង្ហាញថា គាត់បានទុកវាចោលដល់ទៅ១៧ម៉ោង មុនពេលយកវាមកវាយបំបែកចេញពីដុំកូកាកូឡាដែលកក។

ក្រោយពីយកចេញពីទូទឹកកក លោក Maksimuk បានយកញញួរមកវាយបំបែកដុំទឹកកក ដើម្បីយកទូរស័ព្ទ iPhone 7 ចេញមកវិញ ហើយទូរស័ព្ទមួយនេះវានៅតែដំណើរការជាធម្មតា។

តែទោះជាយ៉ាងណាទូរស័ព្ទ iPhone 7 មួយនេះ ហាក់ដំណើរការរៀងយឺតជាងទូរស័ព្ទធម្មតា ហើយថ្មបានធ្លាក់ចុះពី៩៧ភាគរយ មកនៅត្រឹមតែ១៨ភាគរយប៉ុណ្ណោះ។ បន្ទាប់មក Maksimuk បានធ្វើការប្រៀបធៀបគុណភាពសំឡេងនៅលើទូរស័ព្ទ iPhone 7 ជាមួយនឹងទូរស័ព្ទ iPhone មួយផ្សេងទៀត ហើយរកឃើញថា ទូរស័ព្ទ iPhone ដែលមិនបានដាក់ក្លាហ្សេឮសំឡេងខ្លាំងជាង។

លោក Maksimuk បានកត់សម្គាល់ឃើញថា នៅពេលចុចបិទអេក្រង់ទូរស័ព្ទ លោកឃើញមានរង្វង់ពណ៌ត្នោតជាច្រើននៅលើផ្ទៃអេក្រង់ លោកគិតថា ប្រហែលជាកូកាកូឡាមួយចំនួនជ្រាបចូលទៅក្នុងទូរស័ព្ទហើយ។

គួរបញ្ជាក់ថា ទូរស័ព្ទ iPhone 7 ជំនាន់ថ្មី ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ហើយក្រោយការដាក់លក់ ទូរស័ព្ទស្មាតហ្វូនមួយនេះបានក្លាយជាមុខសញ្ញាដ៏ធំ ក្នុងការធ្វើតេស្តពីសមត្ថភាពរបស់វា៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]