រាជធានីភ្នំពេញ ៖រថយន្តកាមរីស៊េរីទំនើប​មួយគ្រឿង ពណ៌ទឹកប្រាក់ បើកបរដោយយុវ​ជន​ស្ទាវ ហើយប្រណាំងជាមួយរថយន្តកូរ៉ូឡា និង​ចាក់កួរចុះឡើង​ៗ​បានជ្រុលទៅបុកដើមគគីរមុខ​ នាឡិកាវត្តភ្នំកាលពីវេលាម៉ោង០១រំលង​អធ្រាត្រឈាន​ចូលថ្ងៃទី២៧ កុម្ភៈ ២០១២។ នៅ​ក្នុង​​ហេតុ​ការណ៍​នេះមិនមានស្លាប់ ឬរបួស​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែរថយន្តកាមរីស៊េរីទំនើប​ដែល​បើក​បរ ដោយយុវជនស្ទាវរងការខូចខាត​ធ្ងន់ និង​របើកបង្គោលថ្ម​មួយ​ដើម ។

មន្រ្តីកងរាជអាវុធហត្ថមួយរូបដែលឃើញ​ហេតុការណ៍និយាយថា នៅវេលាម៉ោងខាង​លើ​មានរថយន្តមួយគ្រឿងម៉ាកកាមរីស៊េរីទំនើប​ បានបើកប្រណាំងគ្នាជាមួយនឹងរថយន្តកូរ៉ូឡា​ លើកំណាត់មហាវិថីព្រះនរោត្តមពីទិសខាងត្បូង​ ទៅជើងមើលទៅដូចក្នុងរឿងវីដេអូហុងកុង​អញ្ចឹង។ នៅពេលប្រណាំងគ្នានោះរថយន្តកាមរី​បើកពីមុខ ហើយរថយន្តកូរ៉ូឡាដេញតាមពី​ក្រោយ​យ៉ាង​ប្រកិតហាក់ដូចជាមិនខ្វល់​គ្រោះ​ថ្នាក់ ​ដល់ជីវិត​របស់ខ្លួន និងអ្នកធ្វើដំណើរតាម​ដង​វិថីនោះទេ ។ លុះមកដល់ផ្លូវបំបែកជា​ពីរ​មុខ​នាឡិកាវត្តភ្នំ រថយន្តកាមរីបានបើកចាក់កួរតែ​ទំនង​ជាអ្នកបើក​ស្រវឹងធ្លាក់ភ្នែកក៏ជ្រុលចង្កូត ​ឡើង​លើចិញ្ចើមផ្លូវ​បុកបង្គោលថ្ម និងបុក​ដើម​គគីរ​កៀបជាប់ទៅ​​មុខ​​លែងរួច។ ភ្លាមៗនោះគេ​ឃើញ​យុវជន​ស្ទាវ​ម្នាក់ដែលជាអ្នកបើករថយន្ត​កាមរី បានបើក​ទ្វារថយន្តចេញមកខាងក្រៅគ្មាន​រង​របួស​អ្វី​ឡើយ​ ហើយ​រត់ឡើងជិះរថយន្ត​កូរ៉ូឡា​ជាដៃគូប្រណាំងរបស់​ខ្លួនបើកមួយជុំវត្តភ្នំ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីសអ៊ែរអ៊ិច៣០០​មួយគ្រឿងទៀត នៅក្បែរចំណុចកើតហេតុខាង​លើ។

មន្រ្តីកងរាជអាវុធហត្ថដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍យុវជនស្ទាវបើករថយន្តប្រណាំង​ គ្នានេះវិះតែនឹងបុកមន្រ្តីកងរាជអាវុធហត្ថខណ្ឌ​ ដូនពេញម្នាក់ដែលកំពុងជិះម៉ូតូល្បាតនៅ​ក្បែរ​ចំណុចខាងលើ។ តាមការឲ្យដឹងពីមិត្តភក្តិម្ចាស់​រថយន្តកាមរីបង្កហេតុឲ្យដឹងថា មុនពេលកើត​ហេតុពួកគេបានជួបជុំគ្នាផឹកស៊ីនៅហាង​ខារ៉ា​ អូខេមួយម្តុំវិទ្យាល័យព្រះស៊ីសុវត្ថិស្ថិតក្នុងសង្កាត់​ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីកើតហេតុ​រថយន្តបង្កត្រូវកម្លាំងនគរបាលការិយាល័យចរា​ ចរណ៍ផ្លូវគោកស្ទូចយកទៅទុកនៅសាលារាជ​ធានីភ្នំពេញ ហើយម្ចាស់រថយន្តជាប្រភេទក្មេង​សា្ទវ​នោះជួបសំណាងល្អមិនត្រូវបានគេឃាត់ខ្លួន​ ឡើយ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]