រាជធានី​ភ្នំពេញ ៖ ដោយ​មាន​ជំនឿ​ថា អំឡុង​ពេល​នេះ​បទ​ចម្រៀង​មិន​ចម្លង​ពី​បរទេស​កាន់តែ​មានការ​គាំទ្រ​ពី​មហាជន​ខ្លាំង​ឡើង​នោះ លោក​ម៉ា ច័ន្ទ​បញ្ញា ជា​អ្នកចម្រៀង​និង​ជា​អ្នកនិពន្ធ​វ័យក្មេង រំពឹង​ថា​យ៉ាង​យូរ​៤​ទៅ​៥​ឆ្នាំ​ទៀត​បទ​ចម្រៀង​ខ្មែរ​នឹង​ល្បី​ដូច​បរទេស ពិសេស​លេង​ចម្លង​ពី​បរទេស ។

ដោយ​ការ​ជឿជាក់​ចំពោះ​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​តាម​គេ​នោះ លោក​ម៉ា ច័ន្ទ​បញ្ញា លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ខ្មែរ​អាច​នឹង​បំបាត់​ការ​លួច​ចម្លង​ស្នាដៃ​ពី​បរទេស​បាន​ក្នុង​អំឡុង​៥​ឆ្នាំ​ខាង​មុខ បើ​សន្ទុះ​នៃ​ការ​គាំទ្រ​កាន់តែ​ច្រើន​ស្រប​ពេល​ដែល​អ្នកនិពន្ធ​មាន​ឆន្ទៈ​ក្នុង​ការ​និពន្ធ​បទ​ថ្មី ។ ការ​អះអាង​បែប​នេះ​ក្រោយ​ពី​ឃើញ​បទ​ចម្រៀង​និពន្ធ​ដោយ​អ្នកនិពន្ធ​វ័យក្មេង​មួយ​ចំនួន​ទទួល​បានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ។

លោក​ម៉ា ច​ន្ទ័​បញ្ញា ជា​អ្នកចម្រៀង​ផ្ដោត​លើ​បទ​និពន្ធ​ថ្មី​និយាយ​ថា «​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ​បទ​ចម្រៀង​និពន្ធ​ថ្មី​មានការ​ពេញ​និយម​ខ្លាំង ហើយ​ខ្ញុំ​រំពឹង​ថា​រយៈពេល​៥​ឆ្នាំ​ទៀត​បទ​ចម្រៀង​ថ្មី​របស់​កម្ពុជា​អាច​ធ្វើ​បាន​ដើម្បី​ប្រកួតប្រជែង​និង​ចេញ​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន ។ ការ​និពន្ធ​បទ​ចម្រៀង​ថ្មី​ប្រៀប​បាន​ទៅ​នឹង​ការ​ទុក​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែល​មិន​ខុស​ពី​តារាចម្រៀង​ជើង​ចាស់​ក្នុង​ទសវត្សរ៍​ទី​៦០​និង​៧០​ទេ ដែល​ពួក​គាត់​បាន​បន្សល់​ទុក​បទ​ចម្រៀង ល្អ​ៗ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ ដូច្នេះ​ខ្ញុំ​ស្នើ​អ្នកនិពន្ធ​បង្កើត​ស្នាដៃ​និពន្ធ​ថ្មី​ប្រកបដោយ​គុណភាព និង​បរិមាណ​ឲ្យ​កាន់តែ​ច្រើន​ឡើង ។ ដោយសារ​បច្ចេកវិទ្យា​មានការ​ជឿនលឿន​ច្រើន ទើប​បទ​ចម្រៀង​ថ្មី​កាន់តែ​មាន​សន្ទុះ និង​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ចង់បាន​អ្វី​ដែល​ថ្មី ។ ខ្ញុំ​ក៏​ស្នើ​ឲ្យ​អ្នក​វិនិយោគ​លើ​ផ្នែក​ផលិត​បទ​ចម្រៀង និង​ផ្នែក ផ្សេង​ៗ​ទៀត​ជួយ​គាំទ្រ​លើក​ស្ទួយ​ស្នាដៃ​សិល្បៈ​ដែល​ជា​ស្នាដៃ​ថ្មី​កើតឡើង​ដោយ​កូន​ខ្មែរ​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ក្នុង​ការ​បង្កើត​បទ​ចម្រៀង​ថ្មី » ។

ថ្មី​ៗ​កន្លង​មក​លោក​ម៉ា ច័ន្ទ​បញ្ញា​ទើប​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ចូលរួម​កម្មវិធី YES Academy ASEAN ដែល​រៀបចំ​ដោយ​ស្ថានទូត​អា​មេ​រិ​ក ។ លោក​បញ្ញា​ត្រូវ​ស្ថាន​ទូត​អា​មេ​រិ​ក​ជ្រើសរើស​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​នោះ​ក្នុង​នាម​ជា​តំណាង​កម្ពុជា ក្នុង​នាម​ជា​អ្នកចម្រៀង និង​និពន្ធ​ទំនុកច្រៀង​។​ម្ចាស់​បទ «​ម្ចាស់​គ្រង​សុបិន​ស្នេហ៍​» លោក​បញ្ញា​ឱ្យ​ដឹង​ថា​៖ កម្មវិធី YES Academy ASEAN គឺជា​កម្មវិធី​មួយ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​សិល្បៈ ជា​ពិសេស​គឺ​ផ្ដោត​ទៅ​លើ​សិល្បៈ​តន្ត្រី​តែ​ម្ដង ។ កម្មវិធី​សិល្បៈ​នេះ​រៀបចំ​ដោយ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​គោលបំណង​ឲ្យ​ប្រទេស​អាស៊ាន​ទាំងអស់​បាន​ឈ្វេងយល់ និង​សិក្សា​ពី​សិល្បៈ​តន្ត្រី​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងមូល ។

លោក​ម៉ា ច​ន្ទ័​បញ្ញា និយាយ​ថា «​ការ​ចេញ​ទៅ​លើក​នេះ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន សិក្សា​បាន​ច្រើន​អំពី​ការ​តែង​និពន្ធ ក៏​ដូច​ជា​បង្ហាញ​នូវ​អ្វី​ដែល​ជា​សិល្បៈ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​ឲ្យ​គេ​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​ភាព​ស្រស់​ស្អាត និង​រស់​រវើក​របស់​សិល្បៈ​ខ្មែរ​ផង​ដែរ​» ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន អតីតបេក្ខជន ដែលធ្លាក់ចេញពីកម្មវិធី «Cambodian idol» សប្តាហ៍ទី៧ លោក អ៊ាម វន្នី មានដើមកំណើតពីខេត្ដបាត់ដំបងរូបនេះ បានបង្ហោះវីដេអូខ្លីមួយ បន្ទាប់ពីមានអត្ថបទព័ត៌មានចេញផ្សាយ រឿងពិធីករក្នុងប្រទេសថៃ និយាយទាក់ទងនឹង TheVoiceCambodia កាលពីមួយរយៈកន្លងទៅ។

នេះបើតាមវីដេអូ ដែលមានរយៈពេល ជាង៦នាទី បានបង្ហាញយ៉ាងច្បាស់ពី រូបភាពលោក អ៊ាម វន្នី ដែលអង្គុយនៅក្នុងរថយន្ដ ហើយធ្វើការរៀបរាប់ពីរឿងមួយចំនួន ក្រោយពីមានវេបសាយក្នុងស្រុកមួយ ចុះផ្សាយទាក់ទងនឹងប្រធានបទ ការយកបទថៃមកប្រលងក្នុងកម្មវិធី ‪#‎TheVoiceCambodia ដែលធ្វើឲ្យប្រជាជនស្រុកគេ មានមោទនភាព ។

នៅក្នុងនោះ លោក អ៊ាម វន្នី បាននិយាយពី មូលហេតុមួយចំនួនដែលខ្លួនមិនចង់ច្រៀងបទ ចម្លងពីបរទេស ដូចជា កាលពីតីតកាលលោកធ្លាប់ ធ្វើជាពលករធ្វើការនៅក្នុងប្រទេសថៃ ហើយអ្នកស្រុកនៅទីនោះ តែងតែសួរគាត់ថា ហេតុអ្វីក៏ខ្មែរយកបទចម្រៀងរបស់ប្រទេសគេមកច្រៀង តើស្រុកខ្មែរមិនមានបទថ្មីទេ? ....... យ៉ាងណាមិញ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក លោក អ៊ាម វន្នី ផ្ទាល់៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា