ម៉ិចស៊ិក ៖ វាជារឿងដ៏គួរឲ្យរន្ធត់មួយផងដែរ បន្ទាប់ពីក្មេងស្រីអសមត្ថភាព ឬពិការម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ ចាប់បោចសក់វាយធ្វើបាបយ៉ាងដំណំ អូសកាត់តាមដងផ្លូវ ស្ថិតក្នុងរូបភាពគួរឲ្យ អាណោចអាធ័មជាទីបំផុត បន្ទាប់ពីក្មេងស្រីជំទង់រូបនេះ រឹងរូសមិនត្រឡប់ទៅផ្ទះវិញ។

វីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីត្រូវបានបែកធ្លាយ បង្ហោះជាសាធារណៈលើប្រព័ន្ធអីុនធឺណែត ដែលបង្ហាញពីសកម្មភាព របស់ស្រ្តីជាម្តាយចិត្តដ៏សែនឃោរឃៅម្នាក់ បានវាយធ្វើបាបកូនស្រីដែលពិការ ខណៈប្រើដៃទាំងទ្វេរបស់ខ្លួន ចាប់បោចសក់អូសនៅនឹងដីយ៉ាងដំណំ។

បើតាមប្រភពសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា ស្រ្តីជាម្តាយមិនស្គាល់អត្តសញ្ញាណរូបនោះ បានមកនាំយកកូនស្រីពិការរបស់ខ្លួន ដែលស្នាក់នៅមណ្ឌលសេវាសង្គម (មណ្ឌលមើលថែទាំកុមារតូចៗ និងក្មេងជំទង់) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Ruiz ភាគខាងលិចនៃប្រទេសម៉ិចស៊ិក ប៉ុន្តែជាអកុសលត្រូវបានក្មេងស្រីរូបនោះ បដិសេធនិងម្តាយរបស់នាង ដោយមិនព្រមវិលត្រឡប់ទៅផ្ទះវិញនោះទេ។ ជាហេតុធ្វើឲ្យស្រ្តីជាម្តាយរូបនេះ ខឹងតូងតែម្តង រួចក៏ស្រវ៉ាចាប់បោចសក់អូសទីណាត់ទីណែង កាត់តាមដងផ្លូវហុយដីទ្រលោម បង្កជាភាពភ្ញាក់ផ្អើលតែម្តង។

ក្នុងនោះតាមរយៈខ្សែវីដេអូឃ្លីប គេឃើញថាស្រ្តី២នាក់ ដែលស្ថិតក្នុងហេតុការណ៍នោះ មិនព្រមចូលជួយទេ តែបែរជានាំគ្នាកាន់កាម៉េរាថតទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេអាចលឺសូរសម្លេងពួកគេទាំងពីរ បានទទូចសុំឲ្យស្រ្តីជាម្តាយចិត្តព្រៃផ្សៃរូបនោះ បញ្ឈប់សកម្មភាពមិនគួរគួប្បី ទៅលើកូនស្រីរបស់ខ្លួនផងដែរ។ ស្រ្តីម្នាក់និយាយថា «មើល៎ចុះ! គាត់វាយធ្វើបាបកូនស្រីខ្លួនឯង ដូចសត្វធាតុចឹង (ឆ្កែ)» ។ ភ្លាមនោះស្រ្តីម្នាក់ទៀតបន្ទរថា «ក្រោកឡើងតិចទៅ! មិនចឹងទេ ម៉ាក់ហែងនឹងអូសហែង ទាល់តែដល់ផ្ទះហ្នឹង ចាំមើល៎ទៅ!»

តាមរយៈវីដេអូឃ្លីបនេះ ទៀតសោត គេឃើញទៀតថា លុះដល់ចំណុចមួយ ស្រាប់តែស្រ្តីជាម្តាយរូបនោះ ក៏បានឈប់បន្តិច ដើម្បីដកដង្ហើមធំ ដោយសារតែហត់ខ្លាំងពេក រួចក៏បន្តអូសកូនស្រីរបស់គាត់ ទាំងទីណាត់ទីណែង បន្តទៀតផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នជុំវិញករណីនេះដែរ គេមិនទាន់ដឹងថា រឿងរ៉ាវមួយនេះនឹងក្លាយទៅជាយ៉ាងណានោះទេ ខណៈប៉ូលិសក៏កំពុងតែធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យមើល ទៅលើវីដេអូឃ្លីបនេះផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]