ថៃ៖ ចាំមិនបានទេថា រូបរាងធាត់កាម៉ាប់ៗ សាច់ពេញៗហៀរថ្ពាល់របស់តារាស្រីស្អាត គឺនាង Kimberley លើចុងក្រោយនៅពេលណា? តែដល់ពេលបានមកឃើញនាង ម្តងទៀតគឺមានភាពប្រែប្រួលយ៉ាងខ្លាំង ព្រោះនាងបានបាត់បង់ទម្ងន់ជាង ២0គីឡូក្រាមឯណោះ។ ពិតជាមិនចង់ជឿទេថានាងអាចធ្វើបានក្នុងរយៈពេលខ្លី! នេះមិនមែនជារឿងលេងៗធម្មតាទេ ផ្ទុយទៅវិញវាពិតជាបានធ្វើឱ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើបែបនេះឆ្ងល់ណាស់ថា តើស្រីស្អាតម្នាក់នេះមាន គន្លឹះសម្ងាត់អ្វីទៅហ្ន៎?

ចង់ដឹងគន្លឹះសំខាន់នៅក្នុងការសម្រកទម្ងន់របស់ Kimberley មានតែទៅតាមដានជាមួយ Khmerload ទាំងអស់គ្នា៖

បើអ្នកឧស្សាហ៍តាមដាននៅលើ Instagram របស់កញ្ញារូបនេះទៀងទាត់ នោះនឹងមើលឃើញថា យុវតីក្មេងស្រស់ដូចជា Kimberley មិនបានតមការបរិភោគរបៀបណាស់ណា គ្រប់ពេលវេលាពេកនោះទេ។ ស្ទើរគ្រប់ពេលនាងតែងទទួលទាននំ បង្អែម ជាធម្មតាមិនសូវដាច់។ ប៉ុន្តែការកាត់បន្ថយទម្ងន់នៅតែជារឿងងាយស្រួលសម្រាប់នាង ព្រោះនាងស្គាល់ពីរបៀបសម្របសម្រួលក្នុងការសម្រកទម្ងន់របស់ខ្លួន នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបានយ៉ាងរលូនល្អដូចតទៅនេះ៖

១. ចាប់ផ្តើមពីការហាត់ប្រាណ៖ នាង Kimberley មានជម្រើសជាច្រើនខុសៗគ្នា ជាមួយនឹងរបៀបហាត់ប្រាណរបស់នាងមិនថាជា យោគៈ (យូហ្គា) ការប្រដាល់ ការរត់ប្រណាំង លើកអាលទែ បោះដុំដែក ឬសូម្បីតែការហែលទឹកជាដើម។ ទាំងអស់នេះវាធ្វើឱ្យនាងអាចបំបាត់ភាពតានតឹង មិនធុញថប់ ថែមទាំងអាច ដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយបានយ៉ាងល្អប្រសើរជាងអ្វីៗទាំងអស់។

២. របបអាហារ៖ Kimberly បានជ្រើសយកក្រុមអាហារដែលមានប្រយោជន៍បំផុត សម្រាប់សុខភាពរបស់ខ្លួនច្រើនជាងអាហារដែលសម្បូរពោពេញទៅដោយជាតិខ្លាញ់ បង្កឱ្យធាត់។ គេតែងតែមើលឃើញថា ជាទូទៅនាងមិនដែលបោះបង់ចោលការញ៉ាំ នំផ្អែមផ្សេងៗ ឬបង្អែមមួយមុខណាទេ គឺតែងមានជាប្រចាំ។ ប៉ុន្តែវាបានភ្ជាប់មក ជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីដុតបំផ្លាញជាតិស្ករទាំងនោះចេញផងដែរ ព្រមទាំងមានការទទួលបរិភោគខ្លាញ់ល្អពីត្រីដូចជានៅក្នុងអាហារជប៉ុននានា។

ហេតុនេះបណ្តាលឱ្យរាងកាយអាចទទួលបានទទួលនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងសុខភាពផ្លូវចិត្តក៏ល្អ ដោយបានបរិភោគអាហារឆ្ងាញ់ៗ មិនចាំបាច់ស្រេកឃ្លាន បង្អត់អាហារ ដូចជាការធ្វើទារុណកម្មដល់ខ្លួនឯងនោះទេ។

៣. បន្លែ និងផ្លែឈើ៖ អាហារទាំង២មុខនេះមិនអាចខ្វះខាតបានឡើយសម្រាប់ ស្រីស្អាត Kimberly។ នាងបានបរិភោគវាជាទៀងទាត់ គឺស្ទើរតែរួមបញ្ចូលជាមួយ អាហារគ្រប់ពេលប្រចាំថ្ងៃសុទ្ធតែមានបន្លែ និងផ្លែឈើជានិច្ចមិនអាចខានបាន។ នេះក៏ព្រោះតែនឹងបន្ថែមវីតាមីននិងជាតិសរសៃទៅកាន់រាងកាយ ជួយឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការបានល្អប្រសើរជាងមុន និងថែមទាំងផ្តល់ឱ្យស្បែកសស្អាត មានពន្លឺស្រស់ថ្លាផងដែរ។

សរុបមកទាំង៣ចំណុចនេះ គឺជាគន្លឹះមួយដ៏ល្អពីតារាស្រីនាង Kimberly សម្រាប់ចែករំលែកដល់យុវវ័យទាំងអស់គ្នាដែលចង់បានរូបរាងស្លីមស្អាតដូចជានាង សូមកុំមើលរំលងណា ចាប់ផ្តើមអនុវត្តសាកម្តងមើល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]