ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមានភាពមមាញឹកទៅនឹងការងារមិនឈប់ ឬមានបញ្ហាស្មុគស្មាញដោះស្រាយមិនចេញ ហើយឧស្សាហ៍មានអាការឈឺក្បាល ញឹកញាប់ និងចង់រកវិធីព្យាបាលដោយមិនចង់ប្រើថ្នាំពេទ្យ គួរងាកមកទទួលទាន អាហារធម្មជាតិប៉ុន្មានយ៉ាងនេះសាកមើល ព្រោះវាអាចជួយថែរក្សាខួរក្បាល បន្ថយការឈឺក្បាលបានទាន់ចិត្ត។ អាហារទាំងអស់នោះមានដូចជា៖

១. ត្រីសមុទ្រ៖ ប្រភេទដូចជាពពួកត្រីសាល់ម៉ុងជាដើម សុទ្ធតែមានប្រូតេអ៊ីនខ្ពស់ ដែលអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងរាងកាយ និងខួរក្បាលឱ្យនៅថេរ។ អ្នកដឹងទេ? នៅពេលដែលកម្រិតជាតិស្ករឡើងខ្លាំងក៏អាចបណ្តាលឱ្យអ្នកឈឺក្បាលផងដែរ ដូច្នេះប្រសិនបើទទួលទានអាហារមានលាយជាមួយប្រភេទត្រីសមុទ្រនោះ អាការឈឺចុកចាប់នៅក្នុងក្បាលនឹត្រូវបានកាត់បន្ថយ។ ក្រៅពីនេះអ្នកក៏បានទទួល ទាំងអាស៊ីតខ្លាញ់ Omega-3 ដើម្បីជួយកាត់បន្ថយការរលាក និងការឈឺចាប់នានា បានទៀតផង។

២. ផ្លែចេក៖ ជាអាហារដែលងាយស្រួលរកជាទីបំផុតព្រោះមានលក់នៅគ្រប់ទីកន្លែង ហើយតម្លៃក៏ថោកសមរម្យ។ ចេកគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមដ៏ល្អ សម្រាប់ខួរក្បាល និង រាងកាយជាច្រើនផ្នែកទៀត។ វារួមមានទាំងវីតាមីនA វីតាមីនB វីតាមីនC ប៉ូតាស្យូម និងសារធាតុរ៉ែសំខាន់ៗ ដែលជួយរក្សាតុល្យភាពសារធាតុរ៉ែ ខួរក្បាល និងរាងកាយ។ ការសិក្សាបានរកឃើញថា ផ្លែចេកជួយកាត់បន្ថយ ភាពតានតឹង និងនាំឱ្យអារម្មណ៍រីករាយស្រស់ថ្លាបានយ៉ាងប្រសើរ។ ដូច្នេះបើឈឺក្បាលខ្លាំងគួរទទួលទានផ្លែចេកឱ្យបានច្រើន។

៣. ខ្ញី៖ ជាឱសថពូកែសក្តិសិទ្ធ អាចយកមកបរិភោគឆៅ ចម្អិនឱ្យឆ្អិនធ្វើជាអាហារ ឬធ្វើជាភេសជ្ជៈក៏បានតាមតម្រូវការ។ ខ្ញីអាចជួយឈាមសព្វទីកន្លែងរត់ស្រួល គ្មានភាពរអាក់រអួល និងជួយកាត់បន្ថយអាការៈឈឺក្បាលបានយ៉ាងមាន ប្រសិទ្ធភាព ជាពិសេសគឺដោយសារក្លិនរបស់វា។

៤. បន្លែបៃតង៖ ពិតណាស់វាជាអាហារដែលមានជាតិសរសៃខ្ពស់។ បន្លែបៃតង គ្រប់ប្រភេទ ពេលអ្នកទទួលទានចូលទៅ ក្រៅពីអាចជួយឱ្យអ្នកបញ្ចេញ កាកសំណល់មកបានល្អហើយ វាថែមទាំងផ្ទុកក្លរ៉ូហ្វីលដែលអាចឱ្យខួរក្បាល អាចស្រូបយកអុកស៊ីសែនចិញ្ចឹមកោសិកាក្នុងខួរក្បាល និងកម្ចាត់ជាតិពុលបាន យ៉ាងល្អទៀតផង។ ដូច្នេះរាល់ការឈឺចាប់ទាំងឡាយនឹងត្រូវបានកាត់បន្ថយ គ្មានសល់ជាមួយនឹងបន្លែធម្មជាតិពណ៌បៃតង។

៥. គ្រាប់ធញ្ញជាតិ៖ ពពួកគ្រាប់ធម្មជាតិគ្រប់ប្រភេទ គ្រប់ពណ៌ ដូចជា សណ្តែក ល្ង អង្ករសំរូប ស្រូវសាលីជាដើម មួយក្រុមនេះគឺមានផ្ទុកវីតាមីនBច្រើនបំផុត និងក្រុមវីតាមីនផ្សេងៗទៀត ដែលអាចជួយបញ្ជូនសញ្ញាទៅកាន់សរសៃប្រសាទ បង្កើនការចងចាំបំបាត់ការឈឺចុកចាប់របស់ខួរក្បាល និងរាងកាយឱ្យដំណើរការល្អប្រសើរជាងមុន។

៦. ពោត៖ ដោយសារតែពោតជាអាហារប្រភេទម្ស៉ៅ ដែលពោពេញទៅដោយ វីតាមីនB3ខ្ពស់ ធ្វើឱ្យវារួមចំណែកជួយដល់លំហូរឈាមទៅកាន់ខួរក្បាល កាត់បន្ថយភាពតានតឹងតាមសាច់ដុំខួរក្បាល និងបានធ្វើឱ្យខួរក្បាលមានដំណើរការ ល្អប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]