ទីបំផុតម្ចាស់ផ្ទះប្រ៊ុយណេ ដែលគ្មានប្រវត្តិឈ្នះ កម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុង៥ប្រកួតសូម្បី តែក្នុងទឹកដីនោះ បានយកឈ្នះកម្ពុជា ៣-២ នៃពានរង្វាន់យុវជន អាយុក្រោម២១ឆ្នាំ នៃតំបន់អាស៊ីអាគ្នេយ៍ (Hassanal Bolkiah Trophy) ឆ្នាំ ២០១២។

ការប្រកួតក្នុងតង់ទី១ ក្រុមទាំងពីរនេះមានគ្រាប់បាល់១ស្មើ ដោយកម្ពុជាបានធ្វើការនាំមុខ ១គ្រាប់មុន នៅនាទីទី៦ ដោយ ការស៊ុតបាល់ពិន័យ១១ម៉ែត្រ (Penalty) របស់ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម តែនៅនាទីទី៤១ ប៊្រុយណេ តាមបាន ស្មើវិញ ដោយខ្សែបម្រើប្រធានក្រុមមានបទពិសោធន៍នៅស៊ីហ្គេមឆ្នាំ២០១១ Najib bin Hj Tarif។

លុះចូលដល់តង់ទី២ ក្រោយពីការសម្រាក នៅនាទីទី ៧៨ ប៊្រុយណេ បាននាំមុខកម្ពុជា២-១វិញ តែកម្ពុជាតាមស្មើ ២-២ នៅនាទីទី៨៥ ដោយកីឡាករ ចាន់ វឌ្ឍនាកា។ លុះចុងម៉ោងពោលនៅនាទីទី ៩០+ ទៅហើយ កម្ពុជាបានរបូតគ្រាប់ បាល់១គ្រាប់ទៀត និងបន្សល់ទុកលទ្ធផល ៣-២ ក្រោយពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ នៃការប្រកួត។

សម្រាប់ឯលទ្ធផល១គូទៀតក្នុងពូលB ដដែល ក្រុមជម្រើសជាតិម៉ាឡេស៊ី ០ស្មើ ជាមួយនឹងក្រុមជម្រើសជាតិ វៀត ណាម និងទទួលបានម្នាក់១ពិន្ទុដូចគ្នា ខណៈដែលកម្ពុជាមានពិន្ទុ០ និងប្រ៊ុយណេបាន៣ពិន្ទុ បន្ទាប់ពីឈ្នះកម្ពុជា។

សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជាម្ចាស់ជើងឯកដំបូងគេឆ្នាំ២០០២ ពានរង្វាន់យុវជនអាយុក្រោម២១ឆ្នាំ នៃតំបន់អាស៊ី អាគ្នេយ៍ ក្រោយពីទម្លាក់ថៃ  ដោយលទ្ធផលបច្ចេកទេស ២ ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលមានប្រ៊ុយណេ ជាម្ចាស់ ផ្ទះនោះ ហើយឆ្នាំ២០០៥ និង២០០៧ ថៃជាម្ចាស់ជើងឯក២ជំនាន់ ដោយឆ្នាំ២០០៥ ទម្លាក់មីយ៉ាន់ម៉ា ៣-០ និងឆ្នាំ ២០០៧ ទម្លាក់មីយ៉ាន់ម៉ាដដែល៥-៤ ដោយបាល់ពិន័យ១១ម៉ែត្រ ហើយកម្ពុជាក៏ធ្លាប់បានឡើងដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រផងដែរក្នុងឆ្នាំ២០០៧៕

សម្រាប់ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ នេះ នឹងមាន២ប្រកួតទៀតក្នុងពូល A ដោយឥណ្ឌូនេស៊ី ប៉ះជាមួយសិង្ហបុរី និងឡាវ ប៉ះជាមួយហ្វីលីពីន៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា