អាមេរិក៖ កាលពីថ្ងៃទី១១ ខែកញ្ញា ម្សិលមិញ  លោកស្រី Hilary Clinton បានទន់ជង្គង់ដួល បន្ទាប់ពីចូលរួមក្នុងកម្មវិធីរំលឹកខួប នៃសោកនាដកម្ម ១១/កញ្ញា ដែលអគារភ្លោះពាណិជ្ជកម្មក្នុងទីក្រុងញ៉ូវយកត្រូវបានបំផ្លាញ ដោយសារយន្តហោះជិះបុក កាលពី១៥ឆ្នាំមុន បណ្តាលឲ្យមនុស្សជិត ៣ពាន់នាក់ ស្លាប់បាត់បង់ជីវិត ។

យោងតាមប្រភពបានឲ្យដឹងថា លោកស្រី Hilary Clinton មួយរយៈពេលចុងក្រោយនេះ មានបញ្ហាសុខភាពច្រើន ក្នុងនោះក៏មានជម្ងឺរលាកសួតផងដែរ។  ប្រភពបានបន្តទៀតថា បច្ចុប្បន្ននេះ លោកស្រី កំពុងទទួលបានការព្យាបាល និងថ្នាំពេទ្យ ផងដែរ។

ថ្វីត្បិតលោកស្រីមានជម្ងឺពិតមែនក្តី ក៏ម្សិលមិញនេះ លោកស្រីនៅតែបង្ហាញវត្តមានចូលរួមក្នុងកម្មវីធីរំលឹកខួបនេះដែរ ហើយក្នុងនោះ គេក៏សង្កេតឃើញវត្តមាន លោកប្រធានាធិបតី Barack Obama ចូលរូមកម្មវិធីនោះផងដែរ។

បន្ទាប់ពីលោកស្រី Hilary វ័យ៦៩ឆ្នាំ បានទន់ជង្គង់ដួល ភ្លាមៗនោះលោកស្រីត្រូវបានក្រុមការងារ ក៏ដូចជាបុគ្គលិករបស់លោកស្រី គា្រចូលក្នុងរថយន្ត ដើម្បីបញ្ជូនទៅផ្ទះរបស់កូនស្រីគាត់ Chelsea Clinton ដើម្បីទទួលបានការមើលថែ និងព្យាបាលផងដែរ។

ចំនែកឯគ្រូពេទ្យរបស់លោកស្រីវិញ បានបង្ហើបប្រាប់ថា លោកស្រីធ្លាប់បានធ្វើការត្រួតពិនិត្យសុខភាពម្តងហើយ កាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយសារតែលោកស្រី មានអាការៈក្អក ហើយជាលទ្ធផលនោះបានបញ្ជាក់ប្រាប់ថា លោកស្រីមានជម្ងឺរលាកសួត។

យោងតាមសម្តីរបស់គ្រូពេទ្យ របស់លោកស្រី Hilary ឈ្មោះថា Lisa Bardack បានអះអាងថា «សព្វថ្ងៃលោកស្រីកំពុងទទួលទានថ្នាំពេទ្យ ដើម្បីព្យាបាលជម្ងឺ ហើយចំពោះមូលហេតុដែលលោកស្រីទន់ជង្គង់ ដួលក្នុងថ្ងៃចូលរួមពិធីនោះ គឺដោយសារ លោកស្រីប្រឈមនឹងកម្តៅថ្ងៃខ្លាំងពេក និងខ្វះជាតិទឹកក្នុងខ្លួន»

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោកស្រីមានអាការៈធូស្បើយវិញហើយ ប៉ុន្តែលោកស្រី ហាក់បីដូចជាមិនពេញចិត្ត នៅពេលដែលគេដឹងថា លោកស្រីមានជម្ងឺក្នុងអំឡុងពេលនេះទេ ព្រោះវាអាចជាយុទ្ធសាស្រ្តតបតថ្មីមួយ សម្រាប់គណបក្សដែលប្រឆាំងមកលើលោកស្រី៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]