ចិន៖ ថ្មីៗនេះ វីដេអូឃ្លីបមួយកំពុងតែ ទទួលបានមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញទំនាក់ទំនងសង្គម អមមកជាមួយនឹងពាក្យរិះគន់ មិនសំចៃមាត់ផងដែរ ទៅលើសកម្មភាព ដ៏សាវហាវឃោឃៅរបស់មនុស្សមួយក្រុម  ចាប់សត្វឆ្កែបោះទម្លាក់ ចូលក្នុងទឹកក្តៅ ប្រកាច់ស្រែកថ្ងូរយ៉ាងអាណោចអាធ័ម មុនពេលយកទៅចំអិន។

គួរឲ្យដឹងថា ហេតុការណ៍នេះកើតឡើង ស្ថិតក្នុងទីក្រុង Shijiazhuang ទីប្រជុំជនខេត្ត Hebei ភាគខាងត្បូងប្រទេសចិន។

តាមរយៈខ្សែវីដេអូឃ្លីបគេឃើញថា បុរសជនជាតិចិន មានគ្នាប្រមាណជា៣នាក់ បានធ្វើសកម្មភាពព្រៃផ្សៃ និងឃោរឃៅជាទីបំផុត ដោយបានចាប់បោះសត្វឆ្កែទាំងរស់ ទម្លាក់ចូលទៅក្នុងកូនពាងតូចមួយ ដែលពោរពេញទៅដោយទឹកក្តៅកំពុងពុះ ដោយមិនបានសម្លាប់សត្វឆ្កែដ៏គួរឲ្យអាណិតជាមុនសិនឡើយ។

គេឃើញទៀតថា បន្ទាប់ពីបុរសម្នាក់ បានបោះសត្វឆ្កែទម្លាក់ចូល ក្នុងពាងទឹកក្តៅហើយនោះ មានបុរស២នាក់ផ្សេងទៀត បានយកឈើចាំគ្របសង្កត់គម្របពាង ដើម្បីកុំឲ្យសត្វឆ្កែរើបម្រាសចេញមកវិញរួច។ គេលឺសូរសម្លេងសត្វឆ្កែ ស្រែកថ្ងូរលូទាំងឈឺចាប់ បន្តិចក្រោយមក ស្រាប់តែបាត់មាត់តែម្តង៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត ពិធីបុណ្យប្រចាំឆ្នាំ ទទួលទានសាច់ឆ្កែ ឬហៅថា “Lychee and Dog Meat Festival” ដែលជាទូទៅធ្វើឡើងនៅក្នុងក្រុង Yulin ភាគខាងត្បូង ខេត្ត Guangxi របស់ប្រទេសចិន ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី៣០ មិថុនា ។ ហើយថ្មីៗនេះដែរ ក៏កំពុងតែទទួលរងការប្រឆាំង និងរិះគន់យ៉ាងខ្លាំងពីសំណាក់ មហាជនជាច្រើនទូទាំងពិភពលោក ទាក់ទងទៅនឹងពិធីបុណ្យ ដែលគួរខ្ពើមរអើមមួយនេះផងដែរ។

បើតាមប្រភពបានឲ្យដឹងថា សត្វឆ្កែ និងឆ្មា ប្រមាណជាង ១០,០០០ក្បាល នៅក្នុងទីក្រុង Yulin ត្រូវបានគេរំពឹងថា នឹងត្រូវបានសម្លាប់ ដើម្បីធ្វើជាម្ហូបបរិភោគ ក្នុងអំឡុងពេលពិធីបុណ្យ ដែលប្រព្រឹត្តទៅក្នុងរយៈ ១០ថ្ងៃនេះ។

ជាមួយគ្នានេះដែរ មានការលើកឡើងប្រឆាំងជាច្រើន ពីសំណាក់មហាជនទូទៅថា វាគឺពិតជាពិធីបុណ្យដ៏ឃោរឃៅមួយបំផុត។ ហើយដោយឡែកសម្រាប់ក្នុងឆ្នាំនេះដែរ ក្រុមសកម្មជនមួយចំនួនធំ បាននាំគ្នាដាក់ញ្ញត្តិ ចុះទាមទារស្នាមមេដៃ ពីប្រជាពលរដ្ឋឲ្យបាន ១១លាននាក់ ដើម្បីស្នើសុំការហាមឃាត់ ពិធីបុណ្យប្រចាំឆ្នាំដែលគួរឲ្យរអើម របស់ប្រជាជនចិនមួយនេះផងដែរ។

ទន្ទឹមនឹងនោះផងដែរ បើតាមការឲ្យដឹងរបស់រដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា ពិធីបុណ្យនេះមិនមែនជាពិធីបុណ្យ ដែលមានការគាំទ្រជាផ្លូវការរបស់រដ្ឋាភិបាលឡើយ ប៉ុន្តែវាគឺជាពិធីបុណ្យមួយ ដែលបានរៀបចំឡើងដោយ អាជីវករ ឬក្រុមហ៊ុនអាជីវកម្មរកស៊ី មួយចំនួនតែប៉ុណ្ណោះ។

ប្រភពបន្តថា ពិធីបុណ្យ “Lychee and Dog Meat Festival” ឬពិធីបុណ្យបរិភោគសាច់ឆ្កែនេះ ជាទូទៅគេសង្កេតឃើញថា អ្នកស្រុកជាច្រើន បាននាំគ្នាប្រមូលលក់សត្វឆ្កែចិញ្ចឹមរបស់ខ្លួន ទៅឲ្យអាជីវករលក់ដូរក្នុងទីផ្សារ ទាំងទ្រុងៗ ដើម្បីទទួលបានប្រាក់កម្រៃ និងសម្រាប់ឲ្យអាជីវករទាំងអស់នោះ លក់ចែកចាយបន្តទៅកាន់អ្នកស្រុក ឬភោជនីយដ្ឋានផ្សេងៗ ដើម្បីធ្វើជាម្ហូបអាហារ រួមជាមួយនឹងការ ផឹកស្រាក្លែមសាច់ឆ្កែ អមជាមួយនឹងផ្លែឈើលៀងមាត់ ដើម្បីអបអរក្នុងពិធីមួយនេះផងដែរ។

ដោយឡែកបើតាមការឲ្យដឹង ពីសំណាក់អ្នកស្រុកក្នុងតំបន់នោះវិញ សត្វឆ្កែទាំងអម្បារមាណនោះ គឺត្រូវបានសម្លាប់ដោយត្រឹមត្រូវ ខណៈដែលអ្នកបានឃើញទិដ្ឋភាពនោះវិញ រិះគន់ថា សត្វទាំងអស់នោះត្រូវបានសម្លាប់ យ៉ាងព្រៃផ្សៃបំផុត និងជាសាធារណៈ ហើយជួនកាលវាត្រូវបានគេវាយសម្លាប់ ឬចម្អិនទាំងរស់ថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ តាមការឲ្យដឹង ការទិញលក់សត្វឆ្កែ ដើម្បីយកមកធ្វើជាម្ហូបទទួលទាននេះ គឺវាមានលក្ខណៈស្របច្បាប់នៅក្នុងប្រទេសចិន ជាមួយនឹងការប៉ាន់ប្រមាណបានថា សត្វឆ្កែជាង ១០លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ។

ជុំវិញករណីនេះដែរ តាមរយៈការស្ទង់មតិ Poll នៅក្នុងបណ្តាញសង្គម ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ Xinhua បានបង្ហាញថា ៦៤ភាគរយទៅហើយ ដែលប្រជាជនមានអាយុចន្លោះពី ១៦ទៅ៥០ឆ្នាំ មានការគាំទ្រទៅលើពិធីបុណ្យមួយនេះ ខណៈមានត្រឹម ៥១ភាគរយ បូករួមបញ្ចូលនឹងអ្នកស្រុកក្នុងទីក្រុង Yulin គឺចង់ឲ្យមានការហាមឃាត់ការធ្វើជំនួញមួយនេះ ខណៈមានប្រជាជន ៦៩,៥ភាគរយផ្សេងទៀត បានអះអាងថាមិនដែលធ្លាប់បានទទួលទានសាច់ឆ្កែពីមុនមកឡើយ។

គួររំលឹកដែរថា ក្រុមសកម្មជនជាច្រើនដូចជា ក្រុមមនុស្សជាតិសង្គមអន្តរជាតិ “Humane Society International (HSI)” កំពុងតែធ្វើការជួយសង្គ្រោះ សត្វឆ្កែទាំងអស់នោះចេញពីការសម្លាប់ ដែលក្នុងរយៈទើបតែមួយថ្ងៃនេះ សត្វឆ្កែ២០ក្បាលត្រូវបានក្រុម HIS ជួយសង្គ្រោះបាន។

ដោយឡែក បើក្រឡេកទៅមើលលើបណ្តាញសង្គម Weibo របស់ចិនវិញ ភាគច្រើនអ្នកនិយមលេងអីុនធឺណែតជាច្រើន បានសម្តែងការខកចិត្ត ដោយអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ និយាយថា «សត្វឆ្កែក៏ជាសមាជិកក្រុមគ្រួសាររបស់យើងម្នាក់ដែរ មិនមែនជាអាហារសម្រាប់យើងបរិភោគនោះទេ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]