ការបរិភោគបន្លែ និងផ្លែឈើគឺជាការល្អប្រសើរណាស់ សម្រាប់សុខភាពយើង ពិសេសសម្រាប់ អ្នកដែលគិតថាចង់សម្រកទម្ងន់ ដើម្បីឱ្យមានរាងស្លីមស្អាត។ ប៉ុន្តែអ្នកដឹងទេថា មានផ្លែឈើមួយចំនួន បើទទួលចូលទៅនឹងធ្វើឱ្យកាន់តែឡើងគីឡូ បន្ថែមដោយមិនដឹងខ្លួន។ ដូច្នេះគួរដឹងទុកមុន និងបង្កើនការប្រុងប្រយ័ត្នគឺជារឿង ល្អបំផុតមួយ។ ផ្លែឈើទាំងនោះមានដូចជា៖

១.ផ្លែធុរេន៖ ធុរេនជាប់ចំណាត់ថ្នាក់លេខ១ ខាងជាតិស្ករដ៏ច្រើនលើសលុប។ ត្រឹមតែសាច់វា២ក្លែបធំល្មម វាមានដល់ទៅ ៣២៣ គីឡូកាល់ឡូរី ដែលស្មើនឹងបាយសមួយចានពេញ ហើយពេលទទួលទានអាហារប្រចាំថ្ងៃបន្ថែមទៀត សាកគិតទៅមើលថា អ្នកអាចនឹងស្រក់គីឡូបានតាមវិធីណា?

២.ផ្លែក្រូចវល្លិ៍ (Passion)៖ ត្បិតតែវាមានរសជូរអែមគួរឱ្យចង់ទទួលទាន ប៉ុន្តែវាក៏ធ្វើឱ្យមាន កាល់ឡូរី កើនឡើងគួរឱ្យភ័យខ្លាច។ វាផ្ដល់នូវថាមពលដល់ទី ២៩៤ គីឡូកាល់ឡូរី ប្រសិនបើអ្នកបរិភោគត្រឹមតែ ២-៣គ្រាប់ប៉ុណ្ណោះ វាក៏ស្មើនឹងការទទួលទានបាយស មួយចានល្មម។

៣.ផ្លែអំពិលផ្អែម៖ ទោះជាទិញមកសម្រាប់ទុកញ៉ាំលេង កែអផ្សុកក៏វាប៉ះពាល់ ដល់ការឡើងទម្ងន់ដែរ ព្រោះផ្លែអំពិលផ្អែម១ផ្លែ ស្មើនឹង ៣៣៣ គីឡូកាល់ឡូរី រួចទៅហើយ។ ទទួលស្គាល់ថាផ្លែអំពិលផ្អែម ជួយដល់ប្រព័ន្ធរំលាយអាហារ តែជាតិស្កររបស់វាក៏មានច្រើនណាស់ដែរ និងមិនបានចេញមកខាងកក្រៅងាយៗទេ ដូច្នេះវានៅក្នុងខ្លួនយើងពេញៗជាហេតុនាំឱ្យរាងកាយកាន់តែធាត់ទៅៗ នឹកស្មានមិនដល់។

៤.ផ្លែចាន់៖ វាមានរសជាតិផ្អែមឆ្ងាញ់ ពិសេសគឺមានក្លិនក្រអូបភាយខុស ពីផ្លែឈើ ដទៃទៀតគួរជាទីពេញចិត្តយ៉ាងខ្លាំង សម្រាប់មនុស្សគ្រប់វ័យ។ ប៉ុន្តែអ្នកកំពុងសម្រកទម្ងន់ខ្លួនសូមកុំភ្លេចថា បើបរិភោគវាត្រឹមតែ១ផ្លែ ឬ ៤-៦ ផ្លែតូចៗ វាក៏ផ្តល់កាល់ឡូរីដល់ទៅ ៣២៥ គីឡូកាល់ឡូរីបន្ទាប់ផងដែរ។ ដូច្នេះគួរតមវាដែរក្នុងលក្ខខណ្ឌចាំបាច់សម្រាប់ការពារទម្ងន់ខ្លួនអ្នក។

៥.ផ្លែមៀន៖ ឃើញផ្លែតូចៗមែនពិត ប៉ុន្តែបរិភោគវាច្រើននឹងបណ្តាលឱ្យក្តៅ ក។ នេះក៏ព្រោះតែផ្លែមាន សម្បូរទៅដោយជាតិស្ករផ្អែមខ្លាំង។ សម្រាប់ផ្លែវាតែ៣ផ្លែ ស្មើនឹងអ្នកទទួលទានបាយស មួយកូនចានតូចបាត់ទៅហើយ។ ដូច្នេះអ្នកចង់សម្រកទម្ងន់គួរតមផ្លែមៀននេះឱ្យបានល្អជានិច្ចផង។

៦.ផ្លែស្វាយ៖ តាមការសន្និដ្ឋានរបស់មនុស្សជាច្រើន ឃើញថា មិនថាតែស្វាយខ្ចី ឬទុំសុទ្ធតែមានកាល់ឡូរីខ្ពស់ដូចគ្នា គឺផ្លែស្វាយខ្ចីមកជាមួយនឹងជាតិម្ស៉ៅ ឯផ្លែស្វាយទុំមានរសជាតផ្អែមឆ្ងាញ់ មកជាមួយនឹងជាតិស្ករច្រើន។ ស្វាយខ្ចី៣ចំណិតល្មម២ និងស្វាយទុំ៤-៥ផ្លែ ផ្តល់ថាមពលស្មើនឹងបាយស១កូនចានតូច ដូច្នេះបើមិនចង់កើនទម្ងន់ខ្លួនឆាប់ចៀសវាងញ៉ាំស្វាយខ្លះ ក៏ជាការប្រសើរដែរ។

សរុបមកអាហារដែលយើងបរិភោគ គួរតែនៅក្នុងបរិមាណមានកំណត់ និងជ្រើសរើសឱ្យបានត្រឹមត្រូវ ពិសេសអ្នកធាត់ៗកំពុងសម្រកទម្ងន់ ត្រូវប្រុងប្រយ័ត្នជាងគេ។ ហើយព្រមទាំងបូកផ្សំនឹង ការធ្វើលំហាត់ប្រាណឱ្យបាន ទៀងទាត់ទម្ងន់នឹងស្រកចុះលឿន ដោយមិនប៉ះពាល់សុខភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]