ចិន៖ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ពីធីមង្គលការមួយបានរៀបចំឡើង យ៉ាងមហោឡារឹក ស្ថិតក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ធ្វើឲ្យភ្ញៀវចូលរួមជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគ្រួសារខាងកូនកម្លោះ បានបង្ហាញថ្លៃបណ្ណាការជាសាច់ប្រាក់ ឲ្យឃើញស្តែងៗតែម្តង រហូតដល់ជិតមួយលានដុល្លារ។

បើតាមប្រភពបានឲ្យដឹងថា កូនកម្លោះសង្ហារខាងលើនេះ មានឈ្មោះថា Chen ជាកូនប្រុសរបស់សហគ្រិនក្នុងស្រុកម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយក៏ជាម្ចាស់ក្រុមហ៊ុន វិនិយោគលើវិស័យអចលទ្រព្យ និងស្បែកជើង ក្នុងទីក្រុងក្វាងចូវថែមទៀតផង។

សម្រាប់ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យមួយនេះដែរ ខាងក្រុមគ្រួសារលោក Chen បានសម្រេចចិត្ត ប្រគល់ជូនថ្លៃទឹកដោះ (ឬបណ្ណាការ) ឲ្យខាងគ្រួសារកូនក្រមុំ ជាមួយនឹងលុយសុទ្ធរាប់សិបម៉ឺនដុល្លារ ពោលគឺ ៦លានយ័ន (ប្រហែលជា ៩០ម៉ឺនដុល្លារអាមេរិក) ដែលជំនួសដោយការផ្ទេរប្រាក់តាមរយៈធនាគារ ក៏យកមកដាក់តម្រៀបតាំងបង្ហាញ នៅលើឆាកតែម្តង ដើម្បីឲ្យភ្ញៀវ ដែលអញ្ជើញមកចូលរួមក្នុងពិធី បានឃើញនិងធ្វើជាសាក្ខីភាពផងដែរ។

លើសពីនេះទៅទៀតនោះ អាពាហ៍ពិពាហ៍របស់គូស្នេហ៍ មានទ្រព្យស្តុកស្តម្ភនេះ ក៏បានធ្វើការរៀបចំឡើង ដោយមានការហែរហម ដោយក្បួនរថយន្តល្អប្រណីត ចំនួន៧គ្រឿងថែមទៀតផងដែរ។

បើតាមការឲ្យដឹង ពីសំណាក់អ្នកភូមិជាច្រើននិយាយថា សម្រាប់ក្នុងពិធីមង្គលការនេះ មានការរៀបចំទទួលភ្ញៀវ មិត្តភក្តិ និងបងប្អូនសាច់ញាតិ ត្រឹម៥០តុតែប៉ុណ្ណោះ។ ហើយក្នុងនោះមានមិត្តភក្តិអាជីវកម្ម មួយចំនួនរបស់ពួកគេ បានដាក់លុយក្នុងអាំងប៉ាវម្នាក់ប្រមាណ ៧៥ដុល្លារ ជាការដូសម្រាប់ពួកគេ បន្ថែមទៀតផងដែរ៕

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួវិញទៀត គូស្វាមីភរិយាថ្មីថ្មោងមួយគូ ដែលស្ថិតក្នុង វណ្ណៈអ្នកមានទ្រព្យស្តុកស្តម្ភ មកពីទីក្រុងសៀងហៃ ប្រទេសចិនឯណោះវិញ បានសម្រេចចិត្ត ជិះឧទ្ធម្ភាគចក្រ ហោះហើរមកកាន់កម្មវិធី មង្គលការរបស់ខ្លួន ជាហេតុធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈរងការរិះគន់មិនសំចៃមាត់ ដោយសារតែបង្កឲ្យស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ កាត់តាមផ្លូវនោះផងដែរ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ គូស្វាមីភរិយាមានទ្រព្យស្តុកស្តម្ភមួយគូ ត្រូវបានគេប្រទះឃើញ ជិះឧទ្ធម្ភាគចក្រមួយគ្រឿង ចុះចតនៅចំកណ្តាលស្ពាន Liuzaogang ដែលស្ថិតនៅលើដងផ្លូវ Nanyuan ក្នុងតំបន់ Pudong នៃទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីហោះហើរមកកាន់ ពិធីមង្គលការរបស់ពួកគេទាំងពីរ។

អំឡុងពេលនៃការប្រារព្ធពិធីនោះ បានជួលសន្តិសុខ បិទច្រកផ្លូវធ្វើដំណើរខាងលើនេះ ជាបណ្តោះអាសន្ន ដោយមានក្រាលនូវកម្រាលព្រំ ពណ៌ក្រហមឆ្អិនឆ្អៅ តាមដងផ្លូវសម្រាប់ជាផ្លូវដើរមួយ ដល់កូនកម្លោះកូនក្រមុំ ពេលចុះពីលើឧទ្ធម្ភាគចក្រ ខណៈគេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ បានដើរចុះមក លើកម្រាលព្រំ ជាមួយនឹងទឹកមុខ ញញឹមប្រិមប្រិយផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រឿងវាមិនដូចការគ្រោងទុកនោះឡើយ។ ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ ជាមូលហេតុបង្កធ្វើឲ្យស្ទះចរាចរណ៍ ស្ទើរតែជិត១ម៉ោង ជាហេតុរំខានដល់អ្នកបើកបរជាច្រើន ខឹងសម្បារយ៉ាងខ្លាំង ហើយថែមទាំងទូរស័ព្ទហៅប៉ូលិស មកជួយធ្វើអន្តរាគមន៍ផងដែរ។

ទន្ទឹមនឹងនោះផងដែរ អ្នកស្រី Zhao ជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊នអាកាសចរណ៍ Kingwing Aviation បានឲ្យដឹងថា ខាងក្រុមហ៊ុនអាកាសចរណ៍ ទទួលខុសត្រូវតែលើការហោះហើរតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយនឹងការ ចុះចតលើដីនោះឡើយ។

គួរឲ្យដឹងថា ក្នុងថ្ងៃអាពាហ៍ពិពាហ៍នោះ កូនកម្លោះជាអ្នកជួល ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ ដើម្បីដឹកគាត់ហោះហើរ ទៅកាន់ផ្ទះកូនក្រមុំ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងទៀតថា ចំពោះការជួលឧទ្ធម្ភាគចក្រ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ គឺគិតជាម៉ោង ដែលមានតម្លៃចាប់ពី ២០,០០០យ័ន (ប្រហែលជា ៣,០០៥ដុល្លារអាមេរិក) រហូតដល់ ៦០,០០០យ័ន (ប្រហែលជា ៩,០១៧ដុល្លារអាមេរិក) ក្នុងរយៈពេលមួយម៉ោង ដោយអាស្រ័យទៅតាមប្រភេទរបស់វា។

គូសបញ្ជាក់ដែរថា បើយោងតាមច្បាប់ របស់ប្រទេសចិន រាល់ឧទ្ធម្ភាគចក្រទាំងអស់ មិនអាចចុះចត ឬកាន់កាប់ផ្លូវណាមួយ ដើម្បីធ្វើជាកម្មសិទ្ធិ ឬផលចំណេញណាមួយ សម្រាប់ខ្លួនឯងបានឡើយ លុះត្រាតែមានអាសន្ន ឬភារកិច្ចបន្ទាន់ណាមួយ ទើបត្រូវបានអនុញ្ញាត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]