ផ្លែល្ពៅ គឺជាបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្ទុកទៅដោយវីតាមីន ក៏ដូចជាសារធាតុរ៉ែ ជាច្រើនប្រភេទ។ ជាធម្មតា យើងតែងតែសម្អាតគ្រាប់វាចេញ ដើម្បីយកទៅធ្វើការបរិភោគ ហើយនេះក៏ដោយសារតែមនុស្សយើង មិនទាន់ដឹងច្បាស់ពីអត្ថប្រយោជន៍ របស់គ្រាប់ល្ពៅ។ វាមានសារធាតុចិញ្ចឹម និងសារធាតុរ៉ែ ដូចជា ស័ង្កសី ម៉ង់កាណែស និងម៉ាញេស្យូម ព្រមទាំងសារធាតុប្រឆាំង អុកស៊ីតកម្មទៀតផង។

ហេតុនេះ យើងនឹងនាំប្រិយមិត្តអ្នកអាន មកមើលអត្ថប្រយោជន៍សម្រាប់ សុខភាព និង សម្រស់ ដោយគ្រាប់ល្ពៅទាំងអស់គ្នា ៖ 

១. ពង្រឹងប្រព័ន្ធភាពស៊ាំ

សព្វថ្ងៃនេះ មនុស្សជាច្រើនទទួលរងនូវ ការកើតជំងឺផ្សេងៗ ក៏ដោយសារតែ ភាពចុះខ្សោយនូវ ប្រព័ន្ធភាពស៊ាំ។ ក្នុងនោះ អាហារជាច្រើនប្រភេទ និងរបៀបរស់នៅប្រចាំថ្ងៃ ជាមូលហេតុធំបំផុត។

គ្រាប់ល្ពៅ សម្បូរទៅដោយ ជាតិស័ង្កសី និងសារធាតុរ៉ែ ដែលមានសារៈសំខាន់ សម្រាប់ទ្រទ្រង់រាងកាយរបស់អ្នក។ ហេតុនេះ ប្រសិនបើអ្នកទទួលទាន គ្រាប់ល្ពៅបានញឹកញាប់នោះ ប្រព័ន្ធភាពស៊ាំរបស់អ្នក នឹងមានភាពប្រសើរឡើងវិញ។

២. រក្សាសុខភាពបេះដូង

មនុស្សភាគច្រើន សុទ្ធតែជាអ្នករងគ្រោះដោយសារ ជំងឺបេះដូង ហេតុនេះការថែទាំ នូវសុខភាពបេះដូង គឺមានសារៈសំខាន់ណាស់។ ការទទួលទាន គ្រាប់ល្ពៅ អាចជួយអ្នកឲ្យរក្សាបាននូវសុខភាពល្អ និងចៀសឆ្ងាយពីប្រភេទជំងឺ ទាក់ទងនឹងបញ្ហាសរសៃឈាមបេះដូង។ សូម្បីតែវេជ្ជបណ្ឌិត ក៏បានណែនាំឲ្យទទួលទានគ្រាប់ល្ពៅដែរ ដើម្បីទទួលបានសារជាតិម៉ាញេស្យូម គ្រប់គ្រាន់ សម្រាប់សុខភាពរាងកាយ និងបេះដូង។

៣. ការពារជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម គឺដូចជាជំងឺដែលបំផ្លាញរូបរាងកាយ របស់មនុស្សយើងទាំងស្រុងយ៉ាងអញ្ចឹង ក៏ព្រោះតែកម្រិតជាតិស្ករខ្ពស់ បណ្តាលឲ្យអ្នកមិនអាចទទួលទានអាហារសឹងតែគ្រប់មុខទៅហើយ។ ហេតុនេះ អ្នកគួរតែចាប់ផ្តើមឧស្សាហ៍ទទួលទាន គ្រាប់ល្ពៅ ដើម្បីបង្ការ និងចៀសវាង ពីជំងឺទឹកនោមផ្អែម។

៤. កាត់បន្ថយកូឡេស្តេរ៉ូល

គ្រាប់ល្ពៅ មានសារជាតិ phytosterols ខ្ពស់ជាងគេបំផុត បើប្រៀបធៀបទៅនឹងគ្រាប់ធញ្ញជាតិផ្សេងៗ។ សារជាតិ phytosterols នេះអាចរារាំង ដំណើរការស្រូបយកកូឡេស្តេរ៉ូល ចូលទៅក្នុងរាងកាយ នៅពេលដែលអ្នកទទួលទានអាហារបានមួយភាគធំ។ យោងតាមការសែត Journal of Nutrition បានបង្ហាញថា សារជាតិ phytosterols នេះអាចកាត់បន្ថយកូឡេស្តេរ៉ូល បានជាង ១០% ឯណោះ។ ហេតុនេះអ្នកគួរតែជំនួស នំ ឬអាហារសម្រន់ផ្សេងៗ ដោយគ្រាប់ល្ពៅវិញទើបជាការល្អ។

៥. ការពារគ្រួសតម្រងនោម

ការសិក្សាថ្មីៗចំនួន ២ បានបង្ហាញថា ការបរិភោគគ្រាប់ល្ពៅ ញឹកញាប់ និងបានទៀងទាត់ អាចការពារជំងឺគ្រួស ក្នុងតម្រងនោម ប្រភេទទូទៅបំផុត។ គ្រាប់ល្ពៅ មានផ្ទុកសមាសធាតុ ដែលកាត់បន្ថយកម្រិត សារធាតុដែលកកើតឡើងឲ្យមាន គ្រួសតម្រងនោមបាន។ ការទទួលទានគ្រាប់ល្ពៅ ត្រឹមតែ ៥ ទៅ ១០ ក្រាមក្នុងមួយថ្ងៃ អាចការពារបញ្ហាគ្រួសតម្រងនោមបាន យ៉ាងល្អប្រសើរ។ 

៦. ការពារជំងឺមហារីកស្បែក

ស្បែករបស់យើង រាលថ្ងៃនេះ ប៉ះពាល់ពន្លឺព្រះអាទិត្យ ធូលីដី និងជាតិពុល ជាប្រចាំដែលអាចបណ្តាលឲ្យ អ្នកប្រឈមនឹងហានិភ័យជំងឺមហារីកស្បែកបាន។ ប៉ុន្តែ គ្រាប់ល្ពៅអាចការពារស្បែករបស់អ្នកបាន ដោយការទទួលទានទាំងឆៅក៏បាន។ បើយោងតាម ក្រុមអ្នកស្រាវជ្រាវ ពួកគេបានលើកឡើងថា គ្រាប់ល្ពៅមានផ្ទុក Omega 3 ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្រ្កាបរាល់បញ្ហា ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។

៧. កម្ចាត់មុនលើផ្ទៃមុខ

គ្រាប់ល្ពៅ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ធ្វើឲ្យស្បែកមានភាពស្រស់ស្អាត និងកម្ចាត់រាល់បញ្ហាមុន។ សារធាតុអាហាររូបត្ថម្ភចម្បង ដែលមានក្នុងគ្រាប់ល្ពៅ រួមមាន ស័ង្កសី សេលេនីញ៉ូម អាស៊ីតខ្លាញ់សំខាន់ៗ និងវីតាមីន E ។ អ្នកគ្រាន់តែ កិនគ្រាប់ល្ពៅឲ្យម៉ដ្ឋ រួចលាយជាមួយទឹកដោះគោឆៅ ទទួលទាន។ អ្នកនឹងឃើញលទ្ធផល បាត់មុន បាត់អាចម៍រុយ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

៨. ជួយក្នុងការបណ្តុះសក់

សក់ ក៏ជាផ្នែកមួយនៃសម្រស់ដែរ ហេតុនេះអ្នកគួរតែយកចិត្តទុកដាក់ថែទាំឲ្យបានល្អ។ ប្រសិនបើអ្នកចង់ឲ្យសក់របស់អ្នកដុះក្រាស់ នោះអ្នកគ្រាន់តែឧស្សាហ៍ទទួលទាន គ្រាប់ល្ពៅ ឲ្យបានញឹកញាប់ជាការស្រេច។ សក់ របស់អ្នកនឹងចាប់ផ្តើមដុះកាន់តែក្រាស់ ប្រកបទៅដោយភាពទាក់ទាញជាមិនខាន។

៩. ការពារស្បែកក្បាលពីអង្គែ

ទោះបីជាសក់របស់អ្នកស្អាតពីធម្មជាតិក៏ដោយ អ្នកប្រាកដជាត្រូវជួបប្រទះបញ្ហា អង្គែលើស្បែកក្បាល មិនខាន។ ការប្រើប្រាស់សាប៊ូកក់សក់ និងសាប៊ូអប់សក់ថ្លៃៗ មិនមែនជាជម្រើសល្អប៉ុន្មានទេ។ វិធីធម្មជាតិបំផុត ក្នុងការការពារអង្គែ គឺគ្រាប់ល្ពៅនេះឯង ដោយគ្រាន់តែយកគ្រាប់ល្ពៅឆ្អិនមកកិនឲ្យម៉ត់ រួចលាយជាមួយប្រេងដូង បន្ទាប់មកលាបលើស្បែកក្បាល រយៈពេល ២ ម៉ោង និងលាងសម្អាតដោយការកក់សក់ ជាការស្រេច។

១០. ផ្សះរបួសបានរហ័ស

ប្រសិនបើអ្នកមានរបួស នោះឈាមប្រាកដជាហូរមកភ្លាមៗ។ ស្នាមរបួសកាន់តែធំ ឈាមក៏ហូរមកកាន់តែច្រើន។ បន្ទាប់មក គ្មានអ្វីដែលអាចជួយអ្នកបានក្រៅពី ទឹកថ្នាំលាងរបួសឡើយ។ ប៉ុន្តែ អ្នកប្រាកដជាមិនដែលដឹងទេថា គ្រាន់តែអ្នកឧស្សាហ៍ទទួលទានគ្រាប់ល្ពៅញឹកញាប់  ក៏អាចជួយឲ្យរារាំងឈាម និងជួយឲ្យឆាប់ជាសះស្បើយបានយ៉ាងរហ័សផងដែរ៕ 

ប្រភព៖ Beauty Health Tips | Superfood Profiles

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]