រាជធានីភ្នំពេញ ៖ នារី​ម្នាក់​សន្លប់​ស្ដូកស្ដឹង​ត្រូវសង្សារ​បីត្រកង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​​ដោយ​ប្រាប់​ថា ​នាង​លេបថ្នាំ​ងងុយដេក​អស់​៣០​គ្រាប់ កាល​ពី​វេលា​​ម៉ោង​១២​និង​២០​នាទី​​រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃទី​​២៧ កុម្ភៈ ២០១២ ​នៅ​ក្នុង​បន្ទប់​ជួល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។

នារី​រង​គ្រោះ​ឈ្មោះស៊ឹ​ម ពៅ អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ស្បែកជើង ស្នាក់​នៅ​បន្ទប់​ជួល​ខាង​លើ​មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ឆ្នាំង ត្រូវ​បាន​សង្សារ​ដែល​មិន​ប្រាប់​អត្ដសញ្ញាណ​គ្រាន់តែ​ប្រាប់​ថា ធ្វើការ​ជាមួយ​គ្នា និង​ស្គាល់​រាប់​អាន​ជា​មួយ​នារី​រង​គ្រោះ​ជិត​៦​ខែ​មក​ហើយ ។ ប្រភព​​ដដែល​បន្ដ​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ នារី​រង​គ្រោះ​បាន​លេបថ្នាំ​ងងុយដេក​អស់​ចំនួន​៣០​គ្រាប់ ដោយ​លេប​ម្ដង​ចំនួន​៥​គ្រាប់។ ពាក់ព័ន្ធ​នឹង​មូល​ដែល​នារី​រង​គ្រោះ​លេប​ថ្នាំ​ងងុយដេក​អស់​៣០​គ្រាប់​នេះ យុវជន​ជា​សង្សារ​បាន​ប្រាប់​ថា ​ដោយសារ​តែ​នាង​ដេក​មិន​លក់​ទើប​ចេះ​តែ​លេប​បន្ដបន្ទាប់​រហូត ប៉ុន្ដែ​ពេល​លេប​ហើយ​មិន​មាន​ធ្វើទុក្ខ​អ្វី​ទេ។ ​ល​ុះ​រហូត​ដល់​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ ខ្លួន​និង​នារី​រង​គ្រោះ​​បាន​នាំ គ្នា​ទៅ​ជប់លៀង​មិត្ដភក្ដិ​នៅ​ស​ង្កា​ត់​ស្ទឹង​មាន​ជ័យ ហើយ​នាង​បាន​ផឹកស្រា​បន្ទាប់​​មក​ស្រាប់តែ​សន្លប់​ស្ដូក​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា ក្រោយ​ពេល​ឃើញ​នារី​ជា​សង្សារ​សន្លប់​បែប​នេះ​ខ្លួន​ភិត​ភ័យ​​ណាស់​បាន​ដឹក​នារី​រង​គ្រោះ​​យក​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូ​ពេទ្យ​​ពិនិត្យ ​ហើយ​​ប្រាប់​ថា មូលហេតុ​ដែល​សន្លប់​បណ្ដាល​មក​ពី​ពុល​ស្រា​ប្រតិកម្ម​ជា​មួយ​នឹង​ថ្នាំ​ដែល​នាង​លេប​អស់​ជា​ច្រើន​គ្រាប់​នោះ​ទើប​សន្លប់​បែប​នេះ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]