អាមេរិក៖ នារីជើងខ្លាំងម្នាក់ មិនដឹងថាឆេះដុំជាមួយនឹងអតីតសង្សារដល់កម្រិតណាទេ ទើបបានជាហ៊ានសម្រេចចិត្ត មកដុតរថយន្តសង្សារខ្លួន ឲ្យឆេះសន្ធោសន្ធៅបែបនេះ។ តែចុងក្រោយរថយន្តនោះ មិនមែនជារថយន្តសង្សាររបស់នារីបង្កហេតុ ក៏ត្រូវត្រូវម្ចាស់រថយន្ត ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

កាលពីថ្ងៃព្រឹកថ្ងៃសៅរ៍ ទី៣ កញ្ញា ឆ្នាំ២០១៦ នារីវ័យក្មេងឈ្មោះ Carmen Chamblee អាយុ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន​​ នៅចំណុចក្បែរទីក្រុង Clearwater ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ក្រោយពីនារីចិត្តសឿងរូបនេះ បានដុតបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយច្រឡំស្មានថាជារថយន្ត របស់អតីតមិត្តប្រុសរបស់ខ្លួន។

មន្ត្រីប៉ូលិសឲ្យដឹងថា នាង Chamblee ជាជនបង្កហេតុ ភាន់ភាំង ដោយជឿជាក់ថារយន្តម៉ាក Honda នោះ ជាកម្មសិទ្ធិរបស់អតីតមិត្តប្រុសនាង។​ ចំណែក​ម្ចាស់រថយន្ត Honda ​លោក Thomas Jennings បានឲ្យដឹងថា រូបលោកមិនដែលស្គាល់នាង Chamblee ពីមុនមកទេ  ហើយមិនដឹងថានាងជានរណាដែរ។

តាមរយៈកាម៉េរាសុវត្ថិភាព គេឃើញនាង Chamblee បានប្រើកំទេចក្រណាត់ ជាមួយនឹងប្រេងសាំង ដើម្បីដុតរថយន្តមួយគ្រឿងនោះ ឲ្យឆេះហុយត្រលោម រួចក៏គេចខ្លួនបាត់ស្រមោលតែម្តង

គួរឲ្យដឹងថា បច្ចុប្បន្ននាង Chamblee ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅពន្ធធានាគារ។ ជុំវិញករណីនេះដែរ គេពុំទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាដក រវាងទំនាក់ទំនងអតីតមិត្តប្រុសរបស់នាង រហូតឈានដល់ថ្នាក់ ដុតបំផ្លាញរថយន្តនៅឡើយទេ។ ប៉ូលិសកំពុងស៊ើបអង្កេតបន្ថែមផងដែរ៕

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ស្រ្តីវ័យក្មេង មានរូបសម្រស់ ស្រស់ស្អាតម្នាក់ រស់នៅក្នុងទីក្រុង Guangzhou ប្រទេសចិន បានគំរាមលែងលះប្តីរបស់នាង ដែលមានទ្រព្យសម្បត្តិស្តុកស្តមម្នាក់ បន្ទាប់ពីនាង មានអារម្មណ៍ថាធុញថប់ ចំពោះច្បាប់ទម្លាប់ជាច្រើន នៅក្នុងគ្រួសារខាងប្តី។ ជាមួយគ្នានេះដែរ ស្រ្តីវ័យក្មេងរូបនោះ ថែមទាំងបានដុតសម្ភារៈថ្លៃៗ ដូចជា កាបូបដៃប្រេនៗ ដែលប្តីរបស់នាង បានទិញឲ្យទៀតផង។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនោះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងទីក្រុង Guangzhou ប្រទេសចិន ខណៈរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញពី ប្តីប្រពន្ធមួយគូនោះ កំពុងឈ្លោះប្រកែកគ្នា ហើយស្រ្តីជាប្រពន្ធ ដុតកាបូបដៃប្រេនៗ ដែលមានតម្លៃថ្លៃៗ និងបុរសជាប្តី លុតជង្គង់អង្វរលន់តួ ឃាត់ប្រពន្ធមិនឲ្យលែងលះគ្នា នៅខាងក្រៅផ្ទះនោះ ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសចិនតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ស្រ្តីជាប្រពន្ធរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Xiao Tong គឺជានិស្សិត រៀនសាកលវិទ្យាល័យមួយកន្លែង ដែលមានអាយុ ទើបតែ២០ឆ្នាំស្តើងប៉ុណ្ណោះ។ នៅពេលឈ្លោះប្រកែកគ្នា នាង Xiao Tong បានដុតកាបូបដៃប្រេនៗ ក្នុងនោះម៉ាកថ្លៃៗដូចជា Louis Vuitton, Prada និង Hermes ជាដើម។

គួរឲ្យដឹងកាលពីគ្រាដំបូងផងដែរថា នាង Xiao Tong និងប្តីដែលមានរូបរាងសង្ហា ខ្ពស់ និងមានទ្រព្យសម្បត្តិស្តុកស្តម បានជួបគ្នានៅពិធីជប់លៀងរបស់មិត្តភក្តិ ហើយពួកគេទាំង២នាក់ បានរៀបការជាមួយគ្នា បន្ទាប់ពីបានស្គាល់ចិត្តគ្នា អស់រយៈពេល ជាង១ឆ្នាំ។ ប្តីរបស់នាង រស់នៅក្នុងគ្រួសារអ្នកមាន ដែលមានក្រុមហ៊ុនពាណិជ្ជកម្មមួយ ខណៈនាង Xiao Tong រស់នៅក្នុងគ្រួសារក្រីក្រ។ ចាប់តាំងពីរៀបការមក នាង Xiao Tong ត្រូវបានប្តីស្រលាញ់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ថែមទាំងទិញរបស់របរថ្លៃៗឲ្យនាងប្រើទៀតផង។

បើទោះបីជា ទទួលបានការស្រលាញ់ និងផ្គាប់ចិត្តជាច្រើនលើសលុប រួមទាំងទិញរថយន្តស៊េរីទំនើប និងសម្ភារៈដ៏ប្រណិតទំនើបៗ ឲ្យនាងប្រើក៏ដោយ ក៏នាងនៅតែ មានអារម្មណ៍ថាធុញថប់ ដោយសារតែការរឹតបន្តឹងច្បាប់ទម្លាប់ ដែលប្តី និងគ្រួសារខាងប្តី ដាក់មកលើខ្លួននាងតែម្តង។

គួរបញ្ជាក់ផងដែរថា រូបថតប្តីប្រពន្ធមួយគូនោះ ក៏បានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ សម្រាប់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅលើបណ្តាញសង្គមនានា ក្នុងប្រទេសចិនផងដែរ។

ជាក់ស្តែងដូចជា នៅលើគេហទំព័រចិនមួយ មានមនុស្សជាង ១១១,០០០នាក់ បានសម្តែងមតិផ្ទាល់ខ្លួនរបស់ពួកគេ ចំពោះរូបថតនោះ ដោយអ្នកខ្លះបានសរសេរថា «ស្រ្តីម្នាក់នេះ ចង់រស់នៅក្នុងជីវិតអ្នកមាន និងទទួលបានការមើលថែទាំ ដូច្នេះគ្មានអ្វីខុសឡើយ ប៉ុន្តែនាងខ្វះវិធីសាស្រ្ត និងការទទួលខុសត្រូវ ក្នុងការទ្រទ្រង់អាពាហ៍ពិពាហ៍ ដែលនោះហើយ គឺជាអ្វីដែលនាងបានធ្វើខុស»។

ចំនែកឯអ្នកខ្លះបានសម្តែងមតិ បែបចំអកឡកឡឺយថា «បុរសដែលមាន ទ្រព្យសម្បត្តិស្តុកស្តមពិតប្រាកដ មិនលុតជង្គង់ អង្វរមនុស្សស្រី បែបនេះឡើយ... ប្រហែលជានាងបានដឹងថា កាបូបទាំងអស់នោះ គឺជាកាបូបក្លែងក្លាយហើយមើលទៅ ទើបសម្រេចចិត្តដុតវាចោល»។

ទោះបីជាយ៉ាងណា មានមនុស្សមួយចំនួន ងឿងឆ្ងល់ថា «តើពួកគេអាចមានអ្នកថតរូប ដ៏ជំនាញមកពីណា ដើម្បីថតរូប ចងក្រងធ្វើជាឯកសារ នៅពេលពួកគេឈ្លោះគ្នាបែបនេះ?»។

យ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់ទេថា តើប្តីប្រពន្ធមួយគូនោះ បានសម្រេចចិត្ត លែងលះគ្នា ឬក៏អត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]