(ភ្នំពេញ)៖ តារាសម្តែង និងកំប្លែងជើងចាស់ ដែលកំពុងមានជំងឺស្ពាយជាប់ខ្លួន រស់នៅដោយកំសត់ តែលតោលម្នាក់ឯង លោកយាយ ណយ សំណាង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ម្សិល​មិ​ញនេះ​ ស្រាប់អាការៈជំងឺ​បេះដូង បានផ្តើមធ្វើទុក្ខ​ជា​ថ្មី ខណៈកំពុងត​ថសម្តែងខ្សែភាពយន្ត​ បង្កការភ្ញាក់ផ្អើល ដល់តារាសម្តែងផ្សេងៗទៀត នាំគ្នារត់ខ្វែងដៃខ្វែងជើង ដើម្បីជួយ​ស​ង្គ្រោះ​​គាត់យកទៅកាន់មន្ទីរពេទ្យ។

​តាមការបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងប្រុសល្បីឈ្មោះ និងលេចធ្លោលើសកម្មភាពមនុស្សធម៌ លោក សាវិន ហ្វីលីព បានបញ្ជាក់ថា «ម្សិលមិញជួយយាយ ណាង ពេលបេះដូងគាត់ធ្វើទុក្ខខ្លាំង ថប់ដង្ហើមបាត់មាត់ បាត់ក ពេលកំពុងថត​ ជាមួយខ្ញុំ។ អាណិតគា​ត់ណាស់ ម៉ែ​យើងម៉ែគេ គាត់អាយុ៧៣ឆ្នាំហើយ នៅមកខំថត ដើម្បីកម្រៃចិញ្ចឹមជីវិតចុងក្រោយទៀត!»។

តារាសម្តែងលោក សាវិន ហ្វីលីព បានបន្ថែមថា «ជូនពរឲ្យ​ម៉ែ ណយ សំណាង ឆាប់ជា និងមានអាយុយឺនយូរ។ សូមសមាគមសិល្បៈ និងសប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាជួយបរិច្ចា​គថវិកា​ខ្លះៗ ជួយដល់គាត់យកបុណ្យផង សុខភាពគាត់យ៉ាប់ខ្លាំងណាស់ បើលោកអ្នកបានឃើ​ញញផ្ទាល់ភ្នែក ដូចខ្ញុំ!»។

សូមបញ្ជាក់ថា តារាពហុជំនាញ លោកយាយ ណយ សំណាង បច្ចុប្បន្ននៅក្នុងខ្លួនគាត់ គឺកំពុងពោពេញ​ការញាំញី ដោយជំងឺជាច្រើន​មុខ ដូចជា៖ លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង ​ហើយមិនតែប៉ុណ្ណោះ យាយ ណាង នៅប្រឹងសម្តែងទាំងដង្ហើម ត្រដរខ្យល់ ព្រោះដើម្បីជីវិត​រស់ចុងក្រោយ។ ខ្សែជីវិតរបស់យាយ ណយ សំណាង ពេលនេះត្រូវបានគេកត់សម្គាល់ថា ​កាន់​តែកម្សត់ជីវភាព រស់នៅប្រចាំថ្ងៃ ក៏កាន់តែធ្លាក់​ដុនដាប់ វេចបង្វេចដើរជួលតែផ្ទះគេ ជ្រក​​កោន​ហើ​យរហូតធ្លាក់ខ្លួន ទៅរស់នៅវត្តទៀតផង។

នេះដូចពាក្យគេថា សំណាងតែឈ្មោះ ពីរោះទាំង​សំឡេង​ និងមានសមត្ថភាព កំប្លែង ច្រៀងអាយ៉ៃ មហោរី និងថែមទាំងមានងារ​ពី​ប្រជាប្រិយភាព លើវិថី​សិល្បៈតារាជើងចាស់​ ពហុជំនាញទៀត តែវាសនា​ចារមិនដូចឈ្មោះនោះឡើយ ពិ​តជាអាណិត​​លោកយាយណាស់៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឌី​ជេ ឧត្តម ក្មួយ​​ប្រុស​​បង្កើត​តារា​កំប្លែង​​យាយ ណយ សំណាង ​ទទួល​មរណ​ភាព បន្ទាប់​ពី​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​ថ្ងៃ​​​ ។ គួររំលឹកផងដែរថា ប្រភពព័ត៌មានពីផេសសិល្បករកម្ពុជា របស់តារាសម្តែង លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះកាលពី៣​ម៉ោ​ងមុននេះថា «Dj UD ហៅឧត្តម បានរងគ្រោះថ្នាក់ចរាចរណ៍ កាលពីពីយប់ថ្ងៃទី ០៩​ខែ សីហា ឆ្នាំ​២០១៦​ នៅផ្លូវមុនីវង្សទល់មុខក្លិបកម្សាន្តរ៉ុក ដោយ Dj រូបនេះជិះម៉ូតូ បុកជាមួយឡានភ្លាមៗនោះ ​ក៏មានរថយន្តយកទៅសង្រ្គោះបន្ទាន់ រហូតដល់ថ្ងៃទី១១ខែសីហា វេលារម៉ោង៥រសៀល ម្សិលមិ​​ញនេះ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់​ជីវិតតែម្តង។ រីឯ​ស​ពកំពុងដំកល់ធ្វើបុណ្យ នៅវត្តទួលទំពូង បូជានៅ​ថ្ងៃទី១២ វេលារម៉ោង៧យប់ នៅវត្តទួ​លទំពូង!»។

ប្រភពបានបន្តថា «ដោយឡែកសំរាប់តារាកំប្លែងលោកយាយ ណយ សំណាង វិញកំពុងធ្លាក់ខ្លួនឈឺ​​ផងដែរ ស្របពេលដែលក្មួយដែលខំចិញ្ចឹម តាំងពីតូចដូចជាកូនបង្កើត បានទទួលមរណៈ​ភាព។ លោកយាយ ណយ សំណាង ធ្លាក់ខ្លួនឈឺជិតមួយខែហើយ ដោយជំងឺបេះដូង និងវ័យចាស់ជរា។ កន្លងមកលោកយាយ ណយ សំណាង មិនបានថត ឬសម្តែងតាមកម្មវិធីទូរទ​ស្សន៍ ដោយសារតែបញ្ហាជំងឺនេះឯង»។

ផេសសិល្បករកម្ពុជា របស់តារាសម្តែងលោក អ៉ឹម ជីវ៉ាបានលើកឡើងទៀតថា «តារាចម្រៀងល្បី​លោក វណ្ណា ស័ក្ក ដែលត្រូវជាកូនបង្កើត លោកយាយ ណាង ជាអ្នកគ្រប់គ្រងរ៉ាប់រង ជីវភាពគ្រួ​សារទាំងអស់​។ សូមបងប្អូនសិល្បករ-សិល្បការិនី និង សប្បុរសជនទាំងអស់ មេត្តាចូលរួមពិធីបុណ្យសព Dj ឧត្តម ដែលត្រូវជាក្មួយបង្កើត លោកយាយ ណាង ដោយក្តីអនុគ្រោះផង!»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណយ សំណាង