ការមានផ្ទៃពោះ ជាពេលវេលា ដែលសំខាន់បំផុត ក៏ដូចជាពេលដែលគ្រោះថ្នាក់បំផុត ក្នុងមួយជីវិតរបស់ស្រ្តី។ នៅពេលដែលអ្នកមានគត៌  អាហារ  និងភេសជ្ជៈដែលទទួលទានចូលទៅ សុទ្ធតែមានការប៉ះពាល់ ទៅដល់កូនក្នុងផ្ទៃ។ ជួនកាល អាហារ និងភេសជ្ជៈ ដែលអ្នកទទួលទានទាំងនោះ អាចបង្កជាគ្រោះថ្នាក់ដល់ទារកបាន ប្រសិនខ្វះការយកចិត្តទុកដាក់។

ខាងក្រោមនេះ គឺជាប្រភេទអាហារ មួយចំនួន ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន និងធ្វើការចៀសវាង ក្នុងអំឡុងពេលមានផ្ទៃពោះ ៖ 

១. ត្រី និងអាហារសមុទ្រមួយចំនួន

ត្រីធំៗមួយចំនួន ដូចជាត្រីឆ្លាម ត្រីធូណា មានកំហាប់ជាតិបារ៉តខ្ពស់ជាងគេ បើធៀបទៅនឹងត្រីផ្សេងទៀត។ ជាតិបារ៉ត អាចធ្វើឲ្យមានការប៉ះពាល់ ដល់ការអភិវឌ្ឍន៍ នូវប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរបស់ទារក ដែលកំពុងលូតលាស់។ អ្នកជំនាញខាងផ្នែក ចំណីអាហារ និងឱសថ បានធ្វើការណែនាំថា ស្រ្តីមានផ្ទៃពោះ អាចទទួលទានអាហារសមុទ្រណា ដែលមានជាតិបារ៉តតិច។ ត្រីដែលទើប តែនេសាទថ្មីៗ ស្រស់ៗ ពីអាង ពីបឹង ឬទន្លេ សុទ្ធតែមានផ្ទុកកំហាប់ជាតិបារ៉តខ្ពស់ និងមានភ្ជាប់មកជាមួយនឹងជាតិពុលផ្សេងៗ ដែលអាចបណ្តាលឲ្យមានបញ្ហា ដល់ប្រព័ន្ធសរសៃប្រសាទទារក។

២. ត្រីឆៅ និងអាហារមិនបានចម្អិនត្រឹមត្រូវ

ស្រ្តីមានផ្ទៃពោះ ត្រូវចៀសវាងអាហារ ដែលមានសាច់ត្រីឆៅ ជាពិសេស ត្រីមានស្រកា។ ឧទាហរណ៍ ដូចជា អាហារបែបស៊ូស៊ី (sushi) ជាដើម។ វាអាចធ្វើឲ្យ អ្នកម្តាយប្រឈមនឹងការឆ្លងមេរោគ ដោយមេរោគទាំងនោះ អាចធ្វើឲ្យស្រ្តីពពោះ ខ្វះជាតិទឹក និងខ្សោយ។ តែក៏មានមេរោគមួយចំនួនទៀត អាចឆ្លងទៅដល់ទារកដែលមិនទាន់ចាប់កំណើត យ៉ាងធ្ងន់ធ្ងរ ឬអាចស្លាប់បាន។ ក្នុងករណីផ្សេងទៀត ទោះបីជាម្តាយមិនមានបង្ហាញរោគសញ្ញាក៏ដោយ ក៏មេរោគដែលឆ្លងតាមទងសុកនោះ អាចធ្វើឲ្យមានការសម្រាលទាំងមិនទាន់គ្រប់ខែ រលូតកូន ទារកស្លាប់ក្នុងផ្ទៃ និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត។

៣. គ្រឿងស្រវឹង

ជាតិអាល់កុល ដែលមាននៅក្នុងគ្រឿងស្រវឹង អាចស្រូបសារធាតុចិញ្ចឹម និងអុកស៊ីសែនចេញពីកោសិកាបាន ដែលបណ្តាលឲ្យទារកលូតលាស់មិនបានប្រក្រតី។ ករណីស្បូនរបស់ម្តាយមានជាតិអាល់កុល វានឹងធ្វើឲ្យប៉ះពាល់ដល់ការវិវត្តន៍រាងកាយ និងសមត្ថភាពបញ្ញាទារក។ លើសពីនេះទៅទៀត ជាតិអាល់កុល នឹងធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យ នៃការរលូតកូន និងទារកស្លាប់ក្នុងផ្ទៃបាន។ ត្រឹមតែគ្រឿងស្រវឹងមួយតំណក់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាលទារកដែរ។ ក្នុងករណីផ្សេងទៀត ទារកអាចនឹងមានបញ្ហាខូចទ្រង់ទ្រាយផ្ទៃមុខ ជំងឺបេះដូង និងជំងឺវិកលចរិត ជាដើម។ 

៤. សារជាតិកាហ្វេអ៊ីន

សារជាតិកាហ្វេអ៊ីន មាននៅក្នុងទម្រង់ច្រើនប្រភេទ ដូចជា ភេសជ្ជៈប៉ូវកម្លាំង តែ និងកាហ្វេ ដែលអាចធ្វើឲ្យ ស្រកទម្ងន់របស់ទារក រលូតកូន និងទារកស្លាប់ក្នុងផ្ទៃទៀតផង ព្រោះដោយសារជាតិកាហ្វេអ៊ីន អាចឆ្លងកាត់សុក បានយ៉ាងងាយស្រួល ទៅកាន់ទារក។ ករណីទារកកើតមានទម្ងន់ស្រាលពេក អាចធ្វើឲ្យពួកគេប្រឈមនឹង ការស្លាប់ភ្លាមៗបន្ទាប់ពីកើត ឬមានជំងឺរ៉ាំរ៉ៃនៅពេលពួកគេ ធំធាត់ឡើង រូមមាន ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ អ្នកស្រាវជ្រាវមួយចំនួនបានណែនាំថា ប្រសិនបើស្រ្តីមានផ្ទៃពោះ ចង់ទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ពួកគេអាចទទួលទានត្រឹម ២០០ មីលីក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។

៥. ស៊ុតឆៅ

ស៊ុតឆៅ មានផ្ទុកមេរោគ Salmonella ដែលជាធម្មតា ប៉ះពាល់តែអ្នកម្តាយ ប៉ុណ្ណោះ រូមមានរោគសញ្ញា ដូចជា ក្តៅខ្លួន ក្អួតចង្អោរ ហើមពោះ និងរាគ។ ករណីកម្រមានខ្លះ អាចបណ្តាលឲ្យទារកកើត មិនគ្រប់ខែ និងទារកស្លាប់ក្នុងផ្ទៃ។ ថ្វីត្បិតតែ មនុស្សភាគច្រើន ចូលចិត្តទទួលទានស៊ុត ដែលមិនទាន់ឆ្អិនល្អ (ស៊ុតជ័រព្នៅ) ក៏ពិតមែន ប៉ុន្តែសម្រាប់ស្រ្តីមានផ្ទៃពោះ គឺមិនគួរទទួលទានឡើយ។

៦. បន្លែ ផ្លែឈើ ដែលលាងមិនស្អាត

បន្លែ និងផ្លែឈើដែលឆ្លងកាត់ដី និងដៃមនុស្សជាច្រើន អាចភ្ជាប់ជាមួយនឹងមេរោគជាច្រើន។ ក្នុងនោះបរាសិត ដែលគ្រោះថ្នាក់បំផុតគឺ Toxoplasma ដែលអាចបង្កហានិភ័យ ទាំងម្តាយ ទាំងកូនក្នុងផ្ទៃ។ ជាធម្មតា អ្នកម្តាយដែលឆ្លងមេរោគនេះ មិនដែលមានរោគសញ្ញាអ្វីទេ (មួយចំនួន កើតគ្រុនផ្តាសាយ) រីឯទារកក្នុងផ្ទៃ ដែលនៅក្នុងស្បូន ក៏គ្មានរោគសញ្ញាអ្វីដែរ បន្ទាប់ពីចាប់កំណើត ប៉ុន្តែអាចធ្វើឲ្យមានបញ្ហា ភ្នែកមើលមិនឃើញ និងអសមត្ថភាពខួរក្បាល នៅពេលក្រោយ។

៧. ទឹកក្រូច និងទឹកដោះគោ មិនទាន់សម្លាប់មេរោគ

ទឹកក្រូច ឬទឹកផ្លែឈើ ដែលដាក់លក់ នៅតាមចំការ តាមដងផ្លូវ និងតាមហាង សុទ្ធតែត្រូវចៀសវាង។ ផលិតផលទាំងនេះ មានផ្ទុកមេរោគ E. Coli ខ្ពស់ និងមេរោគដទៃផ្សេងទៀត។ ហេតុនេះអ្នកម្តាយទាំងឡាយ ត្រូវពិនិត្យមើលស្លាកសញ្ញាដែលមានលើ ទឹកក្រូច និងទឹកផ្លែឈើ ថាតើវាបានសម្លាប់មេរោគហើយឬនៅ មុននឹងសម្រេចចិត្តទិញ។

រីឯទឹកដោះគោឆៅ ឬទឹកដោះគោ ដែលមិនទាន់សម្លាប់មេរោគ អាចបណ្តាលឲ្យមានបញ្ហា រលូតកូន ទារកស្លាប់ក្នុងផ្ទៃ និងជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ព្រោះវាតែងតែភ្ជាប់មក នូវមេរោគដែលធ្វើឲ្យអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ៕ 

ប្រភព៖ Beauty Health Tips | Authority Nutrition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]