ប្រកែកមិនបានថា នរណាក៏ចូលចិត្តផឹកភេសជ្ជៈកំប៉ុងដែរ  ជាពិសេសគឺយុវវ័យនិយមទទួលទាន មិនសូវលោះថ្ងៃទេ ហើយបើមានពិធីជប់លៀងជួបជុំគ្នាផង រឹតតែខ្វះមិនបាននូវវត្តមានភេសជ្ជៈទាំងនេះ។  ជឿថាមនុស្សភាគច្រើនបានដឹងពីផលប៉ះពាល់នៃភេសជ្ជៈកំប៉ុង ទាំងឡាយថា វាមិនល្អសម្រាប់សុខភាពទេ ថែមទាំងដឹងទៀតថាវាជាមូលហេតុមួយ ដែលធ្វើឱ្យធាត់ ឬកើតជម្ងឺទឹកនោមផ្អែមជាដើម។

ប៉ុន្តែអ្នកដឹងទេថា   ការផឹកភេសជ្ជៈកំប៉ុងទាំងនេះជាញឹកញាប់ ឬជាប្រចាំបានបង្កជាជម្ងឺមហារីកធ្ងន់ធ្ងរផងដែរ មិនថាចំពោះតែបុរស ឬនារីនោះទេ។ ជម្ងឺមហារីកទាំងអស់នោះមានដូចជា៖

១. ជម្ងឺមហារីកស្បូន៖ ភេសជ្ជៈមួយភាគធំផ្សំឡើងពីស្ករជាមួយឧស្ម័នកាបូន ដែលវាគឺជាគ្រឿងផ្សំនាំឱ្យមានជម្ងឺរួចទៅហើយ។ យើងក៏ឃើញថាវា អាចឱ្យមនុស្ស កើតជម្ងឺធាត់ និងកើតជម្ងឺមហារីកស្បូនចំពោះស្ត្រី។ ជាទូទៅជម្ងឺនេះច្រើនកើតលើស្ត្រី ដែលអស់រដូវ។ យោងតាមគេហទំព័រ Medical Daily ក៏បានបង្ហាញក្នុងទស្សនាវដ្តី របស់ខ្លួនដូចជា Cancer Epidemiology, Biomarkers & Prevention ជាដើមថា ស្ត្រីអស់រដូវដែលទទួលទានភេសជ្ជៈមានជាតិស្ករខ្ពស់គឺកំពុងវិវត្តខ្លួនទៅរកជម្ងឺ មហារីកស្បូនមួយប្រភេទដ៏ធ្ងន់ធ្ងរ ហើយវានឹងរីករាលដាលបន្តិចម្តងៗ ដោយអាច ប្រឈមមុខនឹងហានិភ័យនៃការស្លាប់បានយ៉ាងងាយទៀតផង។

២.ជម្ងឺមហារីកសុដន់៖ វេបសាយ Telegraphបានបង្ហាញពីការសិក្សានៃសាកល វិទ្យាល័យ Harvard ថាការផឹកភេសជ្ជៈកំប៉ុងនឹងធ្វើឱ្យក្មេងស្រីមានការប្រឈមទៅ នឹងជម្ងឺមហារីកសុដន់យ៉ាងខ្លាំង ព្រោះការផឹកភេសជ្ជៈត្រឹមតែមួយថ្ងៃ១កំប៉ុងកន្លះ អាចបង្កើនហានិភ័យនៃជម្ងឺនេះចំពោះមនុស្សស្រី ជាពិសេសក្មេងស្រីនៅពេលធំឡើង។

ហើយការសិក្សានេះត្រូវបានធ្វើឡើងនៅលើក្មេងស្រី ដែលមានអាយុចន្លោះពី ៩-១៤ឆ្នាំ ចំនួន ៥,៥៨៣នាក់ ដោយបានរកឃើញថា កុមារដែលទទួលទានភេសជ្ជៈ ច្រើនជាង១កំប៉ុងកន្លះ ក្នុងមួយថ្ងៃ។ វាបង្កឱ្យមានភាពធាត់ រាងកាយបញ្ចេញអាំងស៊ុយលីនកើនឡើង និងការផលិតអរម៉ូន estrogen លឿនជាងធម្មតា ហើយជាលទ្ធផលហានិភ័យនៃ ជម្ងឺមហារីកសុដន់​​ ក៏បានកើនឡើងដល់៥%ផងដែរ។

៣. ជម្ងឺមហារីកក្រពេញប្រូស្តាត៖ តាមវេបសាយ Men's Journal ផ្តល់នូវរបាយការណ៍ ចុងក្រោយបំផុត​​​​​ នៃសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ការផឹកភេសជ្ជៈកាបូនពិសេសក្នុងចំណោមបុរស​​​ អាចបង្កឱ្យមានហានិភ័យនៃជម្ងឺ មហារីកក្រពេញប្រូស្តាតខ្ពស់ជាងធម្មតា ព្រោះភេសជ្ជៈពណ៌ខ្មៅមានសារធាតុ 4-Mei ឬហៅថា 4-methylimidazole ដែលការស្រាវជ្រាវបានរកឃើញថា សារធាតុនេះ បណ្តាលឱ្យកើតមហារីកក្រពេញប្រូស្តាតបាន ហើយពេលយកសារធាតុខ្មៅនេះមក ពិនិត្យបន្ថែមក៏រកឃើញថាវាមានរហូតដល់ទៅ ៣៥២មីលីក្រាម និងផ្ទុកសារធាតុ 4-Mei ច្រើនជាង២៩មីលីក្រាម។ កត្តានេះអាចធ្វើឱ្យបុរសងាយរងគ្រោះ ទៅនឹងជំងឺមហារីកក្រពេញប្រូស្តាតប្រាកដណាស់ បើទទួលទានវាច្រើនហួស។

៤. ជម្ងឺមហារីកលំពែង៖ ភេសជ្ជៈមិនត្រឹមតែបណ្តាលឱ្យប្រឈម នឹងជំងឺមហារីក ទាំងបីប្រភេទខាងលើទេ តាមការសិក្សានៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីក្រុង Georgetown ក៏បានបញ្ជាក់ថាការផឹកភេសជ្ជៈកំប៉ុង ច្រើនជាង២កែវក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យ​​ នៃការវិវត្តទៅជាជម្ងឺមហារីកលំពែង​​​ បាន៨៧%បើប្រៀបធៀប ជាមួយអ្នកដែលមិនផឹកវា។ ការសិក្សានេះបានចំណាយពេល ជាង១៤ឆ្នាំ ដើម្បីតាមដានទម្លាប់នៃការបរិភោគអាហារ និងបង្កឱ្យមានជម្ងឺមហារីកលំពែង នេះកើតឡើង។ វាត្រូវបានគេរកឃើញថា មានជាង១៤០ករណី នៃអ្នកជម្ងឺដែលមាន ជម្ងឺមហារីកលំពែព្រោះការផឹកភេសជ្ជៈទាំងនេះ។

ទោះយ៉ាងណាការរកឃើញថា ភេសជ្ជៈកំប៉ុងមានគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែបើប្រៀបធៀបជាមួយអារម្មណ៍ស្រស់ស្រាយ  ពីភេសជ្ជៈនេះវិញវាក៏ល្អខ្លះដែរ។ ដូច្នេះពេលបរិភោគគួរគិត និងកាត់បន្ថយគឺជាការល្អប្រសើរជាង ឬជំនួសដោយការផឹកទឹកវិញ ដើម្បីសុខភាពល្អ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]