អាហ្សង់ទីន៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ អំពីព័ត៌មានកាលពីលើកមុន ដែលអ្នកគាំទ្របាល់ទាត់មួយចំនួនធំ​​ ភ្ញាក់ផ្អើលជាមួយម៉ូតសក់ថ្មីរបស់កីឡាករ Messi។

ជាមួយនឹងម៉ូតសក់ពណ៌សថ្មីនេះ Messi ទទួលបានការសរសើរច្រើនពីអ្នកគាំទ្រ ដោយពួកគេមួយចំនួនគិតថា វាប្លែក និងមើលទៅសាកសម ជាពិសេសចំពោះកីឡាករលំដាប់ពិភពលោករូបនេះតែម្តង។ ដោយឡែក ចំពោះម៉ូតសក់ថ្មីនេះ ក៏មានអ្នកគាំទ្រមួយចំនួន បានយកទៅកាត់ត ធ្វើជារូបភាពកំប្លុកកំប្លែងផងដែរ ។ 

គួររំលឹកផងដែរថា Messi បានប្តូរពណ៌សក់ថ្មី​ តាំងពីអំឡុងខែកក្កដាមកម្ល៉េះ ដែលរូបភាពម៉ូតសក់ពណ៌សនេះ ប្រពន្ធរបស់ Messi ផ្ទាល់ ជាអ្នកបង្ហោះក្នុងបណ្តាញសង្គមរូបភាព Instagram។

ចំពោះមូលហេតុដែលរូបគេសម្រេចចិត្តប្តូរម៉ូតសក់នេះ មិនទាន់មាននរណាម្នាក់បានដឹងនោះទេ ដោយអ្នកគាំទ្រមួយចំនួនគិតថា នេះគ្រាន់តែជាស្ទីលតែងខ្លួនរបស់កីឡាករនីមួយៗតែប៉ុណ្ណោះ តែអ្វីដែលអ្នកគាំទ្រនឹកស្មាន គឺខុសស្រឡះ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ Messi បានទម្លាយមូលហេតុ ក៏ដូចជាអាថ៍កំបាំង នៅពីក្រោយការប្តូរពណ៌សក់ថ្មីនេះផងដែរ។

បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះ អ៊ុយរ៉ាហ្គាយ ១-០ ក្នុងវគ្គជម្រុះ World Cup  Messi បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍មួយរបស់ប្រទេសអាហ្សង់ទីន ដោយរូបគេបានបង្ហើបពីមូលហេតុ ថា «ខ្ញុំចង់ផ្លាស់ប្តូរខ្លួនខ្ញុំម្តងទៀត ពីពេលនេះទៅ ដែលនឹងត្រូវចាប់ផ្តើមពីលេខសូន្យឡើងវិញ»។ Messi បានបន្តទៀតថា «កាលពីប៉ុន្មានខែមុន ខ្ញុំបានជួបរៀងចម្រូងចម្រាស់ច្រើនណាស់ ហើយរឿងទាំងនោះ បានកើតឡើងមកលើខ្ញុំ ទើបដូច្នេះនៅពេលដែលខ្ញុំប្តូរពណ៌សក់នេះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែបំភ្លេចរឿងទាំងនោះចោល ហើយចាប់ផ្តើមវាម្តងទៀត»

គួររំលឹកផងដែរថា កាលពីប៉ុន្មានខែកន្លងទៅនេះ Messi បានបរាជ័យ មិនបានជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន Copa America ក្នុងវគ្គផ្តាច់ព្រ័ត ពោលគឺក្រុមជម្រើសជាតិអាហ្សង់ទីន បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត ៣ឆ្នាំជាប់ៗគ្នាតែម្តង ទើបធ្វើឲ្យរូបគេមានសម្ពាធ និងអន់ចិត្តយ៉ាងខ្លាំង រហូតដល់មានការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិថែមទៀតផង។

ទោះជាយ៉ាងណា  ការសម្រេចចិត្តចូលនិវត្តន៍នេះ Messi  បានលុបចោលវិញ ក្រោយពីមានការស្នើសុំពីគ្រូបង្វឹក និងប្រធានាធិបតីរបស់ខ្លួន។ 

រីឯនៅពេលថ្មីៗនេះដែរ Messi បានបង្ហាញខ្លួនក្នុងការប្រកួត ឲ្យក្រុមជម្រើសជាតិផងដែរ ហើយថែមទាំងរកគ្រាប់បាល់ជូនក្រុមទៀតផង៕ 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Messi បង្អួតម៉ូតសក់ថ្មី ត្រៀមខ្លួន ប្រកួតមិត្តភាព មុនបើករដូវកាលថ្មី ។ គួររំលឹកផងដែរថា កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi ជាដើម គាត់ត្រូវបានគេស្គាល់ថា ជាកីឡាករមិនសូវចេះលេងខ្លួនច្រើន ហើយផ្តោតអារម្មណ៍តែទៅលើការប្រកួត ប៉ុន្តែថ្មីៗនេះវិញ កីឡាកររូបនេះ បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក បានភ្ញាក់ផ្អើលជាមួយម៉ូតសក់ ពណ៍ស ថ្មីរបស់ខ្លួន ដែលមិនធ្លាប់ឃើញពីមុនមក។

កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi បានធ្វើឲ្យអ្នកស្នេហាកីឡាបាល់ទាត់ ភ្ញាក់ផ្អើល ជាមួយ ម៉ូតសក់ថ្មីរបស់ខ្លួន ដោយកាលពីម្សិលមិញនេះ រូបថតមួយសន្លឹក ដែលបង្ហាញពីម៉ូតសក់ថ្មី ពណ៌ស របស់កីឡាកររូបនេះត្រូវបានចែកចាយបន្ត ពេញអ៊ិនធើណេត ។

សូមបញ្ជាក់ផងដែរថា រូបថតមួយសន្លឹកនេះ គឺ ប្រពន្ធរបស់គាត់ផ្ទាល់ជា បង្ហោះនៅក្នុងបណ្តាញសង្គមរូបភាព Instagram ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបានបញ្ចេញនូវចំណាប់អារម្មណ៍ជាច្រើន ជាមួយម៉ូតសក់ថ្មី របស់ កីឡាកររូបនេះ ។

ទាក់ទងនឹងម៉ូតសក់ពណ៍ស ដ៏ស្រស់ស្អាតមួយនេះ ក៏ធ្លាប់មានកីឡាករ៣រូបហើយ ដែលមានលាបពណ៌ដូចគ្នាទៅនឹងសក់ Messi ដែរដូចជាកីឡាករ៖ Ramsey, James Rodriguez, Nasri និង Phil Jones ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]