ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol រដូវកាលទី២» សប្តាហ៍ទី២ បានចាក់ផ្សាយកាលពីរាត្រីថ្ងៃអាទិត្យ ទី៤ កញ្ញា ឆ្នាំ២០១៦ យប់មិញនេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

ក្នុងនោះបេក្ខនារី ហ៊ុន ម៉ាលីស អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ស្ពឺ សព្វថ្ងៃជាសិស្សវិទ្យាល័យ បានបញ្ចេញសមត្ថភាព ដោយលើកយកនូវចម្រៀងមួយបទ មានចំណងជើងថា «ផ្គរលាន់ប៉ៃលិន» ដែលជាប្រភេទបទមនោសញ្ចេតនា ស្នេហា។ នាងធ្វើបានយ៉ាងល្អ ជាមួយនឹងទឹកដមសម្លេង ពិរោះរណ្តំឆក់យកបេះដូងគណៈកម្មការទាំងបួនរូប  ធ្វើឲ្យរូបនាងមានឱកាសឈានជើង ឆ្លងចូលទៅវគ្គបន្តទៀតផងដែរ។

បន្ទាប់ពីមានការត្រេកអរ រំភើបរីករាយបានមួយប្រាវមក ស្រាប់តែទាញវេទិកាទាំងមូលក្លាយជាក្រៀមក្រំ  នៅពេលម្តាយបេក្ខនារីរូបនេះ បានរៀបរាប់ឲ្យដឹងនូវប្រវត្តិជូរចត់ក្នុងគ្រួសារទៅកាន់គណៈកម្មការទាំងបួន ក៏ដូចជាទស្សនិកជនតាមកញ្ចក់ទូរទស្សន៍បានជ្រាបពីការលំបាក  និងទុក្ខព្រួយដែលក្រុមគ្រួសារ របស់គាត់កំពុងតែជួបប្រទះ នាពេលបច្ចុប្បន្ននេះ។ ពោលគឺសឹងតែគ្មានប្រាក់ ធ្វើសោហ៊ុយដើម្បីនាំកូនមកប្រលង ក្នុងកម្មវិធីឡើយ។

ទន្ទឹមនឹងនោះផងដែរ ក្រោយពីបានស្តាប់ការរៀបរាប់ របស់ស្ត្រីជាម្តាយរបស់បេក្ខនារី ហ៊ុន ម៉ាលីស រួចមក បានទាញចិត្តមហាជនស្ទើរទប់ទឹកភ្នែកមិនបានគ្រប់គ្នា។ ក្រោយមក គណៈកម្មការទាំងបួនរូប រួមមានលោក ណុប បាយ៉ារិទ្ធ  កញ្ញា ឱក សុគន្ធ កញ្ញា លោក ព្រាប សុវត្ថិ  និងលោក ឆន សុវណ្ណរាជ ក្នុងទឹកចិត្តជាខ្មែរដូចគ្នា បានសម្រេចចិត្តឧបត្ថម្ភក្នុងម្នាក់ៗ ១០ម៉ឺនរៀលផងដែរ ដោយសរុបទាំងអស់ ៤០ម៉ឺនរៀល ដើម្បីជាកម្លាំងចិត្ត និងជាសោហ៊ុយត្រឡប់ទៅផ្ទះវិញ ជូនទៅដល់ម្តាយបេក្ខនារីហ៊ុន ម៉ាលីស ផងដែរ។

ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងក្តីអាណិត និងផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត ដល់ក្រុមគ្រួសាររបស់បេក្ខនារីវ័យក្មេងរូបនេះ  ដោយក្នុងនោះមានគណនីហ្វេសប៊ុកមួយឈ្មោះ Ouk Sam Aun បានបញ្ចេញមតិថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាអនេកប្បការជូនទៅ កញ្ញា សុគន្ធ កញ្ញា លោក សុវត្ថិ លោក បាយ៉ារិទ្ធ លោក សុវណ្ណរាជ បានជួយឧបត្ថម្ភថវិកា ចំនួន១០០,០០០រៀល។ ដោយក្នុងនោះ ក្នុងម្នាក់ៗថវិការសរុបមានចំនួន ៤០០,០០០រៀលគត់ ប្រគល់ជូនម្តាយបេក្ខនារីមកពីខេត្ត កំពង់ស្ពឺ ដែលមានការខ្វះខាត ដើម្បីដោះស្រាយចំពោះក្រុមគ្រួសារដែលប្រឈម បានមកប្រលងក្នុងកម្មវិធី Cambodian Idol បន្តទៀត ដើម្បីឆ្ពោះទៅភាពរុងរឿង។ តាងនាមខ្ញុំតំណាងឲ្យប្រជាជនទាំងអស់ នៅក្នុងប្រទេសនិងក្រៅប្រទេស សូមប្រសិទ្ធិពរជ័យ ជូនទៅក្រុមគណៈការទាំងបួនរូប សូមប្រកបអាជីពនេះរៀងរហូត រកទទួលទានមានបាន ពិសេសសម្រស់កាន់តែស្រស់ស្អាតរៀងរហូត នឹងសូមប្រកបពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ក្នុងនោះក៏មានការឆ្លើយតប ពីសំណាក់គណៈកម្មការ ដ៏ស្រស់សង្ហាររហស្សនាម មុខក្មេងសម្លេងចាស់ លោក បាយ៉ារិទ្ធ ដែរថា «ខ្ញុំតំណាងឲ្យគណៈកម្មការទាំងបួន សូមអរគុណចំពោះពាក្យជូនពរ របស់បងប្អូន»

ទស្សនាវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា