បរទេស៖ ព្រឹត្តការណ៍កីឡាបាល់ទាត់ World Cup ឆ្នាំ២០១៨ នៅពេលនេះបានចាប់ផ្តើមការប្រកួតវគ្គជម្រុះជុំដំបូងហើយ ដែលកាលពីយប់មិញនេះ មានការប្រកួតជាច្រើនក្រុមធ្វើការប្រកួតទៅតាមពូលនីមួយៗ ។

ក្នុងនោះដែរ មានគូពិសេស២គូ បានធ្វើការប្រកួត ដូចជា ក្នុងពូលF អង់គ្លេស យកឈ្នះ ស្លូវ៉ាគី ១-០ និងក្នុងពូលC ម្ចាស់ជើងឯក World Cup ឆ្នាំ២០១៤ ក្រុមឥន្រី្ទយ៍ដែក អាល្លឺម៉ង់ បានយកឈ្នះ ន័រវេស ក្នុងលទ្ធផល ៣-០ ។ 

ទាក់ទងនឹងការប្រកូតរវាង អង់គ្លេស និង ស្លូវ៉ាគី កាលពីយប់មិញនេះ ប្រារព្ធឡើងនៅក្នុងកីឡដ្ឋាន Anton Malatansky របស់ប្រទេសស្លូវ៉ាគី ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណជិត ២មឺុននាក់ ប៉ុន្តែលទ្ធផលចុងក្រោយនោះក្រុមម្ចាស់ផ្ទះបានត្រឹមអស់សង្ឃឹមនៅចុងម៉ោង ពោលគឺ នាទី៩០+៥ ខ្សែបំរើរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Adam Lallana បានស៊ុតចូលជួយឲ្យអង់គ្លេស ទទួលបាន៣ពិន្ទុ ក្នុងការប្រកូតដំបូង។

សូមបញ្ជាក់ផងដែរថា នេះគឺជាគ្រាប់ទីមួយរបស់ Adam Lallana សម្រាប់ក្រុមជម្រើសជាតិ ខណៈជ័យជំនះនេះ ក៏ជាជ័យជំនះលើកទីមួយរបស់គ្រូបង្វឹក លោក Sam Allardyce ក្នុងការប្រកួតជម្រុះវគ្គដំបូង World Cup ផងដែរ។

ក្រលេកមកមើលគូពិសេសមួយគូទៀត ក្នុងពូល C ដែលជាការប្រកួតរវាង ន័រវេស និងអាល្លឺម៉ង់ ដែលន័រវេស គឺជាក្រុមម្ចាស់ផ្ទះវិញម្តង។ ការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Ullevaal របស់ក្រុមន័រវេស ដែលមានអ្នកចូលរួមទស្សនាប្រមាណជាង ២មឺុន ៥ពាន់នាក់។

ទាក់ទងនឹងការប្រកួតនេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ទទួលបាន៣ពិន្ទុ ឡើងឈរលើកំពូលតារាង ក្នុងពូលC បន្ទាប់ពី បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ ន័រវេស ៣-០ ក្នុងលទ្ធផលបញ្ចប់ការប្រកូត ៩០នាទី ។

គួរបញ្ជាក់ផងដែរថា ៣គ្រាប់ របស់អាល្លឺម៉ង់ កាលពីយប់មិញនេះ ស៊ុតចូលដោយខ្សែបំរើប្រយុទ្ធ របស់ Bayern Munich កីឡាករ Thomas Muller ២គ្រាប់ម្នាក់ឯង ចំនែកឯមួយគ្រាប់ទៀត ជាការស៊ុតបញ្ចូលទី ដោយកីឡាករ Joshua Kimmich ៕ 

ទស្សនាវីដេអូ Highlights នៃការប្រកួត៖

ប្រភព៖ Mirror Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]