ស្រ្តីភាគច្រើន នៅតែអាចទៅធ្វើការបាន ទោះបីជាពួកគេកំពុងមានផ្ទៃពោះក៏ដោយ។ ពួកគេសុខចិត្ត នៅធ្វើការរហូតជិតដល់ ថ្ងៃឆ្លងទន្លេតែម្តង។ ទោះបីជាមិនចាំបាច់ ខ្វល់ខ្វាយអំពី ការមករដូវក៏ពិតមែន ប៉ុន្តែការទៅធ្វើការ ទាំងមានផ្ទៃពោះ អាចត្រូវប្រឈមនឹងបញ្ហាមួយចំនួន។ អ្នកត្រូវតែរក្សាសុវត្ថិភាពខ្ពស់ ក្នុងកន្លែងធ្វើការ ដើម្បីឲ្យមានសុខភាពល្អទាំងមាតា និងកូនក្នុងផ្ទៃ។

នេះជាអ្វី ដែលអ្នកត្រូវធ្វើជាទូទៅ មួយចំនួន ៖

• យកម្ហូបខ្លះ និងទឹក ទៅជាមួយអ្នក នៅពេលចេញពីផ្ទះ ទៅធ្វើការ។ វាជាការល្អ ប្រសិនបើអ្នក បរិភោគអាហារដែលរៀបចំពីផ្ទះខ្លួនឯង។ វាអាចជួយអ្នក មិនឲ្យឆ្លងមេរោគ និងជំងឺផ្សេងទៀតដែលទាក់ទងនឹង ការរំលាយអាហារ។

• ដកឃ្លាពីការងារខ្លះ។ អ្នកគ្រាន់តែទៅអង្គុយនិយាយគ្នាលេង ជាមួយមិត្តភក្តិ ឬដើរចុះដើរឡើងមួយភ្លែត ក៏ជាការល្អ។ អ្នកត្រូវព្យាយាមដកដង្ហើមវែងៗ និងត្រូវធ្វើចលនា ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។

• រក្សាឥរិយាបថអង្គុយ ឲ្យបានល្អ ដើម្បីការពារស្ថានភាពគ្រោះថ្នាក់ផ្សេងៗ។ ពេលខ្លះ ជើងរបស់អ្នក នឹងឡើងហើម ដូច្នេះអ្នកគួរដាក់ជើងសណ្តូកលើ កូនកៅអីណាមួយ ដើម្បីបន្ធូរបន្ថយអាការៈ ហើមជើងនោះបានផងដែរ។

• ចៀសវាងធ្វើចលនារាងកាយ ឲ្យហួសកំលាំង។ អ្នកគួរព្យាយាមចៀសវាងការឡើងជណ្តើរ និងប្រើជណ្តើរយោង តាមដែលអាចធ្វើទៅបាន ក៏ព្រោះតែអ្នកត្រូវ រក្សាកំលាំងឲ្យបានគ្រប់គ្រាន់។

• អ្នកប្រាកដជា ធ្លាប់បានទទួលការណែនាំពីគ្រូពេទ្យរួចមកហើយ។ អ្នកមិនត្រូវបានអនុញ្ញាតឲ្យ ជក់បារី ឬទទួលទានកាហ្វេច្រើនឡើយ។ សារជាតិ នីកូទីន និងកាហ្វេអ៊ីន នឹងបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។

• ចៀសវាងបើកបរលើផ្លូវ មិនស្មើ ព្រោះវាបង្កភាព មិនងាយស្រួលដល់រាងកាយ។ ផ្លូវដែលរលាក់ និងមានគ្រលុកច្រើន នឹងបង្កផលប៉ះពាល់ដល់ កូនក្នុងផ្ទៃ។

• ទទួលទានទឹក និងទឹកផ្លែឈើស្រស់ ឲ្យបានច្រើន និងជៀសវាងនូវគ្រឿងស្រវឹង។ ការផ្តល់នូវសារធាតុទឹក បានគ្រប់គ្រាន់ ដល់ប្រព័ន្ធរាងកាយ អាចជួយកាត់បន្ថយអាការៈ រមួលក្រពើ ជាពិសេស ការពារមិនឲ្យហើមពោះ និងក្អួតចង្អោរបានទៀតផង។ 

ស្រ្តីមានផ្ទៃពោះ ប្រាកដជាមានការលំបាក ក្នុងការរក្សាផាសុកភាព ខណៈពេលដែលកំពុងបំពេញការងារ ជាពិសេស អំឡុងត្រីមាសដំបូង។ តោះទៅតាមដាន គន្លឹះបន្ថែមមួយចំនួន សម្រាប់មាតាដែលធ្វើការ ខាងក្រោមនេះ ៖

១. បញ្ហាក្អួតចង្អោរ

មនុស្សជាច្រើន តែងតែហៅអាការៈនេះថា “ចាញ់កូន” ដែលស្រ្តីមានផ្ទៃពោះ ប្រាកដជាដឹងច្បាស់។ អ្នកអាចអនុវត្តន៍តាមការណែនាំខាងក្រោមនេះ ដើម្បីជួយបន្ធូរបន្ថយ អាការៈចាញ់កូន ៖

• ចៀសវាងហិតក្លិន ឬអាហារ ដែលអ្នកមិនចូលចិត្ត

• ញ៉ាំអាហារសម្រន់ ដូចជានំស្រួយ ឬអាហារដែលមានជាតិខ្លាញ់ទាប (ឧទាហរណ៍៖ បាយ នំប៉័ង ឬដំណាប់ផ្លែប៉ោម -ល- )

• ព្យាយាមបរិភោគអាហារម្តងបន្តិចៗ មួយថ្ងៃ ៥ ទៅ ៦ ដងវិញ ល្អជាងបរិភោគតែ ៣ ពេល តែច្រើន

• ទទួលទានទឹក ឲ្យបានច្រើនបំផុត

• គេងឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

២. បញ្ហាអស់កម្លាំង

អ្នកនឹងមានអារម្មណ៍ថា អស់កម្លាំងជាងពេលធម្មតា ជាពិសេស នៅអំឡុងពេលមានផ្ទៃពោះដំបូង និងពេលជិតសម្រាល។ ដើម្បីការពារអាការៈអស់កម្លាំង អ្នកគួរ ៖

• ឧស្សាហ៍ងើប ដើរចុះដើរឡើង ២-៣ នាទី ឬគួរទៅគេងបន្តិច ក្នុងឡាន ពេលសម្រាកបាយថ្ងៃត្រង់

• ចូលគេងពីព្រលប់ ដើម្បីសម្រាកបានគ្រប់គ្រាន់

• ធ្វើលំហាត់ប្រាណខ្លះ ដើម្បីឲ្យអ្នកមានថាមពលពេញមួយថ្ងៃ

• ញ៉ាំទឹកឲ្យបានច្រើន នៅពេលថ្ងៃ និងញ៉ាំទឹកតិច នៅពេលយប់ ដើម្បីកុំឲ្យពិបាកងើបចូលបន្ទប់ទឹក នៅពាក់កណ្តាលយប់

• បរិភោគអាហារ ដែលមានសុខភាពល្អ ជាពិសេស អាហារសម្បូរជាតិដែក និងជាតិប្រូតេអ៊ីន

• ធ្វើអារម្មណ៍ឲ្យធូរស្រាល និងចៀសវាងស្ថានភាពតានតឹងអារម្មណ៍ តាមដែលអាចធ្វើទៅបាន។ 

៣. បរិស្ថានការងារ ត្រូវមានសុវត្ថិភាព

ប្រសិនបើអ្នកធ្វើការងារ ដែលទាក់ទង នឹងការផលិត ឬប្រើប្រាស់ សារធាតុគីមី និងថ្នាំពេទ្យ នោះអ្នកមិនត្រូវប៉ះពាល់ សារធាតុគីមីណាមួយទាំងនោះឡើយ ព្រោះវាផ្តល់ផលប៉ះពាល់អវិជ្ជមាន លើកូនក្នុងផ្ទៃរបស់អ្នក។ ក្នុងករណីបែបនេះ អ្នកគួរតែទៅនិយាយផ្ទាល់ ជាមួយអ្នកគ្រប់គ្រង ឬផ្លាស់ប្តូរវេនធ្វើការណា ដែលមិនពាក់ព័ន្ធ ឬមិនប៉ះពាល់ជាតិគីមី ជាបណ្តោះអាសន្ន ក៏ជាការល្អ។

ជាក់ស្តែង ការងារភាគច្រើន សព្វថ្ងៃនេះ សុទ្ធតែពាក់ព័ន្ធ នឹងការប្រើប្រាស់កុំព្យូទ័រ និងអង្គុយនៅនឹងតុ សឹងតែពេញមួយថ្ងៃ ដែលបណ្តាលឲ្យ ស្ត្រីមានផ្ទៃពោះភាគច្រើន មានបញ្ហាឈឺដៃ ឈឺក ឈឺស្មា ឈឺខ្នង ឈឺចង្កេះ និងរោយភ្នែកទៀតផង។ ហេតុនេះ ដើម្បីចៀសវាងការឈឺចាប់ អ្នកគួរ ៖

• ឧស្សាហ៍ដើរចុះឡើង ក្នុងការិយាល័យ

• សារ៉េកៅអីអង្គុយ និងសម្ភារៈការិយាល័យ ឲ្យមានផាសុកភាព

• ប្រើកូនខ្នើយ មកដាក់កល់ខ្នង ឬចង្កេះ

• ដាក់ជើងរបស់អ្នក លើកំណល់កល់ជើង ណាមួយ

• ត្រូវដាក់ដៃ និងប្រអប់ដៃ វាយកុំព្យូទ័រ ក្នុងឥរិយាបថត្រឹមត្រូវ

• ប្រើកញ្ចក់ការពារ អេក្រង់កុំព្យូទ័រ

• លៃតម្រូវពន្លឺ របស់កុំព្យូទ័រ ក្នុងកម្រិតណាមួយ ដែលអ្នកគិតថា អាចផ្តល់ផាសុកភាពភ្នែកបាន។

៤. សុវត្ថិភាពក្នុងការបើកបរ

ប្រសិនបើអ្នកត្រូវ បើកឡានទៅធ្វើការ ទាំងមានផ្ទៃពោះ នោះអ្នកគួរតែអនុវត្តតាមគន្លឹះទាំងនេះ ៖

• ពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ

• ការបើកបរ អាចបង្កភាពនឿយហត់ ហេតុនេះ ក្នុងមួយថ្ងៃ មិនអាចបើកបរលើសពី ៥ ទៅ ៦ ម៉ោងឡើយ

• ប្រសិនបើជួបគ្រោះថ្នាក់ ត្រូវធ្វើការសង្គ្រោះជាបន្ទាន់ ដើម្បីការពារខ្លួនអ្នក និងកូនក្នុងផ្ទៃ

• ទាក់ទងទៅកាន់អ្នកជំនាញភ្លាមៗ ប្រសិនបើអ្នកមានការឈឺចាប់ក្នុងពោះ ឬមានឈាម និងសារធាតុរាវហូរចេញ ពីទ្វារមាសរបស់អ្នក។

៥. ជ្រើសរើសសម្លៀកបំពាក់ ដែលផ្តល់ផាសុកភាព

សម្លៀកបំពាក់ សម្រាប់ស្រ្តីមានផ្ទៃពោះគឺ ត្រូវតែទន់ និងធ្វើឡើងពីក្រណាត់ សរសៃធម្មជាតិ។ អ្នកនឹងមានអារម្មណ៍ ដូចជាស្ទះដង្ហើម ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់ ដែលដេរឡើងដោយក្រណាត់ ជាតិសរសៃសិប្បនិម្មិត។ ជាងនេះទៅទៀត សម្លៀកបំពាក់ទាំងអស់ត្រូវតែរលុង តែអ្នកក៏អាចជ្រើសរើសម៉ូតបែបទាន់សម័យបានដែរ។ អ្នកត្រូវពាក់ស្បែកជើងរាប និងមិនត្រូវពាក់ស្បែកជើងកែងទេ ព្រោះវាអាចបណ្តាលឲ្យអ្នកដួលបាន៕ 

ប្រភព៖ march of dimes | Beauty Health Tips

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]