បរទេស៖ កាលពីយប់មិញនេះ មានការប្រកួតមិត្តភាពជាច្រើនគូ បានធ្វើការប្រកួតសម្រាប់ត្រៀម ដើម្បីទៅជម្រុះជុំដំបូង World Cup ឆ្នាំ២០១៨ នាចុងសប្តាហ៍នេះ។ ក្នុងនោះដែរ ការប្រកួតមិត្តភាពទាំងនេះ មានគូធំៗចំនួន២ ដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺ បារាំង ប៉ះ អីុតាលី និង អេស្ប៉ាញ ប៉ះ បែលហ្ស៊ិក ដែលលទ្ធផលនោះគឺ បារាំង បានយកឈ្នះ អីុតាលី ៣-១ និង អេស្ប៉ាញ ឈ្នះ បែលហ្ស៊ិក ២-០ ។

កាលពីយប់មិញនេះ អីុតាលី បានទទួលស្វាគមន៍ ក្រុមភ្ញៀវ ជម្រើសជាតិបារាំង នៅក្នុងកីឡដ្ឋាន Stadio San Nicola ក្រោមក្រសែភ្នែកអ្នកគាំទ្រ ជិត ៤មឺុននាក់ នៅក្នុងកីឡដ្ឋាន ប៉ុន្តែលទ្ធផលចុងក្រោយ ក្រុមជម្រើសជាតិអីុតាលី បានត្រឹមធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនអស់សង្ឃឹម ដោយបរាជ័យក្រោមស្នាដៃ ក្រុមជម្រើសជាតិបារាំង ៣-១ ។

ទាក់ទងនឹងការប្រកួតនេះដែរ នៅក្នុងតង់ទី១ ក្រុមទាំងពីរ អាចស្វែងរកគ្រាប់បាល់រៀងៗខ្លួនដូចគ្នា ពោលគឺនៅនាទី១៧ ខ្សែបំរើស្លាបរបស់ក្រុម Man Utd កីឡាករ Anthony Martial បានស្វែងរកគ្រាប់បាល់នាំមុខដំបូង។ ក្រោយមកទៀត ៤នាទី បន្ទាប់ ក្រុមម្ចាស់ផ្ទះ ជម្រើសជាតិ អីុតាលី កីឡាករ Graziano Pelle បានតាមយកស្មើវិញនៅ នាទី២១ ។ ការប្រកួតនៅតែបន្តមានគ្រាប់បាល់បន្ថែម ដោយនៅនាទី២៨ កីឡាករ Olivia Giroud បានជួយឲ្យក្រុមជម្រើសជាតិបារាំង នាំមុខ ២-១ វិញទៅលើក្រុមម្ចាស់ផ្ទះ។ លទ្ធផល ២-១ នេះក៏បានរក្សារហូតដល់បញ្ចប់តង់ទី១។

ចូលដល់តង់ទី២ ក្រុមជម្រើសជាតិ បារាំង បានថែមគ្រាប់មួយគ្រាប់ទៀត ជួយឲ្យ បារាំង យកឈ្នះលើ ក្រុមជម្រើសជាតិ អីុតាលី ក្នុងលទ្ធផល ៣-១ ដែលគ្រាប់ទីបីនេះ ធ្វើឡើងដោយកីឡាករ Lavyin Kurzawa នៅនាទី៨១ ។ 

ក្រលេកមកមើលការប្រកួតមិត្តភាពមួយគូទៀត ដែលជាការប្រកូតរវាង ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមម្ចាស់ផ្ទះបែលហ្ស៊ិក ដែលធ្វើឡើងក្នុងកីឡដ្ឋាន Koning Boudewijnstadion ជាមួយនឹងអ្នកគាំទ្រ ៣មឺុន ៩ពាន់នាក់ នៅក្នុងកីឡដ្ឋាន។

គួរបញ្ជាក់ផងដែរថា បែលហ្ស៊ិក ទើបតែបានតែងតាំង គ្រូបង្វឹកថ្មី លោក Roberto Marinez និងជំនួយការគ្រូបង្វឹកថ្មី គឺអតីតខ្សែប្រយុទ្ធរបស់ Arenal គឺកីឡាករ Thiery Henry ប៉ុន្តែលទ្ធផលចុងក្រោយ បែលហ្ស៊ិកបានត្រឹមបរាជ័យ ធ្វើឲ្យគ្រូបង្វឹកដែលទើបនឹងដឹកនាំប្រកួតដំបូង ទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រផងដែរ។

ទាក់ទងនឹងការប្រកួតវិញ យើងសង្កេតឃើញថា ក្រុមជម្រើសជាតិអេស្ប៉ាញ ថ្វីត្បិតមិនទទួលជោគជ័យ កាលពី EURO ក៏ពិតមែន ប៉ុន្តែកាលពីយប់មិញ ពួកគេធ្វើបានល្អណាស់ ជាពិសេសគឺកីឡាករ David Silva ដែលសព្វថ្ងៃលេងឲ្យក្លិប Man City អាចស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមភ្ញៀវ អេស្ប៉ាញ យកឈ្នះ លើក្រុមម្ចាស់ផ្ទះ ជម្រើសជាតិ បែលហ្ស៊ិក ក្នុងលទ្ធផល ២-០ ។

ចំនែកឯការប្រកួតមិត្តភាពផ្សេងៗវិញមានដូចជា ក្រុមដំណែងជើងឯក EURO ឆ្នាំ២០១៦ ព័រទុយហ្គាល់ បានយកឈ្នះ ក្រុមជម្រើសជាតិ ជីប្លាតា ៥-០ និង ក្រុមជម្រើសជាតិក្រិក បានយកឈ្នះ ក្រុមជម្រើសជាតិ ហូឡង់ ២-១ ៕ 

ទស្សនាវីដេអូ Highlights នៃការប្រកួតទាំង២គូ៖

ប្រភព៖  Mirror Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]