ថៃ៖ នាងក្រមុំពិការម្រាមដៃម្នាក់ បានតស៊ូធ្វើការងារចិញ្ចឹមពុកម៉ែ ទាល់តែបានសម្រេចដូចបំណង ហើយកំពុងតែមានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ និងក្នុងអនឡាញថា នាងពិតជាមនុស្សម្នាក់ ពោរពេញ ទៅដោយទេពកោសល្យ សមត្ថភាព ព្រមទាំងការព្យាយាមខ្ពស់ គួរឱ្យស្ងើចសរសើរ ពិតៗ។  ភាពល្បីល្បាញនេះត្រូវបានគេលើកតម្កើង  និងបើកចំហរជាសារធារណៈនៅ ពេលនាងបានចូលរួមបង្ហាញខ្លួន ក្នុងកម្មវិធី Take Me Out Thailand។

នាង Muay Tasane បានរៀបរាប់ពីជីវិតតស៊ូរបស់នាងដូចតទៅនេះថា៖ នៅពេលនាង ចាប់កំណើតនៅក្នុងផ្ទៃម្តាយ ម្តាយនាងបានកើតជម្ងឺស្អូច។ គួររំលឹកថា ៣០ឆ្នាំមុននោះ រដ្ឋាភិបាលបានប្រកាសផងដែរថា ស្រី្តដែលកើតជម្ងឺនេះហើយមានផ្ទៃពោះ អាចធ្វើការរំលូតកូនចេញបានដោយសេរី និងមិនខុសច្បាប់ទេ។ ប៉ុន្តែម្តាយនាងបាន ជ្រើសរើសថែរក្សារូបនាងទុកនៅក្នុងផ្ទៃទាំងលំបាកលំបិន ទើបធ្វើឱ្យនាងត្រូវកើតមក ពិការម្រាមដៃទាំងសងខាងតាំងពីកំណើតដូច្នេះ។

កាលពីកុមារភាពជាញឹកញាប់តែងតែមានការបន្ទោសបង្អាប់ពីមិត្តភក្តិថា នាងជាមនុស្សគ្មានកាយសម្បទាគ្រប់គ្រាន់ដូចគេឯង ប៉ុន្តែនាងមិនដែលស្រក់ទឹកភ្នែកទេព្រោះ ដោយសារតែម្តាយតែងបង្រៀនថា៖ «ទឹកភ្នែកគួរតែស្រក់ចុះមកសម្រាប់តែពេលសំខាន់ប៉ុណ្ណោះ»។ នេះជាកម្លាំងចិត្តដ៏ធំធេង តែពេលខ្លះក៏អន់ចិត្តដែរថា ហេតុអ្វីបានជាមិត្តភក្តិមិនលេងជាមួយ។

នាង Muay បានបញ្ចប់ការសិក្សាផ្នែកវិជ្ជាជីវៈ នៅសាលាជាធម្មតា នាងចូលចិត្តធ្វើអ្វី ដែលទាក់ទងនឹងជំនាញកែសម្ផស្ស ប៉ុន្តែរាល់លើកតែងមានការសើចចំអកជារឿយៗ ទៅលើពិការភាព  និងភាពលំបាកតោកយ៉ាករបស់នាង។ ​នៅចាំបានថាកាលពីអាយុ ៥ឆ្នាំ នៅក្នុងផ្ទះគ្មានលុយសូម្បី១បាត រកតែអង្ករច្រកឆ្នាំងសឹងមិនបានផង។ កត្តានេះ ជម្រុញឱ្យពេលធំពេញវ័យបន្តិចធ្វើឱ្យនាង Muay សម្រេចចេញស្វែងរកការងារធ្វើ ដោយខ្លួនឯង។

ក្រោយមកក៏បានទទួលការងារនៅក្រុមហ៊ុនឯកជនមួយ ប៉ុន្តែការប្រើដៃឆ្វេងចាប់ ធ្វើការមិនថ្នឹកក៏ត្រូវគេបណ្តេញចេញ និងស្តីឱ្យនៅចំពោះមុខមនុស្សជាច្រើនថា «ម្រាមដៃពិការបែបនេះហើយមកធ្វើការធ្វើអី»។ ពេលនោះនាងមានអារម្មណ៍ខ្មាសគេ ណាស់ និងគ្មានភាពតស៊ូទៀតទេសម្រាប់ឆាកជីវិតក្នុងជាតិនេះ។ ក្រោយមកក៏ដក លុយ៥បាត ដែលមាននៅក្នុងហោប៉ៅតេទូរស័ព្ទទៅរកម្តាយ។

ពាក្យទីមួយដែលម៉ែសួរនាងគឺ៖ បានកាងារទេកូន? នាង Muay ក៏ឆ្លើយទាំងទឹកភ្នែក ហូរថា ម៉ែ...គេថាម្រាមដៃកូនពិការ។ ម៉ែក៏តបដោយក្តុកក្តួលថា៖ មកផ្ទះយើងវិញ មកកូនម៉ែចិញ្ចឹមកូនបាន។ សម្តីនេះក៏រឹតតែជម្រុញទឹកចិត្តឱ្យនាង ត្រូវតែតស៊ូ ពិសោធន៍ឱ្យអ្នកដទៃបានឃើញថា ម្រាមដៃខ្លីៗពិការបែបនេះ ក៏អាចធ្វើការងាររក​ប្រាក់បានមិនចាញ់នរណាដែរ។  ត្រឡប់មកជាមួយនឹងកម្លាំងចិត្តសាជាថ្មី នាងក៏ចាប់ផ្តើមពីការសិក្សាលើទំព័របណ្ដាញកម្មវិធី Google Reader ពីម៉ោង៦ព្រឹករហូតដល់ ពាក់កណ្ដាលអធ្រាត។

ជាមួយការលក់ផលិតផលតាមបណ្តាញអនឡាញជាលើកដំបូង  នាងត្រូវប្រកួតប្រជែងជាមួយក្មេងស្រីៗជាច្រើននាក់ទៀត ដោយសន្យានឹងម្ចាស់ក្រុមហ៊ុនថា ក្នុងរយៈពេល ៣ខែ បើធ្វើមិនបាន នាងនឹងមិនទទួលយកប្រាក់ខែពីម្ចាស់រោងចក្រឡើយ។ ទង្វើនេះបានទទួលការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាដែលរួមការងារជាមួយ។

ចាប់តាំងពីនោះមក នាងព្យាយាមធ្វើគ្រប់យ៉ាងពហុជំនាញ ក្រោយមកក៏ធ្វើបាន សម្រេចជោគជ័យមានលុយកាក់ ផ្ញើទៅចិញ្ចឹមម៉ែពុកនៅផ្ទះ។ មួយរយៈកន្លងផុតទៅ នាងក៏ត្រូវាបានផ្លាស់ប្តូរតំណែង ផ្លាស់ប្តូរជីវិតថ្មី ទោះបីមានថ្ងៃខ្លះគេងបានត្រឹម ៣ម៉ោងក្នុង១ថ្ងៃក៏នាងមិនរុញរាដែរ។  ក្រៅពីការងារនាង Muay ក៏បានបន្តការសិក្សា បន្ថែមលើជំនាញរបស់ខ្លួន។  ទីបំផុតបន្ទាប់ពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ នាងក៏បានបើកអាជីវកម្មខាងផ្នែកគ្រឿងសម្អាងផ្ទាល់ខ្លួន ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រពីអតិថិជនតាមអនឡាញរាប់ពាន់នាក់ទូទាំងប្រទេស  និងកំពុងតែមានជីវភាពរស់នៅល្អប្រសើរជាងមុនឆ្ងាយណាស់។ ជាពិសេសនាង Muay ក៏បានទទួលងារថា ជាស្រីស្អាត ឆ្លាត មាន និងជាអាយដល (Idol) របស់នារីៗជាច្រើន។

សព្វថ្ងៃនេះនាង Muay Tasane ម្ចាស់ហាងសាឡន Tasane House មានជីវិតល្អប្រសើរ ហើយអាជីវកម្មក៏ចេះតែរីកលូតលាស់ជាលំដាប់។

នាងក៏បានប្រាប់បន្ថែមថា ការតស៊ូរមែងទទួលក្តីសម្រេចជានិច្ច ព្រោះមនុស្សដែល ដឹងគុណមាតាបិតាមិនដែលលិចលង់ទេ។ ចង់ឱ្យអ្នកទាំងអស់គ្នាក្រោកឡើង កុំចុះចាញ់ ត្រូវប្រយុទ្ធប្រឆាំងនឹងរឿងជីវិតរបស់អ្នក ទោះក្រទោះពិការតែនៅទីបំផុត ក៏អាចក្លាយជាអ្នកមានបានដែរ បើអ្នកខំប្រឹងឱ្យអស់ពីសមត្ថភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]