ជារៀងរាល់ថ្ងៃយើងត្រូវការ ជ្រើសរើសរបបអាហារណាដែលល្អ និងមានប្រយោជន៍ សម្រាប់ ចិញ្ចឹមផ្នែកផ្សេងៗនៃរាងកាយឱ្យបានប្រសើរជានិច្ច ព្រោះថារាងកាយ របស់មនុស្សយើងម្នាក់ៗ មានសុខភាពមិនដូចគ្នាទេ។ ក៏ប៉ុន្តែអ្វីដែលវាត្រូវការជា ចាំបាច់មិនអាចខ្វះបាននោះគឺ សារធាតុចិញ្ចឹមដូចៗគ្នា ដើម្បីបង្កើនថាមពល ជួសជុលកោសិកានានាដែលខូចខាតផងដែរ។

ដូច្នេះដើម្បីនឹងទទួលបាននូវផលប្រយោជន៍យ៉ាងពេញលេញ សម្រាប់ទាំងរាងកាយ ជាពិសេសគឺខួរក្បាលផងនោះ យើងមកនាំគ្នាទទួលទានផ្លែស្រ្តរប៊ឺរី ឬទឹកវាក៏បានដែរ ដោយអនុវត្តន៍តាមរូបមន្តនេះសាកមើល៍។ អ្នកក៏អាចធ្វើវាញ៉ាំដោយខ្លួនឯងបាន ងាយៗ ផ្តល់អត្ថប្រយោជន៍ខ្ពស់ដូចខាងក្រោម៖

• រូបមន្តនេះគឺតម្រូវឱ្យមានគ្រឿងផ្សំដូចជា៖

១. ផ្លែស្រ្តរប៊ឺរីស្រស់ ៥ផ្លែ

២. ស្លឹកជីអង្កាមស្រស់១ក្តាប់ដៃតូច

៣. ផ្លែក្រូចឆ្មារ១ចំហៀងផ្លែ

៤. និងទឹកស្អាត៣៥0មីលីលីត្រ

វិធីធ្វើងាយៗ៖

អ្នកគ្រាន់តែនាំយកផ្លែស្រ្តរប៊ឺរី ស្លឹកជីអង្កាម ច្របាច់ក្រូចឆ្មា បន្ទាប់មកចាក់ទឹកស្អាត ចូល ឬប្រើទឹកកកក៏បាន ដាក់លាយចូលគ្នាទៅក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកវា ជាមួយគ្នារហូតដល់ម៉ត់សព្វល្អ សឹមចាក់ចូលកែវទទួលទាន។ បើអ្នកចូលចិត្តរសផ្អែម អ្នកក៏អាចបន្ថែមទឹកឃ្មុំចូលទៅបន្តិចតាមចំណង់ចំណូលចិត្ត។

នៅក្នុងរូបមន្តនេះ ក្រៅពីផ្លែស្រ្តរប៊ឺរីសម្បូរទៅដោយវីតាមីនC និងមានផ្ទុកសារធាតុ ប្រឆាំងប្រតិកម្មអុកស៊ីតហើយ វាក៏អាចជួយធ្វើឱ្យកោសិកាខួរក្បាលរីកលូតលាស់ ធំធាត់ល្អ។ ពិសេសវាក៏ជួយកាត់បន្ថយហានិភ័យនៃជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ ជម្ងឺសរសៃ ឈាមបេះដូង មហារីកពោះវៀនធំផងដែរ។ ចំណែកឯស្លឹកជីអង្កាម ដូចគ្នានេះវាក៏ អាចជួយកាត់បន្ថយការហើមពោះឆ្អល់ពោះ ព្រោះដោយសារតែវា អាចជួយរំលាយ អាហារ និងកាត់បន្ថយឧស្ម័ននៅក្នុងក្រពះយ៉ាងមានប្រសិទ្ធភាព ផងដែរ។

ដូច្នេះមិនគួរមើលរំលងទេ ទំនេរៗអ្នកគួរឆ្លៀតធ្វើវាញ៉ាំដោយខ្លួនឯង ឬធ្វើជូនសមាជិកក្នុងក្រុមគ្រួសារទទួលទានជុំគ្នា បង្កើនក្តីសុខក្នុងរង្វង់គ្រួសារ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]