អង់គ្លេស៖ ខ្សែការពារជម្រើសជាតិប្រេស៊ីល កីឡាករ David Luiz ដែលផ្លាស់ពី Chelsea ទៅ PSG កាលពី ២ឆ្នាំមុននោះ ឥឡូវនេះរូបគេបានសម្រេចចិត្តវិលត្រលប់មកកាន់ក្លិបចាស់របស់គេវិញហើយ ក្នុងតម្លៃ ៣០លានផោន។

នៅក្នុងទីផ្សារដោះដូរកីឡាករដែលទើបនឹងបិទកាលពីយប់មិញនេះដែរ មានកីឡាករជាច្រើននៅក្នុងតំបន់អឺរ៉ុប ត្រូវបានទិញ-លក់ ខណៈការជួញដូរដែលអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះគឺ David Luiz បានវិលមកកាន់ក្លិបចាស់របស់ខ្លួនវិញ។ 

គួរបញ្ជាក់ផងដែរថា Luiz បានធ្វើតេស្តពិនិត្យសុខភាពជាប់បានជោគជ័យមុននឹងការបិទទីផ្សារដោះដូរកីឡាករមកដល់ មិនថែមតែប៉ុណ្ណោះ Luiz បានចុះកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៣០លានផោន ទៀតផង ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ ។

យោងតាមប្រភពបានបញ្ជាក់ថា កាលពីថ្ងៃអង្គារ៍កន្លងទៅ Chelsea បានដាក់សំណើរទិញនូវកីឡាកររូបនេះ ប៉ុន្តែត្រូវបានក្លិប PSG បដិសេធរួចម្តងទៅហើយ ។ បន្ទាប់ពី Luiz បានលឺដំណឹងថា Chelsea បានចាប់អារម្មណ៍ទិញរូបគេត្រលប់ទៅវិញ កីឡាកររូបនេះ ក៏ទៅពិភាក្សាជាមួយម្ចាស់ក្លិប PSG ដើម្បីបញ្ចុះបញ្ចូលឲ្យម្ចាស់ក្លិបយល់ព្រមដោះលែងរូបគេទៅ Chelsea វិញ។

ចំពោះការផ្ទេរមកកាន់ក្លិប Chelea នេះដែរ Luiz បាននិយាយថា «ខ្ញុំពេញចិត្តណាស់ចំពោះការវិលត្រលប់មក Chelsea វិញ។ ពួកយើងធ្លាប់មានមានរឿងរ៉ាវល្អៗច្រើនណាស់ នៅពេលដែលខ្ញុំនៅ Chelsea ដំបូង និងជាពិសេសក្នុងការផ្ទេរទៅកាន់ Chelsea នេះ ខ្ញុំចង់ជួយក្រុម ក៏ដូចជាគ្រូបង្វឹក លោក Antonio Conte ឲ្យបានជោគជ័យផងដែរ» ។

គួររំលឹកផងដែរថា David Luiz កាលពីឆ្នាំ ២០១៤ ត្រូវបានផ្ទេរទៅកាន់ក្លិប PSG ក្នុងតម្លៃ ៥០លានផោន ប៉ុន្តែពេលនេះ Chelsea បានទិញត្រលប់មកវិញ ក្នុងតម្លៃត្រឹមតែ ៣០លានផោនប៉ុណ្ណោះ៕

ប្រភព៖ Skysports

កំណត់ហេតុខ្មែរឡូត៖ 

ទាក់ទងនឹងការជួញដូរកីឡាករនេះដែរ គួររំលឹកផងព័ត៌មានចាស់លើកមុនផងដែរថា Joe Hart អ្នកចាំទីដៃទីមួយជម្រើសជាតិអង់គ្លេស យល់ព្រមផ្លាស់ទៅលេងឲ្យក្លិប Torino របស់អីុតាលី ក្នុងលក្ខខណ្ឌខ្ចីជើង ។

យោងតាមប្រភពបានឲ្យដឹងថា នៅពេលដែល Man City ត្រូវបានដឹកនាំដោយគ្រូបង្វឹកថ្មីលោក Pep Guardiola រួចមក អ្នកចាំទី Joe Hart ហាក់បីដូចជាមិនសូវទទួលបានការពេញចិត្តពីសំណាក់គ្រូបង្វឹករូបនេះទេ ជាហេតុធ្វើឲ្យរូបគេត្រូវធ្លាក់ចេញពីជម្រើសទីមួយរបស់ក្លិប Man City តែម្តង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្របខ័ណ្ឌបាល់ទាត់ English Premier League ចាប់ផ្តើមបាន៣សប្តាហ៍កន្លងទៅនេះ គេមិនឃើញមានកីឡាករ Joe Hart ស្ថិតក្នុងជម្រើសទីមួយទេ ពោលអ្នកចាំទីរូបនេះ ជាប់ជាកីឡាករបំរុងនៅខាងក្រៅ។ បន្ថែមពីនេះទៀត ក្រោយពីគ្រូបង្វឹក លោក Pep Guardiola បានទិញអ្នកចាំទីមួយរូបទៀតមកពី Barcelona គឺកីឡាករ Claudio Bravo ដែលកាន់តែធ្វើឲ្យ Joe Hart បង្ខំចិត្តចាកចេញទៅរកក្លិបផ្សេងដើម្បីលេង។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ក្លិប Sunderland របស់អង់គ្លេស ក៏បានទាក់ទង Joe Hart ឲ្យមកលេងនៅក្លិបរបស់ខ្លួនដែរ ប៉ុន្តែត្រូវអ្នកចាំទីរូបនេះបដិសេធ ដោយធ្វើការយល់ព្រមធ្វើការផ្ទេរទៅលេងឲ្យក្លិប Torino របស់អីុតាលីវិញ ខណៈ ក្លិប Man City ក៏បានយល់ព្រមនូវសំណើរនេះផងដែរ។

ចំនែកបញ្ហាទាក់ទងនឹងក្រុមជម្រើសជាតិអង់គ្លេសវិញ Joe Hart ក៏សុំដកខ្លួនពីជម្រើសជាតិអង់គ្លេសផងដែរ ថ្វីត្បិតមានការកោះហៅពីសំណាក់គ្រូបង្វឹកក្រុមជម្រើសជាតិក្តី។ ក្នុងនោះដែរ លោក Sam Allardyce ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសបានអនុញ្ញាតិរួចហើយ។

ដូច្នេះ អ្នកចាំទី Joe Hart ដែលមានវ័យ ២៩ឆ្នាំ រូបនេះ នឹងត្រូវធ្វើដំណើរទៅប្រទេសអីុតាលី នាពេលខាងមុខនេះ ដើម្បីបំពេញការផ្ទេរជាផ្លូវការ ពីក្លិប Man City ទៅក្លិប Torino ក្នុងល័ក្ខខ័ណ្ឌខ្ចីជើងរយៈពេលវែង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]