តារាសម្តែងសិចស៊ីនាង ឆយី បានបើកសម្ពោធហាងផ្ទាល់ខ្លួនមួយ ដោយចំណាយដើមទុនប្រមាណជាង៤ម៉ឺនដុល្លារ បន្ទាប់ពីសកម្មភាពសិល្បៈរបស់នាងស្ងប់ស្ងាត់ជិត៤ឆ្នាំមកនេះ ។តារាសម្តែងសាច់សទ្រលុកទ្រលន់រូបនេះ ញញឹមញញែមរាក់ទាក់ជាមួយភ្ញៀវជាអ្នកសិល្បៈដូចគ្នា ដែលបានទៅចូលរួមក្នុងពិធីសម្ពោធហាងថ្មី របស់នាងឈ្មោះ«និស្ស័យ» ស្ថិតនៅតាមបណ្តោយវិថីត្រសក់ផ្អែមកាលពីយប់ថ្ងៃទី១៦ សីហា ឆ្នាំ២០១២ ។

ថ្លែងក្នុងពិធីសម្ពោធហាងរបស់ខ្លួន តារាសម្តែងមេម៉ាយកូនមួយរូបនេះឱ្យដឹងថា តាមពិតទៅហាងនេះមិនមែនជារបស់ផ្ទាល់ខ្លួននាងម្នាក់ឯងទេ ពោលគឺជាការចូលហ៊ុនគ្នាជាមួយមិត្តភក្តិដទៃទៀត តែដោយយល់ថានាងជាតារាមួយរូបដែលមានគេស្គាល់ច្រើននោះ ទើបសម្រេចឱ្យនាងចេញមុចចេញមាត់ក្នុងកម្មវិធីតែម្តង ។ ហាងនេះបានចំណាយទុនជាង៤ម៉ឺនដុល្លារ ដោយមានការចូលហ៊ុនពីមិត្តភក្តិរបស់នាង ទើបអាចសម្រេចចេញជារូបរាងឡើង ដោយមិនមានការជួយជ្រោមជ្រែងពីអ្នកណាផ្សេងឡើយ ។

មុននឹងបាត់មុខពីសិល្បៈរបស់តារាសម្តែងឆយី គឺនាងធ្លាប់មានឈ្មោះបោះសំឡេង តាមរយៈការបង្ហាញមុខក្នុងខ្សែភាពយន្តរឿង «ទឹកភ្នែកជាយដែន» និងរឿង«រាជិនីដួងចិត្ត» ក្នុងឆ្នាំ២០០៨ ។ ក្រោយពីនោះមកនាងបាត់មុខពីសិល្បៈយ៉ាងស្ងៀមស្ងាត់ ដោយលេចលឺថានាងមានកូន ជាមួយបុរសម្នាក់ដោយមិនបានរៀបការ ។ ការបាត់មុខរបស់តារាសម្តែងកូនមួយនេះ ត្រូវគេគិតថានាងអាចនឹងបោះបង់អាជីពសិល្បៈចោល ខណៈដែលអាជីពរបស់នាងមិនសូវកាក់កប ។

ជុំវិញការចូលប្រឡូកក្នុងពិភពសិល្បៈវិញ ឬយ៉ាងណានោះ ឆយី លើកឡើងថា ការងារសិល្បៈគឺនាងនៅតែបន្តដោយមិនបោះបង់ចោលឡើយ គ្រាន់តែនាងផ្អាកមួយរយៈប៉ុណ្ណោះ ដោយសារការងាររកស៊ីរបស់នាងហាក់មិនទាន់បានធូរស្បើយ ។ ចំពោះការបាត់មុខពីវិស័យសិល្បៈមួយរយៈនេះ គឺដោយសារតែនាងមានការមមមាញឹក ដកឃ្លាមិនបានជាមួយក្រុមហ៊ុនឯកជនដែលនាងបម្រើការ ហើយប្រសិនបើការងារនោះមាន ការធូរស្បើយនាងនឹង ចូលប្រឡូកក្នុងអាជីពសិល្បៈវិញ ។ឆយី ជាតារាសម្តែងមួយរូបដែលចូលប្រឡូកក្នុងពិភពសិល្បៈនៅឆ្នាំ២០០២ ហើយនាងចាប់ផ្តើមមានឈ្មោះបោះសំឡេង គួរសមចាប់តាំងពីនាងបង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង ។ ខ្សែភាពយន្តភាគចុងក្រោយរបស់នាងគឺរឿង «ទឹកភ្នែកជាយដែន» របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន កាលពីឆ្នាំ២០០៨ ។ បន្ទាប់មកឆយី បានឃ្លាតឆ្ងាយពីសិល្បៈព្រោះ តែជាប់បំពេញការងារឱ្យក្រុមហ៊ុនឯកជនមួយ ។

ទាក់ទងនឹងជីវិតស្នេហាវិញតារាសម្តែងរូបនេះអះអាងថា រវាងនាង និងស្វាមីបានឈានដល់ផ្លូវបំបែកហើយ ដោយបន្សល់ទុកកូនស្រីម្នាក់មានអាយុ៦ឆ្នាំហើយ ។ មិនទាន់ងាកមកលើវិថីសិល្បៈវិញ តែពេលនេះឆយី រំលេចមុខមាត់ក្នុងផ្នែកជំនួញវិញ គឺនាងជាម្ចាស់ហាងថ្មីមួយ ៕ 

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ