(ភ្នំពេញ)៖ ក្រុមយុវជនក្រោមអាយុ១៥ឆ្នាំ នៃសាលាបាល់ទាត់ជាតិទន្លេបាទី បានធ្វើដំណើរមកដល់ស្រុកកំណើតខ្លួនវិញហើយ នៅ​ប្រមាណ​ម៉ោង ១២​យប់ថ្ងៃចន្ទ ទី២៩ ខែសីហា ដោយនាំមកជាមួយនូវពានជើងឯក The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ​២០១៦ ហើយ​ក៏​មាន​ការ​ផ្ដល់​កិត្តិ​យស អញ្ជើញ​ទៅទទួលដោយនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

ទន្ទឹមជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ សៅ សុខា ក៏បាននាំយកនូវថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់​ជូន​ជា​ការ​លើក​ទឹក​ចិត្តដល់ការខំប្រឹងរបស់មន្ដ្រី គ្រូបង្វឹក និងកីឡាករនៃក្រុម U-15 កម្ពុជាក្នុងម្នាក់ៗ ទទួលបាន១ពាន់ដុល្លារ ស​រុប​ចំនួន ២២,០០០​ដុល្លារ​ផង​ដែរ​។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនោះក៏បានបញ្ជាក់ថា សម្រាប់ថវិកាដ៏សប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន នេះ​គឺ​ផ្ដល់​ជា​សាច់​ប្រាក់​សុទ្ធ​ចំពោះ​គ្រូ​បង្វឹក និង​មន្ដ្រី​សរុប​៤​នាក់។ រីឯកីឡាករយុវជនចំនួន ១៨នាក់វិញ សហព័ន្ធនឹងរៀបចំជូនតាមវិធានការចាស់ ដោយអនុញ្ញាតឲ្យកីឡាករម្នាក់ៗ ដកយកទៅទិញ សម្ភារៈសិក្សា សម្លៀកបំពាក់ ឬសម្ភារៈកីឡាជាដើម តែហាមដាច់ខាតមិនឲ្យទិញទូរស័ព្ទឡើយ ព្រោះពួកគេនៅក្មេងៗក្នុងវ័យសិក្សានៅឡើយ។

ប៉ុន្ដែប្រសិនបើពួកគេមិនដកថវិកាទៅប្រើប្រាស់នោះទេ សហព័ន្ធនឹងរក្សាទុក រហូតដល់ពួកគេពេញវ័យអាចដកយកទៅប្រើប្រាស់តាមតម្រូវការ ឬយកទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាដើម។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សៅ សុខា។ លើសពីនេះលោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់លើវិស័យកីឡាបាល់ទាត់ជាតិ ដែលធ្វើឲ្យសហព័ន្ធ និងកីឡាករជម្រើសជាតិ កាន់តែខិតខំប្រឹង ដើម្បីស្វែងរកជយលាភីជូនប្រទេសជាតិកម្ពុជា។

សូមជំរាបថា ក្រុមយុវជនសាលាបាល់ទាត់ជាតិទន្លេបាទី បានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិខាងលើ តាំងពីថ្ងៃទី២៣ ខែ​សីហា​មក​ម្ល៉េះ ក្រោម​ការ​ដឹក​នាំ របស់​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​លោក Inoue Kazunori ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ក្រុមយុវជនតំណាងប្រទេសកម្ពុជានេះ បានឆ្លងកាត់៥ប្រកួត និងទទួលបានជ័យជម្នះជាបន្ដបន្ទាប់ រហូតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផល ៣-២ ដើម្បីក្លាយជាម្ចាស់ពានកម្រិតយុវជនអន្ដរជាតិនេះតែម្ដង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រុម U-15 កម្ពុជា យកឈ្នះក្រុម U-15 កាហ្សាក់ស្ថាន ៣-២ ទៀត ដែលជាជ័យជំនះទី៤ នៅទឹកដីចិន គួររំលឹកផងដែរថា ក្រុមបាល់ទាត់យុវជនថ្នាល U-15 កម្ពុជារបស់សាលាទន្លេបាទី នៃខេត្តតាកែវ បានបន្តយកឈ្នះក្រុម U-15 Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផលបច្ចេកទេស ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ ក្នុងទឹកដីនៃប្រទេសចិន ក្នុងព្រឹត្តិការណ៍ពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦។

នេះពិតជាគួរទីមោទនមែនទែន សម្រាប់យុវជនថ្នាលដែលត្រៀមបន្តវេន ក្នុងឈុតធំនៃជម្រើសជាតិគោព្រៃកម្ពុជា ដែលរកបានជ័យជំនះជាប់ៗគ្នាទាំង៥ប្រកួត ឈ្នះ៤ដង និងស្មើម្តង ដោយបានយកឈ្នះក្រុម Jianyin របស់សាលាម្ចាស់ផ្ទះចិននៅថ្ងៃបើកឆាក ៣-០ មុនមកបំបាក់ក្រុមសាលា Kempaka International របស់ម៉ាឡេស៊ី ២៧-០ មុននឹងមកលេងស្មើ ១-១ ទល់នឹងក្រុម Warriors Football Club ថែមទៀត។

យ៉ាងណាមិញ សម្រាប់២ប្រកួតដែលនៅសល់ U-15 កម្ពុជាបានយកឈ្នះក្រុម Orient FC របស់ជប៉ុន ៥-៤ ដោយ បាល់ប៉េណាល់ទៅល្ងាចមិញទៀត ក្រោយប្រកួតពេញម៉ោងស្មើលទ្ធផល ៣-៣ និងវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ ឈ្នះក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ៣-២ នៅវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ។

សូមបញ្ជាក់ផងដែរថា ៥ប្រកួតរបស់ U-15 កម្ពុជា បានស៊ុតបញ្ចូលទីគេបាន ៣៧គ្រាប់ និងរបូតវិញ ៦គ្រាប់ ជាប់លេខ១ ប្រចាំព្រឹត្តិការណ៍ខាងលើ នៅប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]