ថៃ៖ នារីដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅប្រទេសថៃ និងខ្ពស់ជាងគេបំផុតលើពិភពលោក​ រហូតជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក “Guinness World Records” ផងនោះ បានលាចាកលោកនេះទៅហើយ ក្នុងវ័យ២៤ឆ្នាំ ដោយសារតែជំងឺធ្ងន់ធ្ងរ មិនអាចសង្រ្គោះបាន។

នាង Malee Duangdee គឺជានារីម្នាក់ ដែលមានកម្ពស់ខ្ពស់ដាច់គេ រហូតដល់ទៅ ២,១២ម៉ែត្រ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ទី ២៧ សីហា ឆ្នាំ២០១៦ កន្លងទៅនេះ នៅឯមន្ទីរមួយកន្លែង ក្នុងទឹកដីស្រុកកំណើតរបស់នាងផ្ទាល់តែម្តង ក្នុងខេត្ត Trat ប្រទេសថៃ ដោយសារជំងឺគាំងបេះដូង។

បើតាមប្រសាសន៍គ្រូពេទ្យ បានឲ្យដឹងថា ជំងឺរបស់នាង Malee គឺជាប្រភេទជំងឺរ៉ាំរ៉ៃដែលបានកើតមានជាយូរណាស់មកហើយ និងមានសម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង និងជំងឺដុះដុំសាច់ក្នុងខួរក្បាល ថែមទៀតផង។

ប្រភពបានឲ្យដឹងថា នាង Malee ធ្លាក់ខ្លួនឈឺតាំងពីអាយុ៩ឆ្នាំមកម៉្លេះ ក្រោយពេលរកឃើញថានាងមានដុះដុំសាច់នៅក្នុងខួរក្បាលរួចមក។

គួរឲ្យដឹងថា មុនពេលដែលនាង Malee ស្លាប់ នាងរស់នៅជាមួយគ្រួសាររបស់នាង ក្នុងស្រុក Bo Rai  និងធ្វើការជាកម្មករនៅចំការកៅស៊ូ។

គួររំលឹកផងដែរថា ក៏ធ្លាប់មានបុរសម្នាក់ទៀត ដែលមានកម្ពស់ ២,៥៧ម៉ែត្រ ខ្ពស់ជាងគេបំផុតក្នុងប្រទេសថៃ មានឈ្មោះថា Pornchai Saosri ក៏បានស្លាប់ក្នុងវ័យ ២៦ឆ្នាំ កាលពីខែវិច្ឆិកាឆ្នាំមុនផងដែរ ដោយសារតែ ជំងឺសម្ពាធឈាមឡើងខ្ពស់។ លោក Pornchai ជាបុរសម្នាក់ ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងពិភពលោក ពោលគឺខ្ពស់ជាងលោក Sultan Kosen នៅប្រទេសតួកគី ដែលជាប់ឈ្មោះក្នុង កំណត់ត្រាពិភពលោកទៀតផង ដែលមានកម្ពស់២,៥១ម៉ែត្រ។

គួរបញ្ជាក់ថា នាង Malee និងលោក Pornchai ពួកគេទាំងពីរ ធ្លាប់មានឱកាសជួបគ្នាបានម្តង ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ នៅពេលពួកគេទាំងពីរ ទៅពិគ្រោះយោបល់ ជាមួយវេជ្ជបណ្ឌិត អំពីបញ្ហាជំងឺនៅឯមន្ទីរពេទ្យ Ramathibodi នៅក្នុងទីក្រុងបាងកកផងដែរ៕

រូបភាព៖ លោក Pornchai Saosri

ប្រភព៖ Bangkok.Coconuts

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា Guinness ដែលត្រូវបានគេ ស្គាល់ថាជា ស្ថាប័នផ្តល់ នូវ កំណត់ត្រា និងឯតទគ្គកម្ម នានា នៅលើ ពិភពលោក បាន រៀបចំ នូវពិធីប្រមូលផ្តុំ ម្ចាស់កំណត់ត្រា ទាំងអស់ នៅក្នុង ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយអ្វី ដែលទាក់ទាញ ចំណាប់អារម្មណ៍ អ្នកចូលរួមក៏ ដូចជា សារពត៌មាន ខ្លាំងជាង គេនោះគឺ ជំនួបដ៏កម្រ រវាង មនុស្ស ដែលជា ម្ចាស់កំណត់ត្រា បុរសដែលមាន កំពស់ខ្ពស់ជាងគេ នៅលើលោក និងមនុស្សម្នាក់ទៀត ដែលជាម្ចាស់ កំណត់ត្រា បុរសដែលទាប ជាងគេ នៅលើលោក។

បុរសឈ្មោះ Sultan Kösen ជាម្ចាស់ឯតទគ្គកម្មបុរស ខ្ពស់ជាងគេនៅលើលោក ជាមួយ នឹងកំពស់ ២ ម៉ែត្រនិង ៤៣ សង់ ទីម៉ែត្រ រីឯលោក Chandra Dangi ម្ចាស់ ឯតទគ្គកម្ម បុរសទាប ជាងគេ លើលោក មានកំពស់ត្រឹម ៥៤.៦១ សង់ទីម៉ែត្រ ប៉ុណ្ណោះ។ ពួកគេទាំង២ បានមក ស្វាគមន៍ ចាប់ដៃគ្នា នៅមុខ សភាជាតិ អង់គ្លេស ដើម្បីឲ្យអ្នកកាសែត ជាច្រើន នាក់ផ្តិត យករូបភាព របស់ពួកគេ នៅពិធី ជួបជុំម្ចាស់ កំណត់ត្រា Guinness ជុំវិញពិភពលោក ក្នុងខួប គម្រប់ទី ៦០ ឆ្នាំ។

លោក Kösen វ័យ៣១ ឆ្នាំមកពីទីក្រុង Ankara ប្រទេសទួរគី ក្លាយជាម្ចាស់ កំណត់ត្រាបុរស ខ្ពស់ ជាង គេនៅ ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីបាន បំបែកកំណត់ ត្រាចាស់របស់ បុរសជនជាតិចិន ឈ្មោះ Xi Shun ដែលមាន កំពស់ ជាង ២.១៣ ម៉ែត្រ។ Kösen ដែលមានមុខរបរ ជាកសិករ បានកាប់កាប់នូវ កំណត់ត្រា ២ផ្សេងទៀត របស់ Guinness ផងដែរ ដែលទី១ គឺមនុស្ស ដែលមាន ប្រអប់ដៃ ធំជាងគេ (២៨ សង់ទីម៉ែត្រ) ដែលគេវាស់ពី កដៃ ទៅចុងម្រាម ដៃកណ្តាល។ ទី២ គឺគាត់ ជាម្ចាស់ កំណត់ត្រា មនុស្សដែល មានប្រអប់ជើង ធំជាងគេ ដោយមាន ប្រវែងជាង ៣៥ សង់ទីម៉ែត្រ។

ងាកមកលោក Dangi ឯណេះវិញ គឺគាត់រស់នៅ ក្នុងភូមិមួយ ឈ្មោះ Reemkholi ចំងាយប្រមាណ ៥៣៩ គីឡូ ម៉ែត្រ ភាគអាគ្នេយ៍ ទីក្រុង Kathmandu ប្រទេស នេប៉ាល់។ គាត់ជាបុរស ដែលទាប ជាងគេ នៅលើលោក ជាមួយ នឹង កំពស់ជាង ៥៤.៦១ សង់ទីម៉ែត្រ ដែលស្មើនឹង កំពស់ ទឹកសណ្តែក ៦ កំប៉ុង តំរៀប លើគ្នា។ គាត់បានយកឈ្នះម្ចាស់ កំណត់ត្រា ចាស់ មកពីប្រទេសឥណ្ឌា គឺលោក Gul Mohammed ដែលមាន កំពស់ ៥៧.១៥ សង់ទីម៉ែត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]