(ភ្នំពេញ)៖ តាមរយៈលោកឧត្តមសេនីយ៏ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី មានសប្បុរសជនពីររូបបាននាំគ្នា បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១៥០០ដុល្លារ ផ្ដល់ទៅដល់ស្ត្រីមេម៉ាយកូន៣នាក់ ដែលជាភរិយាចោរប្លន់ហាងលក់ទូរស័ព្ទ នៅម្ដុំផ្សារនាគមាស ហើយក្រោយមកបានបាញ់សម្លាប់ខ្លួនឯង ខណៈសមត្ថកិច្ច និងកងរាជអាវុធហត្ថរាជធានីស្រាវជ្រាវឃើញទីតាំងស្នាក់នៅ ហើយធ្វើការឡោមព័ទ្ធ ដើម្បីចាប់ខ្លួន។

សប្បុរសជនដែលបានធ្វើការឧបត្ថម្ភថវិកា តាមរយៈលោកឧត្តមសេនីយ៏ រ័ត្ន ស៊្រាង នោះរួមមានលោកហេង ឡាលីន និងលោក កែវ ចំរើន បាននាំគ្នាបរិច្ចាគថវិការួមគ្នាចំនួន១៥០០ដុល្លារ ដល់ភរិយាចោរប្លន់រូបនេះដើម្បីអោយនាងយកទៅដោះបំណុលធនាគារផ្ដាច់ដែលនាងនិងប្ដីនាងនៅជំពាក់ចំនួន១៣៦០ដុល្លារ ហើយខាងធនាគារគេមិនព្រមធ្វើការបន្ធូរបន្ថយ ទៅតាមការអង្វរករបស់នាង ដែលសុំសងត្រឹម១០០០ដុល្លារ ដោយខាងធនាគារអនុគ្រោះ ត្រឹមតែអោយធ្វើការពន្យារពេលសង តែនៅបង់ការប្រាក់ដដែរ។ 

សូមបញ្ជាក់ថាក្រោយពីសមត្ថកិច្ចចុះឡោមព័ទ្ធចាប់ ខណៈចោរប្លន់រូបនេះកំពុងពួនសម្ងំនៅក្នុងផ្ទះជួល នាសង្កាត់ស្វាយប៉ាក ជាមួយភរិយា និងកូនតូចៗ ហើយក្រោយមកសម្រេចបាញ់សម្លាប់ខ្លួន ទើបភរិយារៀបរាប់ពីរឿងកំសត់របស់ខ្លួនរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការរាជធានីភ្នំពេញ បានជួយឧបត្ថម្ភថវិកា ៥លានរៀល អង្ករ៤ការ៉ុង ទឹកសុទ្ធ៤កេស ទឹកក្រូច២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ជូនដល់ប្អូនស្រីជាភរិយា របស់ចោរប្លន់ទូរស័ព្ទខាងលើរួចមកហើយ។ ក្នុងនោះក៏មានសប្បុរសជនក្នុង និងក្រៅប្រទេសមួយចំនួនទៀត ដែលដឹងរឿងកំសត់នេះក៏នាំគ្នា ជួយឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។

ខណៈប្រគល់ថវិកា១៥០០ដុល្លារដល់ស្ត្រីកំសត់ខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ប្រាប់ដល់ប្អូនស្រីថា ថវិកាដែលសប្បុរសជនទាំងពីរខាងលើ ជូនប្អូនស្រីនេះ គឺសម្រាប់សងផ្តាច់បំណុលធនាគារ រីឯបំណុលឯកជន ដែលគ្រួសារប្អូនស្រី នៅជំពាក់គេ៦០០០ដុល្លារជាង លោកឧត្តមសេនីយ៍បានលើកទឹកចិត្តប្អូនស្រីឲ្យទៅសុំក្តីមេត្តា ពីម្ចាស់បំណុល ដើម្បីសុំការពន្យារពេលសង និងឲ្យប្អូនស្រីយកថិវកា ដែលលោកបានផ្តល់ជូនទៅធ្វើជាដើមទុនរកស៊ី ដើម្បីដោះសងបំណុលគេបណ្តើរៗតាមលទ្ធភាព។

សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ នៅចំណុចហាងលក់ទូរស័ព្ឌយីហោលឹម ហាវ មានជនសង្ស័យជាចោរប្លន់ម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានចូលធ្វើសកម្មភាពភ្ជុងប្លន់យកទូរស័ព្ឌទំនើបៗបានចំនួន៧គ្រឿងរួចហើយ រត់គេចខ្លួនបាត់។ មួយថ្ងៃក្រោយមកកម្លាំងកងរាជអាវុធហត្ថរាជធានី បានស្រាវជ្រាវរកឃើញមុខសញ្ញាកំពុងសម្ងំ នៅក្នុងផ្ទះជួលមួយកន្លែង នៅក្នុងសង្កាត់ស្វាយប៉ាក ហើយក៏ធ្វើការឡោមព័ទ្ធ តាំងពីយប់រហូតដល់ព្រឹកត្រៀមចូលចាប់ ស្រាប់តែជនសង្ស័យដឹងខ្លួនហើយ ក៏បាញ់សម្លាប់ខ្លួនឯងតែម្ដងទៅ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]