អង់គ្លេស៖ វាជារឿងធម្មតាស្រាប់ទៅហើយ សម្រាប់មនុស្សទូទៅ ដែលតែងតែមាន ដំណើរកម្សាន្តនានា ទៅកាន់ទីជិតឆ្ងាយជាមួយមិត្តភក្តិ។ ប៉ុន្តែចំពោះបុរសមាន គូសង្សារម្នាក់នេះវិញ គ្រាន់តែខ្លួនចេញទៅដើរលេងសោះ ក៏ត្រូវនារីជាគូរស្នេហ៍ដាក់ លក្ខខណ្ឌឱ្យឡើងញាក់សាច់ ហាក់ដូចជាអ្នកទោសជាប់បទល្មើសអញ្ចឹងដែរ។

បុរសជនជាតិអង់គ្លេសលោក Connor George មានវ័យ២១ឆ្នាំ បានសុំមិត្តស្រីរបស់គាត់ ទៅដើរលេងជាមួយមិត្តភក្តិ នៅលើកោះ Ibiza ប្រទេសអេស្ប៉ាញរយៈពេល ១សប្តាហ៍។ ហើយមិត្តស្រីរបស់គាត់នាង Jane Park ក៏បានអនុញ្ញាត តែនាងបានដាក់ លក្ខខណ្ឌ២០យ៉ាង ឱ្យគាត់ដែលត្រូវតែអនុវត្តតាមយ៉ាងតឹងរឹង។ នាងបានសរសេរវា នៅលើសៀវភៅកំណត់ត្រាក្នុងទូរស័ព្ទដៃរបស់គាត់ ហើយបន្ទាប់មកក៏បានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយបានដាក់ចំណងជើងឱ្យ លក្ខខណ្ឌទាំង២០យ៉ាងនោះថា៖ «Connors Ibiza rules»។

ចង់ដឹងថាមានប្រការអ្វីខ្លះនោះយើងទៅអានវាទាំងអស់គ្នាទៅមើល៍៖

១. កុំនិយាយជាមួយស្រីផ្សេង

២. ហាមថតរូបជាមួយស្រីៗ ត្រូវថតរូបភាពជាក្រុម

៣. ហាមឱ្យស្រីៗខ្ចីទូរស័ព្ទយកទៅថតរូប

៤. គ្មានការសុំលេខទូរស័ព្ទ ឬឱ្យលេខទូរស័ព្ទផ្ទាល់ខ្លួនទៅស្រីណាទេ ឬក៏ជជែកកំសាន្ត ឬបន្ថែមមិត្តភក្តិ (Add friend) នៅលើបណ្តាញទំនាក់ទំនងសង្គម

៥. ហាមយកភ្នែកក្រឡេកមើលស្រីណាទាំងអស់គ្រប់ពេលវេលា

៦. កុំផឹកស្រាជាមួយស្រី សូម្បីតែ១កែវក៏ដោយ

៧. ប្រសិនបើបងចង់ផឹកស្រាខ្លាំង ត្រូវនិយាយថាខ្ញុំគ្រាន់តែផឹកដើម្បីការសប្បាយ តែមិនមែនឱ្យត្រូវទៅផឹកជាមួយស្រីៗទេ

៨. ហាមលេងថ្នាំញៀន បើមិនអញ្ចឹងទេ អូននឹងយកបងទៅត្រួតពិនិត្យភ្លាមនៅពេលដែលត្រឡប់មកវិញ។

៩. ត្រូវចូលគេងមុនពេលពាក់កណ្តាលអធ្រាត្រ ហើយពាក់អាវដែលអូនបានឱ្យ និងមិនត្រូវឱ្យវាជ្រីវជ្រួញ ឬបាក់ភ្លីសូម្បីតែបន្តិច

១0. ហាមទៅជួយមិត្តភក្តិបងញ៉ែស្រី ព្រោះពួកគេមានសមត្ថភាពគ្រប់គ្រាន់ហើយ

១១. វាជាការល្អបំផុតប្រសិនបើបងបិទអ៊ីនធឺណិតក្នុងទូរស័ព្ទដៃ ព្រោះវាជួយសន្សំសំចៃលុយ ប៉ុន្តែប្រសិនបើមានមាន Wifi កុំភ្លេចទាក់ទងមករកអូនផង (យ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ)

១២. ហាមគូរសាក់នៅលើខ្លួន តែបើចង់សាក់ ត្រូវដាក់ជាឈ្មោះរបស់អូន សាក់វាឱ្យច្រើនប៉ុណ្ណាក៏បានដែរ អូនមិនថាអីទេ

១៣. ប្រសិនបើមិត្តភក្តិបងនាំស្រីចូលក្នុងបន្ទប់ស្នាក់ ត្រូវលបរត់ចេញមកខាងក្រៅ ហើយអនឡាញយ៍មករកអូនភ្លាម

១៤. ហាមចោះតាមផ្នែកផ្សេងៗនៃរាងកាយ

១៥. គ្មានការលេងល្បែងភ្នាល់ផឹក ឬលេងហ្គេមស៊ិចអ្វីទាំងអស់ ព្រោះបងមានអូនរួចហើយ

១៦. អូននឹងឆែកទូរស័ព្ទរបស់បង ពេលត្រឡប់មកវិញ ហើយមើលទៅលើការជជែក កម្សាន្តក្នុងអំឡុងពេលទៅដើរលេងរបស់បង បើឃើញអ្វីមិនធម្មតាបញ្ជាក់ថាបង ទៅញ៉ែស្រីផ្សេងហើយ

១៧. ហាមច្រៀងបទចម្រៀងផ្សេង ក្រៅពីបទចម្រៀង Hibs

១៨. កុំស្រាតសំលៀកបំពាក់ដើរលេង មានន័យថាទោះជានៅទីកន្លែងណាក៏ដោយ

១៩. ពាក់អាវដែលអូនបានធ្វើឱ្យ

២០. សូមឱ្យមានសុវត្ថិភាព និងមានសេចក្តីសុខ ព្រោះនេះគឺជាពេលវេលា កម្សាន្តសប្បាយរីករាយ និងវែងជាងគេចុងក្រោយបង្អស់របស់បងហើយ។

លក្ខខណ្ឌទី១៩ បន្ថែមទៀតនោះគឺគួរតែពាក់អាវដែលអូនឱ្យគ្រប់ពេលវេលា ទោះបីជាពេល ងូតទឹកក៏ដោយ។ សូមប្រយ័ត្នខ្លួនផងណា! អូនអាចទៅរកបង ដល់ទីនោះក៏ថាបាន។ អូនស្រឡាញ់បង ពីJane ។

ចំណែកឯអាវដែលនាង បានប្រគល់ឱ្យមិត្តប្រុសវិញ ក៏មិនធម្មតាដែរ៖ នៅលើអាវមានរូបគូ និងរូបរបស់នាង ព្រមទាំងមានសរសេរអក្សរមួយប្រយោគថា «ប្រសិនបើអ្នកបានអានប្រយោគនេះ  បង្ហាញថាអ្នកគឺកំពុងតែនៅជិតស្និទ្ធ ជាមួយសង្សារខ្ញុំលើសហើយ»។

សម្រាប់ Connor George គាត់មិនបានមានអារម្មណ៍ថាវាជាកាបង្គាប់បញ្ជា ឬការបង្ខិតបង្ខំអ្វីនោះទេ តែគាត់បែរមានឆន្ទៈនៅក្នុងការអនុវត្តតាមលក្ខខណ្ឌ ទាំងអស់នេះ ដោយមានមោទនភាពទៅវិញ (ព្រោះនៅក្នុងពាក្យនិយាយទាំងនេះអាចបង្កប់ដោយទឹកភ្នែកផងក៏មិនដឹង) ។

នេះរាប់ចាត់ទុកថាជារឿង ដ៏ប្រសើរមួយដែរ ព្រោះប្រសិនបើវាជាក្តីស្រឡាញ់ពិត ទោះជាមានលក្ខខណ្ឌច្រើនជាងនេះទៅទៀត ក៏អាចធ្វើបានដែរ៕

ចុះប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាវិញចំពោះរឿងនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]