ជាការពិតណាស់ ចេក ជាប្រភេទផ្លែឈើម្យ៉ាង ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស។ មនុស្សភាគច្រើន ចូលចិត្តបរិភោគចេក ដោយសារ ពួកគេគិតថា វាមានភាពទន់ស្រួលលេប ងាយកិននៅក្នុងក្រពះ ហើយមិនថែមតែប៉ុណ្ណោះងាយស្រួលក្នុងការបន្ទោរបង់ផងដែរ។

លើសពីនេះទៅទៀត ផ្លែចេក ក៏អាចច្នៃយកទៅធ្វើអាហារផ្សេងៗទៀតផងដែរ ដូចជាបង្អែម  ឬនំ ដែលធ្វើឲ្យរសជាតិកាន់ឈ្ងុយឆ្ងាញ់។  ប៉ុន្តែដោយឡែក ក្រលេកមកមើល ផ្លែចេក ដែលមានស្នាមអុជខ្មៅនៅលើសំបកវិញម្តង យើងសង្កេតឃើញថា ចេកប្រភេទនេះ ភាគច្រើនត្រូវបានគេទុកចោល ឬមិនបរិភោគ ដោយសារឃើញរូបរាងបែបនេះ ប៉ុន្តែពួកគេមិនបានដឹងថា ចេកដែលមានស្នាមអុជខ្មៅប្រភេទនេះ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព ដែលយើងនឹកស្មានមិនដល់។

ដូច្នេះបើចឹងដឹងថាអត្ថប្រយោជន៍ នៃផ្លែចេកប្រភេទនេះ មានសារៈសំខាន់អ្វីខ្លះដល់សុខភាព សូមតាមដាននូវចំនុចខាងក្រោមដូចតទៅ៖  

១. ជារបាំងការពារនៃជម្ងឺមហារីក

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ចំនុចខ្មៅ ឬចេកដែលមានអុជខ្មៅ នោះមានផ្ទុកសមាសធាតុម៉្យាងហៅថា TNF ( Tumor Necrosis Factor ) ដែលជាបណ្តុះជាលិកា ដែលអាចសម្លាប់ដុំសាច់មហារីកបាន។ សរុបមកការទទួលទានចេក ដែលមានស្នាមអុជខ្មៅបែបនេះ អាចជួយអ្នកបង្កាពីជម្ងឺមហារីកផងដែរ។

២. សម្រួលនិងព្យាបាលដល់ចុងដង្ហើម ឬក្រពះ

ចេកប្រភេទនេះ ជាផ្លែឈើធម្មជាតិដ៏ល្អ ដែលអាចបន្សាបនូវជាតិអាស៊ីតនៅក្នុងខ្លួនយើង និងងាយស្រួលក្នុងការរំលាយអាហារផងដែរ ដូច្នេះយើងមិនចាំបាច់ទុកព្រួយ និងខ្វាយខ្វល់ពីបញ្ហាក្រពះនោះទេ។ វាអាចធ្វើឲ្យយើងបញ្ចៀស និងរំសាយនូវបញ្ហាក្រពះបាន នៅពេលដែលយើងទទួលទានវា។ ដូច្នេះ ជៀសវាងការលេបថ្នាំ នាំគ្នាមកញ៉ាំចេកវិញ ដើម្បីសម្រួលដល់ចុងដង្ហើម និងក្រពះរបស់អ្នក។ 

៣. ជួយគ្រប់គ្រងសម្ពាធឈាម

ដើម្បីរក្សាសម្ពាធឈាមរបស់អ្នក អ្នកត្រូវតែមានកម្រិតប៉ូតាស្យូមល្អ ក្នុងឈាមរបស់អ្នក ដូច្នេះ ចេកដែលមានចំនុចខ្មៅប្រភេទនេះ អាចជួយផ្គត់ផ្គង់ឈាមនៅក្នុងសារពាង្គកាយរបស់អ្នកបានល្អប្រសើរ។ ចេកប្រភេទ សម្បូរទៅដោយប្រភពប៉ូតាស្យូមខ្ពស់ និងមានជាតិសូដ្យូមទាប ដែលអាចធ្វើយើងគ្រប់គ្រងនូវកម្រិតសម្ពាធឈាមក្នុងសារពាង្គកាយ បានយ៉ាងល្អប្រសើរ។

៤. កាត់បន្ថយសម្ពាធតានតឹងក្នុងខ្លួន

ចេកប្រភេទនេះ ផ្ទុកនូវសារជាតិ Tryptophan ដែលជាប្រភេទអាស៊ីតអាមីណូ។ ខ្លួនប្រាណ និងសេរីរាង្គរបស់អ្នក ប្រើប្រាស់អាស៊ីតអាមីណូនេះ ដើម្បីផលិតនូវសារធាតុ Serotonin ដែលជាប្រភេទសារធាតុម្យ៉ាង ដែលបញ្ជូនសញ្ញាសសៃប្រសាទរបស់អ្នក តភ្ជាប់ទៅនឹងស្ថានភាពចិត្តរបស់អ្នក ក៏ដូចជាការស្ងប់អារម្មណ៍ ឬការដេកជាដើម។ សរុបមក ចេកប្រភេទនេះ អាចជួយឲ្យអ្នកអាចតាំងស្មារតីបានស្ងប់ និងធ្វើឲ្យអ្នកសម្រាកបានស្រួលផងដែរ។ 

៥. កាត់បន្ថយការទល់លាមក

ជាការពិតណាស់ មនុស្សភាគច្រើនបានយល់ដឹងហើយ ពីសារៈសំខាន់របស់ចេក ក្នុងការកាត់បន្ថយការទល់លាមកនេះ។ នៅពេលដែលចេកប្រភេទនេះ រំលាយនៅក្នុងពោះវៀនរបស់អ្នកហើយនោះ វាជួយនូវការបន្ធូរបន្ថយនៃលំហូរក្នុងនោះ ដោយសារជាតិសសៃដែលមានក្នុងចេក។ ដូច្នេះ នៅពេលដែលអ្នកមានបញ្ហាចុកពោះវៀន ឬទល់លាមក អ្នកគ្រាន់តែទទួលចេកនេះឲ្យបានច្រើន ជាការស្រេច។

៦. ជួយបង្កើនថាមពល

ចេកប្រភេទនេះ មានជាតិកាឡូរីខ្ពស់ ដែលជាប្រភពដ៏ល្អមួយ សម្រាប់ជួយផ្គត់ផ្គង់នូវថាមពលនៃសារពាង្គកាយយើង។ ជាក់ស្តែងនៅពេលដែលអ្នក ធ្វើលំហាត់ប្រាណ ឬលេងកីឡារួច អ្នកគួរតែទទួលនូវចេក ដើម្បីបង្កើននូវថាមពលរបស់អ្នកឡើងវិញ។ បន្ថែមពីនេះទៀត ចេកមានផ្ទុកនូវជាតិប៉ួតាស្យូម នឹងអាចជួយឲ្យសាច់ដុំរបស់អ្នក មិនឲ្យមានការឈឺចាប់។ ចំណែកឯជាតិរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលមាននៅក្នុងចេកប្រភេទនេះ ជួយរក្សានូវថាមពលនៃរាងកាយរបស់អ្នកបានយូរផងដែរ។ 

៧. ជួយព្យាបាលដំបៅ និងស្លាកស្នាម

ជាធម្មតានៅពេលដែលអ្នកមានដំបៅនៅលើដងខ្លួនរបស់អ្នក ច្បាស់ណាស់ អ្នកចាំបាច់ត្រូវតែ តមនូវអាហារមួយចំនួន ដើម្បីឲ្យដំបៅ ឬស្លាកស្នាមនោះឆាបជាសៈ ប៉ុន្តែប្រសិនបើអ្នកទទួលទាន នូវអាហារណាមួយខុសប្រក្រតី នោះនឹងបណ្តាលឲ្យ ស្ថានភាពជម្ងឺ ឬដំបៅរបស់ កាន់តែរីកធ្ងន់ធ្ងរឡើង ពេលខ្លះអាចនឹងរលាកក៏ថាបានដែរ។ តែទោះជាយ៉ាងណាក៏ដោយ ចេកប្រភេទនេះ អាចជួយអ្នកបានយ៉ាងឆាប់រហ័ស ដោយសារវាមានលក្ខណៈទន់ ដែលងាយស្រួលឆ្លងកាត់នូវបំពង់អាហារ រួចផ្តល់នូវអាហាររូបត្ថម្ភជាច្រើនទៅតាមតំរូវការ។

៨.កាត់បន្ថយភាពស្លេកស្លាំង

ចេកប្រភេទនេះ សម្បូរទៅដោយជាតិដែក។ ជាតិដែកទាំងនោះ គឺជា សមាសភាគសំខាន់មួយ នៃជាលិកាឈាមក្រហមរបស់អ្នក ដែលអាចជួយទ្រទ្រង់ក្នុងការដឹកជញ្ជូនអាហាររូបត្ថម្ភ និងអុកស៊ីសែន ទៅក្នុងរាងកាយរបស់អ្នក។ បន្ថែមពីនេះទៀត ចេក ដែលផ្ទុកទៅដោយជាតិដែក ប្រភេទនេះ បន្ថែមនូវតម្រូវការផ្គត់ផ្គង់ជាច្រើនទៀត ដែលជួយឲ្យអ្នកជៀសផុតពីជម្ងឺស្លេកស្លាំង និងខ្វះឈាមផងដែរ។

៩. ជួយសម្រួលដល់ការមករដូវ

គួររំលឹកឡើងវិញម្តងទៀត ចេកដែលស្នាមអុជខ្មៅប្រភេទនេះ សម្បូរទៅដោយជាតិប៉ូតាស្យូមច្រើនណាស់ ដែលអាចជួយអ្នកនូវការបន្ធូរបន្ថយការឈឺចាប់ ដោយសារវដ្ដនៃរដូវ។ ចេកប្រភេទនេះ ក៏មានផ្ទុកនូវ វីតាមីន B6 ផងដែរ ដែលអាចកាត់បន្ថយនូវការហើមពោះ នៅពេលអ្នកមករដូវផងដែរ។ 

ហើយអ្វីដែលពិសេសទៀតនោះ គឺចេកប្រភេទនេះ ក៏ផ្តល់សារៈសំខាន់ដល់អ្នកចូលចិត្តតមអាហារខ្លាចធាត់ផងដែរ ដូច្នេះសាមញ្ញណាស់ អ្នកគួរតែចាប់ផ្តើមទទួលទានចេកជាប្រចាំ ដើម្បីសុខភាពរបស់អ្នក ជាពិសេស ចំពោះចេកដែលស្នាមអុជខ្មៅនេះ តែម្តង ។ បន្ទាប់ពីប្រិយបានអានអត្ថបទនេះចប់ហើយជឿជាក់ថា ប្រិយមិត្តនឹងមិនបោះចោលនូវចេកដែលមានស្នាមអុជខ្មៅនេះទៀតទេ៕

ប្រភព៖ Lifehack | Indigodaily 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]