ចិន៖ មនុស្សជាច្រើនតែងតែនិយាយថា ស្នេហា និងការស្រលាញ់ គឺយកឈ្នះអ្វីៗទាំងអស់។ ឧទាហរណ៍ជាក់ស្តែង ដូចជាគូស្នេហ៍មកពីប្រទេសចិនមួយគូនេះអញ្ចឹង បុរសដែលមានកម្ពស់ទាប ឬអាចនិយាយថាតឿម្នាក់ និងនារីដែលមានស្នាមរលាកលើមុខ និងគ្មានម្រាមដៃឆ្វេងម្នាក់ ពួកគេទាំង២បានចាប់ដៃគ្នាជាប្តីប្រពន្ធ ថ្វីត្បិតតែរូបរាងកាយមិនពេញលក្ខណៈក៏ដោយ ក៏នៅតែស្រលាញ់គ្នា គួរឲ្យកោតស្ញប់ស្ញែងតែម្តង។

បុរសតឿម្នាក់នេះ មានឈ្មោះថា Dong Zhijun អាយុ២៩ឆ្នាំ ដែលកម្ពស់របស់គាត់មិនបាន ១ម៉ែត្រផង ពោលគឺមានកម្ពស់តែ ០.៧៩ម៉ែត្រ តែប៉ុណ្ណោះ ចំនែកឯប្រពន្ធរបស់គាត់វិញ ឈ្មោះថា Yuan Wanyu អាយុ២៧ឆ្នាំ ដោយសារតែធ្លាប់ជួបគ្រោះថ្នាក់ បណ្តាលឲ្យមុខរបស់នាងមានស្នាមរលាក មកទល់ពេលនេះ ។ ពួកគេទាំង២នាក់នេះ បានរៀបការជាមួយគ្នា តាំងពីឆ្នាំ២០១០ មកម្ល៉េះ ដោយខាងប្រពន្ធបានបញ្ជាក់ប្រាប់ថា ស្នេហា គឺមិនប្រកាន់នូវរូបរាងឡើយ ទើបធ្វើឲ្យពួកគេទាំង២ រស់នៅជាមួយគ្នាបានមកដល់ថ្ងៃនេះ។

យោងតាមប្រភពបានឲ្យដឹងថា បុរសជាប្តី លោក Dong បានរៀបរាប់ពីរឿងរ៉ាវជីវិតដែលធ្លាប់ឆ្លងកាត់ជាច្រើនឲ្យដឹងផងដែរថា រូបគាត់កើតមកមានជម្ងឺតាំងពីក្មេង គឺជម្ងឺ Ricket ដែលជាជម្ងឺម្យ៉ាងមិនមានការលូតលាស់ផ្នែកឆ្អឹង និងអវយវៈផ្សេងទៀត ដូច្នេះហើយទើបធ្វើឲ្យរូបគាត់មានកម្ពស់ មិនដល់១ម៉ែត្រផងសព្វថ្ងៃនេះ។

យោងតាមប្រភពបានបន្ថែមទៀតថា Dong សព្វថ្ងៃនេះ ដើរបានដោយសារឈើច្រត់ទេ ពីព្រោះកាលនៅពីក្មេងមិនអាចដើរបានទេ គឺនៅតែលើគ្រែប៉ុណ្ណោះ។ លុះមកដល់ឆ្នាំ២០០៣ ពោលនៅពេលដែល Dong មានអាយុ ១៦ឆ្នាំ ឪពុករបស់គេបានស្លាប់ដោយសារជម្ងឺ និងម្តាយធ្លាក់ខ្លួនឈឺ ធ្វើឲ្យស្ថានភាពជីវិតរបស់គេបានប្រែប្រួល ដោយហេតុនេះហើយ រូបគេក៏បានចាប់ផ្តើមគិតថា ត្រូវធ្វើអ្វីម្យ៉ាងដើម្បីខ្លួនឯង។

ក្រោយមក Dong ចាប់ផ្តើមបង្រៀនខ្លួនឯងឲ្យចេះអាន ចេះសរសេរនូវភាសា មិនថែមតែប៉ុណ្ណោះ ក៏បានរៀនវាយកុំព្យូទ័រខ្លួនឯង និងប្រើប្រាស់អិុនធើណេតទៀតផង។ លុះក្រោយមកទៀត គាត់ក៏បានចាប់ផ្តើមជីវិតជំនួញមួយ ដោយគាត់បានបង្កើតវេបសាយផ្ទាល់ខ្លួន ចំនួន៤ និងគ្រប់គ្រងវេបសាយ ៧ផ្សេងទៀត ដើម្បីធ្វើជំនួញ ។ បន្ទាប់មកគាត់ក៏ត្រូវបានគេជ្រើសរើស ជាបុគ្គលិក IT នៅក្រុមហ៊ុនសេវាកម្មមួយ។ អាជីពការងាររបស់គាត់ ក៏ចាប់ផ្តើមផ្លាស់ប្តូរ រហូតមកទល់សព្វថ្ងៃនេះ គាត់គឺជា អ្នកផ្សព្វផ្សាយផ្ទាល់ និងមិនថែមតែប៉ុណ្ណោះគាត់ជាអ្នកជួញដូរ តាមប្រព័ន្ធ Online ទៀតផង។

ក្រឡេកមកមើលរឿរ៉ាវស្នេហារបស់ Dong វិញម្តង ការធ្វើមុខជំនួញតាមប្រព័ន្ធអិុនធើណេតនេះ មិនត្រឹមតែធ្វើឲ្យគាត់រកចំនូលបានទេ មិនថែមតែប៉ុណ្ណោះ បានធ្វើឲ្យគាត់ជួបស្នេហ៍ពិតប្រាកដរបស់គាត់ទៀត មិនខុសទេគឺគាត់បានស្គាល់ប្រពន្ធរបស់គាត់តាមប្រព័ន្ធអិុនធើណេត។ គួរបញ្ជាក់ផងដែរថា ប្រពន្ធរបស់គាត់ដែលមានឈ្មោះ Yuan នាងធ្លាប់បានជួបគ្រោះថ្នាក់មួយ កាលពីនាងនៅតូច បណ្តាលឲ្យមុខរបស់នាងរលាក រហូតទាល់តែជាប់ស្នាមមកទល់ឥឡូវនេះ ហើយក្នុងគ្រោះថ្នាក់នោះដែរ ក៏បានធ្វើឲ្យនាងបាត់បង់ម្រាមដៃខាងឆ្វេងទាំងអស់ផងដែរ។

គួររំលឹកផងដែរថា តាំងពីពេលនោះមក នាងមិនអាចបិទភ្នែករបស់ខ្លួនជិតនោះទេ ដោយសារមុខរបួស ជាហេតុធ្វើឲ្យនាងខកខាន ក្នុងការរៀនសូត្រ និងចូលសាលានឹងគេ ណាមួយជីវភាពគ្រួសារក៏ក្រទៀត។ ដោយសារតែរូបរាងនាងបែបនេះ ធ្វើឲ្យនាងពិបាករកការងារធ្វើនៅក្នុងទីក្រុង នាងត្រូវបានបដិសេធដោយក្រុមហ៊ុនជាច្រើន រហូតមកដល់ថ្ងៃមួយ នាងបានជួប Dong អ្វីៗក៏បានផ្លាស់ប្តូរ ដោយសារតែ Dong បុរសតឿមួយរូបនេះ បានផ្តល់ក្តីសង្ឃឹម និងទំនុកចិត្តដល់នាង ដូច្នេះហើយទើបធ្វើឲ្យអ្នកទាំង២ស្រលាញ់គ្នា និងមិនយូរប៉ុន្មានក៏បានរៀបការជាមួយគ្នា មកទល់ពេលឥឡូវនេះ។

ចំពោះជីវភាពរស់នៅរបស់អ្នកទាំង២វិញ ថ្វីត្បិតតែជីវភាពធូរធារក៏ពិតមែន ប៉ុន្តែពួកគេរស់នៅយ៉ាងសាមញ្ញ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេនៅផ្ទះ ចម្អិនអាហារ មើលទូរទស្សន៍ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសបុរសខាងប្តី ចេះជួយការងារប្រពន្ធផងដែរ នៅពេលដែលទំនេរពីការងាររបស់ខ្លួន។

នេះសបញ្ជាក់ឲ្យឃើញថា គូស្នេហ៍ទាំង២នាក់នេះ ពិតជាស្រលាញ់គ្នា និងរស់នៅចុះសម្រុងគ្នាណាស់ ថ្វីត្បិតរូបរាងកាយរបស់អ្នកទាំង២ មិនគ្រប់លក្ខណៈក៏ពិតមែន។ បន្ថែមពីនេះទៀត Dong ដែលជាប្តី ក៏ធ្លាប់បាននិយាយដែរថា «សម្រាប់ខ្ញុំ នាងគឺជាស្ត្រីដែលពិសេស និងស្រស់ស្អាតជាងគេនៅក្នុងលោកនេះ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ពួកយើងពុះពារជាមួយគ្នាដែរ»

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]