ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៦ សីហា ២០១៦ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ពាក់ព័ន្ធ​ពី​បទប្លន់ដោយប្រើ​កាំភ្លើងខ្លី និង​ដាវ​ភ្ជង់​គំរាម​យក​កាបូប​​ប្រាក់ និង​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះជា​អ្នក​កាប់​ជ្រូក​លក់ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​កែវ ប៊ុ​ន​ហៀ​ង ហៅ​ត្រ​ង៉ោ​ល​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៥ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ​ពៅ ស្រស់ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៣២ ភូមិ​៤ សង្កាត់​លេខ​៤ (​ជា​អ្នក​កាន់​កាំភ្លើង​ពេល​ប្លន់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​មក​ហើយ​) និង​៣-​ឈ្មោះ​រដ្ឋ រស្មី ហៅ​យួន អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៥​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ។

ទាក់ទិន​ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ ត្រូវ​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ សីហា ២០១៦ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើតឡើង ទៅ​លើ​ប្តី​-​ប្រពន្ធ​ជា​អ្នក​កាប់​ជ្រូក​លក់ ដោយ​បាន​យក​កាបូប​លុយ​មាន​ប្រាក់​, ទូរស័ព្ទ​ដៃ​, អាយ​ផេ​ត និង​សម្ភារ​មួយ​ចំនួន​ទៀត ខណ​:​ពេល​ជន​រង​គ្រោះ​ម៉ូតូ​ចេញពីផ្ទះ បំណង​ជិះ​ទៅ​រក​ហូប​បង្អែម ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ករណី​ប្លន់​នេះ ។ រយ​:​ពេល​១៥​ម៉ោង​កន្លះ គឺ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន សង្ស័យ​៣​នាក់ យក​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន សេចក្តីរាយការណ៍គិតត្រឹម​វេលាម៉ោង​០១ និង​២០នាទីរសៀលថ្ងៃទី១៨ សីហា ២០១៦ នេះ ​សមត្ថកិច្ចចម្រុះ ឡោមព័ទ្ធ​ចាប់​ប​ក្រុមចោរ​ប្លន់​បាន​ចំនួន​៣នាក់ ស្ថិត​ក្នុងបុរីសន្តិភាព២​ ​ក្នុងភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍​​សែន​ជ័យ ។

ប្រភពឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង៣នាក់ ១-​ឈ្មើ​សុខ រិទ្ធី អាយុ​២៦​ឆ្នាំ ២-​ឈ្មោះដាវីត អាយុ​១៨​ឆ្នាំ និង​៣-នារី​​ឈ្មោះ​ឃុន ផៃ អាយុ១៦​ឆ្នាំ (ជាសង្សារ​ជនឈ្មោះដាវីត) ដែល​ខណៈ​ពេល​នេះ កម្លាំង​កំពុងស្រាវជ្រាវ​បន្ត​ចាប់បក្សពួក​​ទៀតផងដែរ ។

គួររំលឹកថា កាលពីវេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ថ្ងៃដដែល​នេះ សមត្ថកិច្ច​ចម្រុះ​​កំពុង​ឡោម​ព័ទ្ធ​​ចាប់​​ក្រុម​ចោរប្លន់​នៅ​ក្នុង​បុ​រី​សន្តិភាព​២ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឡោម​ព័​ទ្ធចាប់​ក្រុម​ចោរប្លន់​នៅ​ទីតាំង​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជា​ចោរប្លន់​បាន​ម្នាក់​ ក្នុង​ចំណោម​៦​នាក់​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល ក្រោយ​ពី​ពួក​គេ​​​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ C125 មួយ​គ្រឿង ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC 0635 ពី​យុវជន​ឈ្មោះម៉ៅ ខួច អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដុ​ង ឃុំ​ព្រៃ​ស្តៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​យក​ម៉ូតូ​មក​វិញ ។

សកម្មភាព​វាយ​ប្លន់​ម៉ូតូ​នោះ​កើតឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ សីហា ២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​កម្សាន្ត​« មី​ត​ណាយ​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]