(ព្រៃវែង)៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តព្រៃវែង នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ បានចុះបង្រ្កាបករណីលេងល្បែងជល់មាន់ ដុះស្លែមួយកន្លែង ស្ថិតនៅចំណុចភូមិប្របុះ ឃុំរាជ្យឧត្តម ស្រុកព្រះស្តេច។

មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា សម្រាប់ប្រតិបត្តិការបង្ក្រាបទីតាំងជល់មានមួយនេះ កម្លាំងរបស់លោក បានដកហូតមាន់ ចំនួន០១ក្បាល កន្រ្តកដាក់មាន់ចំនួន០៥ ទ្រុងក្រុងមាន់ចំនួន០២ បង្គោលឬស្សីសម្រាប់ធ្វើសៃវៀនសម្រាប់ជល់ចំនួន១២កំណាត់ (ប្រវែង១ម៉ែត្រ) តង់កៅស៊ូសម្រាប់ប្រក់រោងចំនួន០១តង់ និងម៉ូតូចំនួន១១គ្រឿងផងដែរ។ ប៉ុន្តែអ្នកញៀនល្បែងជល់មាន់ទាំងនេះ បាននាំគ្នារត់ព្រោងព្រាត នៅពេលឃើញកម្លាំងសមត្ថកិច្ច ចុះទៅបបង្ក្រាបនោះ។

បច្ចុប្បន្នវត្ថុតាងយកមករក្សាទុក នៅកងរាជអាវុធស្រុកព្រះស្តេច ដើម្បីចាត់ការតាមផ្លូវច្បាប់៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន សមត្ថកិច្ចស្នងការនគរបាល ខេត្តប៉ៃលិនដឹកនាំដោយលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឆ្មក់ចូលវង់ល្បែងបញ្ជល់មាន់ដុះស្លែមួយកន្លែងទាំង កណ្តាលថ្ងៃត្រង់ ធ្វើឱ្យអ្នកខ្លះហក់ផ្លោះរបងផ្ទះកំពស់ជិត២ម៉ែត្រ អ្នកខ្លះដាច់ស្បែកជើង និងខ្លះទៀតដួលរបួសស្រាល រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូ១០គ្រឿង ស៊ុមក្រុងមាន់ចំនួន៧, មាន់ជល់៧ក្បាល, ជញ្ជីងថ្លឹង១ និងសង្វៀនមួយឈុតផងដែរ ។

ហេតុការណ៍នេះបង្ក្រាបកន្លែងបញ្ជល់មាន់នេះ បានឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅជាប់ខាងជើងផ្លូវជាតិលេខ៥៧ ទល់មុខបន្ទាយកងរាជអាវុធហត្ថក្រុងប៉ៃលិន ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា កន្លែងលេងល្បែងបញ្ជល់មាន់ដុះស្លែមួយនេះស្ថិតនៅក្នុងបរិវេណផ្ទះ របស់ឈ្មោះ មុត កប ភេទប្រុស អាយុ៥៧ឆ្នាំ ស្ថិតនៅភូមិ-សង្កាត់ខាងលើ ដោយបានបើកលេងយ៉ាងគគ្រឹកគគ្រេងជាយូរថ្ងៃខែមកហើយ ហើយអ្នកញៀនល្បែងទាំងនោះមានទាំងប្រជាពលរដ្ឋធម្មតា និងមន្ត្រីរាជការមួយចំនួនផងដែរ ។

ប្រភពបន្តទៀតថា ក្រោយពីបានទទួលព័ត៌មានច្បាស់ការពីភ្នាក់ងារសម្ងាត់ ទើបលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំចុះបង្ក្រាបកន្លែងលេងល្បែងបញ្ជល់មាន់នៅក្នុងក្រុងប៉ៃលិននេះ តែម្តង ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ខាងជំនាញកំពុងរៀបចំសំណុំរឿង និងស្រាវជ្រាវរកម្ចាស់ម៉ូតូទាំងនោះ ហើយបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឱ្យចាត់ការតាមនីតិវិធី ។

ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងខេត្តប៉ៃលិន មានការសប្បាយ រីករាយក្នុងចិត្តយ៉ាងខ្លាំង ខណៈសមត្ថកិច្ចនគរបាលបានចុះបង្ក្រាប កន្លែងលេងល្បែងស៊ីសងគ្រប់ ប្រភេទជាញឹកញាប់នៅក្នុងក្រុងប៉ៃលិន ព្រោះល្បែងកាន់តែច្រើនកើតឡើង អំពើលួច ប្លន់ កាប់សម្លាប់ ក៏កាន់តែមានច្រើន បង្កអសន្តិសុខ ក្នុងសង្គមរស់នៅផងដែរ ។

ម្យ៉ាងវិញទៀត ល្បែងកន្ទុយលេខ(ឆ្នោត)កំពុងតែត្រូវគេបើកលេងយ៉ាងពពាក់ពពូននៅ ក្នុងផ្សារ ហើយនៅតាមភូមិជាច្រើនដែរ តែមិនទាន់ឃើញមានសមត្ថកិច្ចណាម្នាក់ចាត់ការនៅឡើយទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]