នៅពេលដែលអ្នក ទទួលរងអារម្មណ៍រសាប់រសល់ ស្មុគ្រស្មាញ អស់កម្លាំង អ្វីដែលអ្នកចង់ធ្វើបំផុតនោះគឺប្រាកដជា ទៅរកអីញ៉ាំជាមិនខាន។ ជាពិសេស បន្ទាប់ពីរវល់ធ្វើនេះធ្វើនោះពេញមួយថ្ងៃ បណ្តាលឲ្យអស់កម្លាំងពីខ្លួននោះ អ្នកអាចអានការណែនាំខ្លះខាងក្រោមនេះ ដើម្បីធានាថាអ្នកមិនទទួលទានអាហារ ដែលអ្នកមិនដឹងថា កាន់តែធ្វើឲ្យអស់កម្លាំងថែមទៀត។

ដោយសារតែអ្នកវិទ្យាសាស្រ្ត បានរកឃើញពីទំនាក់ទំនងរវាងបញ្ហាក្រពះ ពោះវៀន ជាមួយនឹងអារម្មណ៍។ ហេតុនេះ អ្នកត្រូវតែធានាថា អ្នកទទួលទានអាហារ បានត្រឹមត្រូវ ព្រោះវាជួយបំផ្លាញបាក់តេរីមិនល្អ និងបណ្តុះបាក់តេរីល្អ ក្នុងក្រពះ ពោះវៀន ដែលផ្តល់ផលល្អសម្រាប់សុខភាពផ្លូវចិត្ត របស់អ្នក។ 

ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរធ្វើការចៀសវាង ឬអាចបរិភោគបានតែបន្តិចបន្តូចប៉ុណ្ណោះ នៅពេលដែលអ្នករងនូវបញ្ហាទាក់ទងនឹងអារម្មណ៍ផ្សេងៗ ៖

១. កាហ្វេ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន

គេជឿថា កាហ្វេជួយបង្កើនថាមពលបាន មួយរយៈពេលខ្លីយ៉ាងមានប្រសិទ្ធភាព ជាពិសេស អាចឲ្យអ្នកផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងកាត់បន្ថយភាពតានតឹង។ ប៉ុន្តែទោះបីជា កាហ្វេអាចបង្កើនថាមថាមពលក៏ពិតមែនក៏ដោយ សារជាតិកាហ្វេអ៊ីននឹងបំផ្លាញសារធាតុ serotonin (ជាអរម៉ូនសំខាន់មួយ ក្នុងខួរក្បាល ដែលធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ និងស្ងប់ស្ងាត់) បណ្តាលឲ្យអ្នកមាន ជំងឺធ្លាក់ទឹកចិត្ត និងឆាប់ខឹង។ វាក៏ធ្វើឲ្យអ្នកមិនងងុយគេង ដែលនាំឲ្យបញ្ហាស្រ្តេស និងអស់កម្លាំងលើសដើម។ អ្នកត្រូវការសំរាក ដើម្បីបន្ធូរអារម្មណ៍តានតឹង មិនមែនទៅញ៉ាំកាហ្វេទេ។ 

២. ស្ករគ្រាប់

អ្នកត្រូវការជាតិស្ករឲ្យបានគ្រប់គ្រាន់ ដើម្បីបំលែងជាគ្លុយកូស ទៅទ្រទ្រង់រាងកាយ ឲ្យមានសុខភាពល្អ។ ជាតិស្ករ អាចជ្រៀតចូលទៅក្នុងចរន្តឈាម បានយ៉ាងរហ័ស បណ្តាលឲ្យអ្នកមានកម្លាំងភ្លាមៗ និងធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ ពីភាពតានតឹង។ ប៉ុន្តែទោះជាយ៉ាងណា វាមិនមានប្រសិទ្ធភាពបានយូរនោះទេ និងបែរជាធ្វើឲ្យអ្នកគ្មានកម្លាំងកំហែងដដែល និងធ្វើឲ្យអ្នកមិនមានអារម្មណ៍សប្បាយចិត្តទៀតផង។ ម្យ៉ាងវិញទៀត បើញ៉ាំញឹកញាប់ និងច្រើនពេក ក៏អាចបណ្តាលឲ្យពុកធ្មេញផងដែរ។

៣. ភេសជ្ជៈសូដា

ភេសជ្ជៈដែលមានរសជាតិផ្អែមៗ ដូចជាពពួកសូដា គឺមានផ្ទុកទៅដោយជាតិស្ករ និងជាតិកាហ្វេអ៊ីន គុណនឹង ២ ដែលអាចធ្វើឲ្យអ្នកមានកម្លាំងខ្លាំងវិញ គ្រាន់តែថ្លៃបន្តិចប៉ុណ្ណោះ។ ប៉ុន្តែ នៅរយៈពេលប៉ុន្មាននាទីក្រោយមក អ្នកប្រាកដជាបាក់កម្លាំងស្រឹបវិញជាមិនខាន។ ហេតុនេះ អ្នកគួរតែ បរិភោគទឹក ជំនួសភេសជ្ជៈទាំងនោះវិញ ទើបជាការប្រសើរ។ 

៤. គ្រឿងស្រវឹង

វាជារឿងល្អ ប្រសិនបើអ្នកមានស្រា ២ ទៅ ៣ កែវកំដរ នៅពេលដែលអ្នកស្មុគ្រស្មាញ និងអស់កម្លាំង ព្រោះអារម្មណ៍របស់អ្នកអាចនឹងធូរស្រាលបានខ្លះ។ ប៉ុន្តែបើសិនជាអ្នក ហ៊ានតែញ៉ាំច្រើនបន្តិចនោះ អ្នកប្រាកដជាស្មុគ្រស្មាញកាន់តែខ្លាំង។ យូរទៅ ជាតិស្រវឹងទាំងនោះ នឹងធ្វើឲ្យរាំងស្ទះសារធាតុ serotonin របស់ខួរក្បាល ដែលជាសារធាតុជួយគ្រប់គ្រងអារម្មណ៍របស់អ្នកជាក់ជាមិនខាន។ 

៥. អាហារចៀន

អាហារចៀន និងអាហារកែច្នៃជាច្រើនទៀត រួមមានទឹកដោះគោ និងរបស់ផ្អែមៗជាច្រើនទៀត សុទ្ធតែបង្កើនហានិភ័យប្រឈមនឹង ជំងឺធ្លាក់ទឹកចិត្ត និងរសាប់រសល់ ឆាប់អស់កម្លាំង។ លទ្ធផលការសិក្សាមួយបានបង្ហាញថា មនុស្សទាំងឡាយណា ដែលឧស្សាហ៍ចូលចិត្ត ញ៉ាំរបស់អស់ទាំងនេះ មានឱកាសកើតជំងឺធ្លាក់ទឹកចិត្តរហូត ៥៨%។ សារធាតុគីមី ដែលមានក្នុងអាហារខាងលើ ធ្វើឲ្យកើនឡើងនូវ កម្រិតជាតិស្ករក្នុងឈាម យ៉ាងរហ័ស។ សូមអ្នកកាត់បន្ថយ ការទទួលទានអាហារទាំងនោះ រួចបែរមកញ៉ាំត្រី គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែវិញ ទើបល្អជាង។ 

៦. អាហារកែច្នៃ

នំប៉័ង សាច់ក្រក និងអាហារចម្រាញ់ជាច្រើនមុខទៀត សុទ្ធតែមានលាយជាតិពណ៌ ជាតិស្ករ និងជាតិខ្លាញ់ដែលមិនល្អ សម្រាប់សុខភាព ជាពិសេស សុខភាពផ្លូវចិត្តរបស់អ្នក។ ជាងនេះទៅទៀត វីតាមីន និងសារជាតិរ៉ែធម្មជាតិ ត្រូវបានបាត់បង់ តាំងពីពេលដុតនំមកម៉្លេះ។ ជាការពិតណាស់ នំប៉័ង សាច់ក្រក និងនំខុកឃី (cookies) សុទ្ធតែជាតិស្ករ និងម្សៅ ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាម ឡើងខ្ពស់បានយ៉ាងខ្លាំង។ មិនចាំបាច់ឆ្ងល់ទេ ប្រសិនបើអ្នកកាន់តែមានអារម្មណ៍មិនស្រណុកក្នុងខ្លួន និងកាន់តែអន្ទះអន្ទែងជាងមុន បន្ទាប់ពីញ៉ាំអាហារខាងលើរួចនោះ។ អ្នកគួរព្យាយាមបរិភោគ អាហារបែបធម្មជាតិដូចជា បន្លែ ឬសាច់មាន់ ឬសាច់ត្រីជំនួសវិញ។ 

៧. អាហារមានជាតិប្រៃ

នៅពេលដែលអ្នក ទទួលរងពីបញ្ហាតប់ប្រមល់ និងចង់កាត់បន្ថយវា ដោយការទៅញ៉ាំអាហារសម្រន់ ដែលមានរសជាតិប្រៃៗ តែអ្នកប្រាកដជាមិនដឹងថាវាកាន់តែ ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទេ។ ជាតិប្រៃ ពីអាហារទាំងនោះ បណ្តាលឲ្យសម្ពាធឈាមកើនឡើង និងធ្វើឲ្យបេះដូងមានដំណើរការមិនប្រក្រតី។ នេះប្រាកដជាធ្វើឲ្យ កម្រិតភាពតានតឹងរបស់អ្នក កាន់តែឡើងខ្ពស់ មិនខាន។ 

៨. សូកូឡា

មនុស្សមួយចំនួន បង្រ្កាបអារម្មណ៍រសាប់រសល់ និងភាពអស់កម្លាំងដោយ ការញ៉ាំសូកូឡា។ ជាក់ស្តែង ត្រឹមតែបរិមាណតិចតួច គឺអាចដោះស្រាយបញ្ហានេះបានហើយ។ ប៉ុន្តែអ្នកខ្លះបែរជាជ្រុលមាត់ ជក់ញ៉ាំអស់មួយដុំធំក៏មាន។ នេះគឺជាអ្វីដែលអ្នកត្រូវតែចៀសវាង ព្រោះអ្នកនឹងមានបញ្ហារសាប់រសល់អារម្មណ៍ជាងមុនទៀត ប្រសិនបើអ្នកញ៉ាំលើសកំណត់។ 

៩. ម្ហូបហឹរ

ជាការពិតណាស់ អាហារដែលមានរសជាតិហឹរ ធ្វើឲ្យដំណើរការក្នុងរាងកាយ របស់អ្នកមានភាពមិនប្រក្រតី។ ជាតិហិរនោះនឹង ធ្វើឲ្យអ្នកមិនមានផាសុកភាពឡើយ ព្រោះតែវាធ្វើឲ្យក្រហល់ក្រហាយដល់ក្រពះ រយៈពេលយូរ។ នោះអ្នកប្រាកដជា មានអារម្មណ៍កាន់តែធ្ងន់ធ្ងរជាងមុន ដោយចៀសមិនរួច។ 

១០. មិនត្រូវអត់អាហារពេលព្រឹក (ឬអាហារទាំងបីពេលណាមួយទេ)

ថ្វីត្បិតតែពេលវេលាជាមាសប្រាក់មែន ប៉ុន្តែប្រសិនបើអ្នកមិនញ៉ាំអាហារពេលព្រឹក ឬអាហារទាំងបីពេលណាមួយ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ រួចបណ្តាលឲ្យមានបញ្ហាថប់អារម្មណ៍ និងឆាប់ខឹង។

បញ្ហាមួយទៀតគឺ មនុស្សមួយចំនួនទទួលតានជាតិស្ករ និងជាតិប្រូតេអ៊ីនតិចពេក។ ហេតុនេះ អ្នកគួរតែបន្ថែម ស៊ុត ទឹកដោះគោជូរ ឬឈីស ទៅក្នុងរបបអាហារពេលព្រឹករបស់អ្នក ដើម្បីការពារសុខភាពផ្លូវចិត្តរបស់អ្នក៕ 

ប្រភព៖ Lifehack | BUSTLE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]