ចាងហ្វាងផលិតកម្ម អិលឌី ភិចឆ័រ (LD Picture Production) និងជាអ្នកដឹកនាំរឿង លោក លៀក លីដា បានអះអាងថា រឿងភាគ «ម្ទេសហឹរ ប៉ះអំបិលប្រៃ» គឺជារឿងដែលមានគុណភាពរូបភាពច្បាស់បំផុត ដោយការប្រើប្រាស់ទាំងកាមេរ៉ា និង Len ដែលមិនងាយនឹងមានរឿងភាគទូរទស្សន៍ណាប្រើប្រាស់ឡើយ។

លោកបានថ្លែងបែបនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសមួយនៅក្នុង កម្មវិធីព័ត៌មានកំសាន្ត របស់ស្ថានីយទូរទស្សន៍ភីអិនអិន កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា។ លោកបាននិយាយថា ៖ «យើងប្រើប្រាស់កាមេរ៉ាប្រភេទ Film 35 mm ឯ Lens យើងប្រើប្រាស់ប្រភេទ Prime lens ឬ Cinema lens ដែលជាទូទៅមិនងាយគេប្រើទេសម្រាប់ថតកុនភាគសូម្បីតែនៅក្រៅប្រទេសក៏ដោយ ដោយសារវាចាយពេលច្រើន»។

មិនតែប៉ុណ្ណោះ សម្រាប់ដំណើរការនៃការកាត់តវិញ លោកបានរៀបរាប់ឲ្យដឹងថា ៖ «គ្រប់ភាគនៃ រឿងម្ទេសហឹរ ប៉ះអំបិលប្រៃ គឺសុទ្ធសឹងតែបានឆ្លងកាត់ការ Edit យ៉ាងសម្រិតសម្រាំងបំផុតដោយក្រុមការងាររបស់យើងដែលបានទទួលការបណ្តុះបណ្តាលពីបរទេស ក្នុងនោះមានដូចជាការ Edit online, offline, sound mixing, color correction និង mastering contrast ដោយមិនមែនគ្រាន់តែកាត់តភ្លាមហើយចាក់ផ្សាយនោះទេ»។

បើតាមលោក លៀក លីដា លោកមានការជឿជាក់ខ្ពស់ថា រឿងភាគបែបកំប្លែងដែលមានគុណភាពខ្ពស់មួយនេះ ប្រាកដជាទទួលបានជោគជ័យពីសំណាក់ទូរទស្សនិកជន។

«ម្ទេសហឹរ ប៉ះអំបិលប្រៃ» គឺជាខ្សែភាពយន្តភាគខ្មែរមួយក្នុងចំណោមរឿងភាគទាំងប្រាំរបស់ភីអិនអិន ដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។ រឿងនេះនឹងមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ ចាប់ពីវេលាម៉ោង៨យប់តទៅ។

រឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេតនាស្នេហា កំប្លែង កាច់កុងគ្នា រវាងប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅជាមួយនឹងម្តាយក្មេក ដែលពិបាកយល់ចិត្តស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំ ទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នា ទើបអាចរស់នៅជាមួយគ្នា ប្រកបដោយសេចក្តីសុខបាន។

ខ្សែរឿងមួយនេះធានាថា ទូរទស្សនិកជន ប្រាកដជាទទួលបាននូវសំណើចសើចក្អាកក្អាយ ដោយសារសំបូរ ទៅដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗ ដែលមានបទពិសោធន៍ ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។ ក្នុងនោះរួមមានកញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជា សំណាង អ្នកស្រី ង៉ែត សុវណ្ណលីតា លោក ចាប ចៀន កញ្ញា ទឹម រដ្ឋា នាយ សុបិន រួមនឹងសិល្បករ សិល្បការនីល្បីៗ មួយចំនួនទៀត។

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើន ជាងមួយរយម៉ោងក្នុង ឆ្នាំ២០១៦ នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ៕ 

ទស្សនាឈុតខ្លីរឿង ម្ទេសហឹរ ប៉ះអំបិលប្រៃ សូមចុច ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]