(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបំពាក់កាមេរ៉ាសុវត្ថិភាព នៅគ្រប់មណ្ឌលកំណែទាំងអស់ ដើម្បីអង្កេតមើលពីសកម្មភាព របស់លោកគ្រូ អ្នកគ្រូ និងគណៈកម្មាធិការទាំងអស់ ជុំវិញការធ្វើកំណែរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦។ នេះយើងតាមទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ។

ក្រសួងអប់រំ បានឲ្យដឹងថាយ៉ាងដូច្នេះថា «សកម្មភាព នៃការបំពាក់កាមេរ៉ាសុវត្ថិភាព ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់បន្ទប់កំណែទាំងអស់ និងបន្ទប់គណៈកម្មការកណ្តាល ក្នុងមណ្ឌលកំណែ ដើម្បីត្រៀមរៀបចំ ដំណើរការកំណែ»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។

សូមបញ្ជាក់ថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅមុននេះបន្ដិចថា បេក្ខជនអវត្តមានកើនឡើងដល់១៣៦១នាក់ ក្នុងនោះស្រី ៥៣២នាក់ បេក្ខជនមានបញ្ហាសុខភាពមាន ២៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២ករណី ដែល ១ករណីមានសភាពធ្ងន់ធ្ថរ មិនអាចបន្តការប្រឡងបាន។

ទោះជាយ៉ាងណា ក្រសួងអប់រំបានបញ្ជាក់បន្ទាប់ពីបញ្ចប់ការប្រឡង នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះថា ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន ពោលគឺគណៈមេប្រយោគ គ្រប់លំដាប់ថ្នាក់មានការទទួលខុស ត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីនៅតាម រាជធានី-ខេត្ត មួយចំនួន មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ ជាមួយគ្នានេះដែរ បេក្ខជនបានគោរពបទប្បញ្ញត្តិ និងកម្រិតវិន័យ នៃការប្រឡងបានត្រឹមត្រូវ មានភាពជឿជាក់ និងធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ ឡើយ ដោយមានកិច្ចសហការយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងសហភាពសហព័ន្ធ យុវជនកម្ពុជា។

សូមបញ្ជាក់ថា បេក្ខជនដែលបានចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំនេះ សរុប ៩៣,៧៥២នាក់ ស្រី៤៥,២៣៧នាក់ និងមានមណ្ឌលប្រឡង១៥៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន១១៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៤២មណ្ឌល ស្មើនឹង៣,៧៨១ បន្ទប់ នៅទូទាំងប្រទេស៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]