(ភ្នំពេញ)៖ តារាចម្រៀងលំដាប់កំពូល ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កាលពីប៉ុន្មាន​ថ្ងៃ​នេះ ​បានសម្តែងខ្សែភាពយន្តមួយ របស់ផលិតកម្ម សាន់ដេ ក្នុងឈុតមួយ​តម្រូវឲ្យគេចាប់នាង​ ចងដៃ​ជើងផ្អោប​ជា​មួយកៅអី រហូតបណ្តាលឲ្យមានស្លាកស្នាមជាំដៃជាំជើង និងឈឺពេញខ្លួន ស្ទើរងើប​ដើ​រពុំរួច។ ប៉ុន្តែជាចម្លើយត្រូវបាន ពិសី ឆ្លើយថា នាងអត់ខ្វល់អ្វីទេ ​ទោះត្រូវឈឺជាងនេះក៏​ពេ​ញ​ចិត្តដែរ ពោលគឺចង់បានតែម្យាងប៉ុណ្ណោះ គឺភាពយន្តមានគុណភាព និងក៏ព្រោះតែនាងស្រឡាញ់ការងារផងដែរ។

ថ្លែងប្រាប់គេហទំព័រ Khmertalking កាលពីពេលថ្មីៗនេះ ​តា​រាច​ម្រៀងសំឡេងស្រទន់ចរឹតរួសរាយ មានប្រជាប្រិយភាព កញ្ញា សុខ ពិសី បានប្រាប់​ឲ្យដឹង​ថា​ ពិតមែនតែខ្លួននាង ត្រូវឈឺស្ទើរងើបដើរមិនរួចហើយ ដៃជើងមានស្នាមជាំបែបនេះ យ៉ាងណា​ក្តីក៏នាងមិនរួញរា ក្នុងការសម្តែងដែរ ព្រោះថាសិល្បៈ នាងស្រឡាញ់ខ្លាំង ហើយកាន់តែពិសេសជាងនេះ គឺដើម្បីគុណភាពនៃខ្សែភាពយន្ត ឲ្យកាន់តែមានភាពល្អ ពេលចាក់បញ្ចាំងទទួលបានការគាំទ្រ ពីទស្សនិកជន។

តារាចម្រៀង ដែលស្ថិតក្នុងដួងចិត្តយុវវ័យ មានសម្ដីស្រទន់គួរឲ្យលង់ស្នេហ៍ កញ្ញា សុខ ពិសី បានបន្ត​ថា «​ខ្ញុំនិងខិតខំឲ្យអស់ពីសមត្ថិភាព ហើយខ្ញុំទទួលស្គាល់ថា ការថតខ្សែភាយន្ដនេះ គឺលំបាកសម្រាប់ខ្ញុំ ព្រោះឈុតសម្ដែ​ង​ជាច្រើន ដែលខ្ញុំមិនធ្លាប់សម្ដែងពីមុនមក នឹងត្រូវឈឺខ្លួន អត់ងងុយ និងមានកម្មវិធី concert បន្តគ្មានពេលសំរាក​សោះ ប៉ុន្ដែការចំណាយ​កម្លាំងរបស់ខ្ញុំ អាចជួយលើកស្ទួយវិស័យភាពយន្ដខ្មែ​រ ឲ្យកាន់តែរីកចម្រើន ខ្ញុំគ្មានពាក្យថារួញរាទេ គឺមានតែការតស៊ូ ហើយខ្ញុំក៏អរគុណបងប្អូនទាំងអស់ សម្រាប់ក្ដីស្រឡាញ់ និងការគាំទ្រ!»។

កញ្ញា សុខ ពិសី បាននិយាយទៀតថា សភាពនៃការជាំ​ដៃ និងជើងរបស់នាងនេះ គឺកើតឡើង​​ក្រោយ​ពេល​សម្តែងក្នុងឈុតមួយ ដែលត្រូវឲ្យក្រុមចោរចាប់ជំរិត ​នាង ចងដៃ​ចងជើងភ្ជាប់​ជាមួយនឹងកៅអី ហើយចាប់វាយធ្វើបាបតួសម្តែងប្រុស ដែល​​សម្ដែងជាឪពុករបស់នាង ដើម្បីជំរិតទារប្រាក់។ ប៉ុន្តែនៅពេលរើបបំរាស់ ក៏មានសភាពជាំយ៉ាងដូច្នេះតែម្តង ​ធ្វើឲ្យឈឺចាប់ ស្ទើរងើបដើរមិនរួច។

តារាចម្រៀងរូបស្រស់ កញ្ញា សុខ ពិសី បានបន្ថែមទៀតថា ថ្វីត្បិតនាង ត្រូវជាំដៃនិងជើង ហើយ​​ឈឺ​ពេញខ្លួនប្រាណបែបនេះ ក៏ពិតមែន ​នាងនៅតែសប្បាយចិត្ត សម្រាប់ការសម្តែងនេះ​ដដែ​ល។ ម្យ៉ាងវិញទៀត ទោះបីជាពេលក្រោយៗ មានឈុតឆាកសម្តែង​ត្រូវលំបាកជាងនេះ ក៏នាងពេញចិត្តសម្តែង មិនរាថយឡើយ៕ ​

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងស្រីដ៏ល្បាញល្បី របស់កម្ពុជា កញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ កញ្ញានឹងចូលរួមក្នុងការប្រគុំ តន្រ្តីដ៏អស្ចារ្យមួយ នៅសាកលវិទ្យាល័យន័រតុន ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះមិនមែនជាលើកទី១ទេ សម្រាប់កញ្ញា សុខ ពិសី ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់សង្គម ពោលគឺនាងបានធ្វើការងារជាច្រើន លើកច្រើនសារមកហើយ។

ថ្លែងប្រាប់ KhmerTalking នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ តារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេក របស់ផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី បានឲ្យដឹងថា ការប្រគំតន្ត្រីមនុស្សធម៌ នៅម៉ោង៤រសៀល ថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ គឺរៀបចំដោយសាកលវិទ្យាល័យ ន័រតុន សហការជាមួយ សមាគមគ្រួសារតារាកម្ពុជា។

កញ្ញា សុខ ពិសី បញ្ជាក់ទៀតថា «ការចូលច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ខ្ញុំចូលរួមដោយមិនទាមទារតម្លៃខ្លួនចេញសម្តែងឡើយ គឺខ្ញុំសុខចិត្តឲ្យអ្នករៀបចំ កម្មវិធីនេះ បង្វិលថវិកាតម្លៃខ្លួនរបស់ខ្ញុំ ដែលច្រៀងបានទាំងអស់ ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា»។

អ្វីដែលកាន់តែមិននឹកស្មានដល់នោះ តារាចម្រៀងល្បីរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញាដែលត្រូវនឹងថ្ងៃប្រគុំតន្ត្រីនោះ កញ្ញាសុខចិត្តលុបចោល ការងារផ្ទាល់ខ្លួនពីរ គឺថតផ្សាយពាណិជ្ជកម្មម្សៅលាបមុខ និងថតខារ៉ាអូខេ បទថ្មីរបស់កញ្ញាផងដែរ ដោយបានស្នើសុំឲ្យខាងក្រុមហ៊ុនថតស្ប៉ត និងខារ៉ាអូខេ លើកទៅថ្ងៃក្រោយ ដើម្បីយកពេលវេលានេះ ចូលរួមកម្មវិធីប្រគំតន្ត្រី ដ៏សំខាន់នេះ។

កញ្ញា សុខ ពិសី បានបញ្ជាក់ទៀតថា «ខ្ញុំសុខចិត្តលះបង់ការងារផ្ទាល់ខ្លួន មកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីរកថវិកាជួយពេទ្យគន្ធបុប្ផា ព្រោះនេះការងារមានតម្លៃសម្រាប់សង្គម ជាពិសេសជួយដល់កុមារកម្ពុជា។ យើងដឹងហើយថា មន្ទីរពេទ្យគន្ធបុប្ផានេះ បានជួយព្យាបាលកុមារកម្ពុជា ដោយមិនយកប្រាក់ ដូច្នេះខ្ញុំចង់ចូលរួមជួយតាមលទ្ធភាព ដោយមិនយកប្រាក់ឡើយ ហើយបើលើកក្រោយមានកម្មវិធីនេះទៀត ខ្ញុំក៏រីករាយនឹងបន្តចូលរួមផងដែរ»៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី