(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី ក្រោយពីបញ្ចប់ ការថតខ្សែភាពយន្ត ដែលមានចំណងជើងថា «ទឹកចិត្តម្តាយសម័យថ្មី» របស់អ្នកស្រី ពាន់ ភួងបុប្ផា ហើយភ្លាមអ្នកនាងក៏បាន ធ្វើដំណើរចាកចេញពីទឹកដី ប្រទេសកម្ពុជាភ្លែត នៅម៉ោង១២៖០០នាទី ថ្ងៃនេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ អ្នកនាង អម្ពរ ទេវី បានឲ្យដឹងថា ក្នុងចិត្តរបស់អ្នកនាង នៅតែស្រលាញ់សិល្បៈ បើទោះជាឃ្លាតឆ្ងាយ ពីប្រទេសកំណើត ត្រូវទៅរស់នៅ សហរដ្ឋអាមេរិក ជាយូរឆ្នាំមកហើយក្ដី ប្រមាណជាង១០ថ្ងៃនេះ នាងពិតជាសប្បាយចិត្តណាស់​ ​នៅពេលបានជួបជាមួយ មិត្តភក្តិចាស់ៗ ធ្លាប់សម្ដែងរួមជំនាន់ ស្រឡាញ់រាក់ទាក់ និងយកចិត្តទុកដាក់ ចំពោះនាងយ៉ាងខ្លាំង។

អ្នកនាងបន្តថា ប្រសិនបើមានឱកាស អ្នកនាង នឹងត្រឡប់មកជាថ្មីហើយ មូលហេតុដែលអ្នកនាង មកស្រុកកំណើត ត្រឹមរយៈពេលខ្លី ( ជាង១០ថ្ងៃ) ហើយត្រូវត្រឡប់ទៅវិញនេះ គឺដោយសារអ្នកនាង មានការងារ នៅក្រុមហ៊ុនមួយ ត្រូវធ្វើហេតុដូច្នេះ ហើយមិនអាចនៅយូរបានទេ។

សូមជម្រាបផងដែរថា តារាសម្ដែង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសម្ដែងរឿង ឲ្យអ្នកស្រី ពាន់ ភួងបុប្ផា និងឆ្លៀតសម្ដែងបទចម្រៀង មួយចំនួន ឲ្យផលិតកម្ម ថោន ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ចំពោះវត្តមានរបស់ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរីករាយពន់ពេក ព្រោះនឹងបានមើលស្នាដៃក្នុងការសម្តែងរបស់ អ្នកនាងម្តងទៀត តាមរយៈរឿងថ្មី ចំណងជើងថា​"ទឹកចិត្តម្តាយសម័យថ្មី" ដែលដឹកនាំដោយ អ្នកស្រី ពាន់ ភួងបុប្ផា។ 

ដោយយោងតាមរូបថតជាច្រើនសន្លឹក របស់ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហាញឲ្យឃើញ នូវរូបសម្រស់របស់ អ្នកនាង អម្ពរ ទេវី យ៉ាងស្រស់សោភា ទោះបីពេលនេះនាងមានវ័យជ្រេបន្តិចក៏ដោយ។

ក្នុងនោះដែរ ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា ក៏បានសរសេរបញ្ជាក់ដែរថា អ្នកនាង អម្ពរទេវី នឹងមកថតរឿង ទឹកចិត្តអ្នកម្តាយសម័យថ្មី មានរយៈពេលត្រឹម៣០ថ្ងៃតែប៉ុណ្ណោះ ហើយនេះក៏ជាវត្តមានដែលប្លែក និងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងវិស័យភាពយន្តខ្មែរ ដែលអ្នកនាង សម្ពរទេវី បានបាត់មុខក្នុងវិស័យភាពយន្ត អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ៕

ចុះតើប្រិយមិត្ត នឹងចង់រង់ចាំមើលស្នាដៃក្នុងការសម្តែង របស់អ្នកនាង អម្ពរទេវី សាជាថ្មីដែរទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]