រុស្ស៊ី៖ ភាពអស្ចារ្យមួយដែលតែងតែកើតមានឡើង នៅក្នុងតំបន់ជួរភ្នំ Altai ប្រទេសរុស្ស៊ី បានទាក់ទាញអ្នកទេសចរមិនដែលខានឡើយ នៅរៀងរាល់ឆ្នាំ ដោយសារតែមានបឹងមួយ ឈ្មោះថា Lake Burlinskoye តែងតែប្រែពណ៌ទៅជាពណ៌ផ្កាឈូក ក្នុងខែសីហា។

បឹង Lake Burlinskoye បានប្រែជាពណ៌ផ្កាឈូកម្តងទៀតហើយនៅឆ្នាំនេះ តែនៅពេលនេះវាហាក់ប្រែពណ៌លឿនជាងឆ្នាំមុន ពីរទៅបីសប្តាហ៍ ក៏ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុក្តៅខ្លាំង នៅក្នុងតំបន់ស៊ីបេរី ដែលបង្កឲ្យមានការប្រែប្រួលមុនពេលកំណត់បែបនេះ។

មុននិងក្រោយពេលដំណាក់កាលប្រែជាពណ៌ផ្កាឈូករបស់ខ្លួន បឹងនេះមានពណ៌ខៀវនៅពេលថ្ងៃ​ ដែលមានពន្លឺថ្ងៃ និងប្រែជាពណ៌ប្រផេះនៅពេលផ្ទៃមេឃមានពពកខ្មៅអួរអាប់។ 

ការប្រែពណ៌ទៅជាពណ៌ផ្កាឈូករបស់បឹងទឹកប្រៃមួយនេះ ដោយសារតែពពួកមីក្រូសរីរាង្គនៅក្នុងទឹកបឹងកើនឡើងច្រើននៅក្នុងខែនេះ ដូចជាបង្គារខ្លួនក្រហម Artemia salina បង្គារពណ៌ផ្កាឈូកភ្នែក៣ ជើង១១ និងពពួកសត្វរស់នៅក្នុងទឹកមួយចំនួនទៀត ហើយបម្រែបម្រួលមួយនេះ​មានជាង១០០លានឆ្នាំមកហើយ។

បឹងនេះជាឃ្លាំងស្តុកអំបិលធំបំផុត នៅក្នុងតំបន់ស៊ីបេរីភាគខាងលិច ហើយវាក៏ធ្លាប់ជាកន្លែងជាទីគាប់ចិត្តរបស់គ្រួសាររាជវង្សរុស្ស៊ីផងដែរ។ នៅក្នុងសម័យសហភាពសូវៀត ផ្លូវរថភ្លើងមួយខ្សែត្រូវបានគេសង់កាត់បឹងនេះ សម្រាប់ដឹកអំបិលចេញទៀតផង។ 

ជាតិប្រៃនៅក្នុងទឹក បានធ្វើឲ្យគេអាចប្រមូលផលអំបិលបាន ដែលរដូវរបស់វាចាប់ផ្ដើមពីខែឧសភា ដល់វិច្ឆិកា។ មិនតែប៉ុណ្ណោះដោយសារតែភាពចម្លែកដែលតែងតែកើតមាននៅក្នុងខែសីហា​ជារៀងរាល់ឆ្នាំ បានធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្ត និងទស្សនាទស្សនិយភាពដ៏ស្រស់ស្អាតមិនដែលអាក់ខានឡើយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]