អាមេរិក៖ នាង Marimar Quiroa គឺជាជាងផាត់មុខដ៏មានស្នាដៃម្នាក់ ក្នុងចំណោមជាងផាត់មុខដទៃទៀត ដែលបានបើកបង្រៀនវីដេអូ របៀបផាត់មុខ នៅលើ YouTube ដោយមានអ្នកទស្សនាច្រើនជាង៩លាននាក់។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គឺនាងមានមុខមាត់មិនដូចមនុស្សធម្មតាទេ ដោយសារតែនាងបានកើតជម្ងឺម្យ៉ាង ដែលធ្វើឱ្យឡាំហ្វាទិចក្នុងរាងកាយមានការវិវឌ្ឍន៍ ខុសប្រក្រតីនាំឱ្យមាត់នាងខូចទ្រង់ទ្រាយ និងថែមទាំងមានបំពង់កូនកណ្តុរនៅក. ផងដែរ។

បញ្ហានេះធ្វើឱ្យនាងមិនអាចនិយាយបានទេ គឺត្រឹមតែប្រើភាសាសញ្ញា ព្រមទាំងកាយវិការប៉ុណ្ណោះ។ នាងបានប្រាប់ថា កាលពីដើម មុខ និងក្បាលរបស់នាងធំ ជាងនេះទៅទៀត តែក្រោយការវះកាត់ព្យាបាលជាច្រើនដងមក នៅលើមុខ និងមាត់ ក៏កើតមានស្ថានភាពបែបនេះ។ ហើយវាក៏បានប៉ះពាល់ដល់ការរស់នៅជាច្រើន ដូចជាការដកដង្ហើម ការទទួលទានអាហារ និងត្រចៀកក៏ស្តាប់មិនសូវឮច្បាស់។

បច្ចុប្បន្ន Marimar Quiroa មានអាយុ២១ឆ្នាំ ហើយភាពខុសប្រក្រតីនេះក៏មិនអាច បញ្ឈប់ក្តីស្រមៃ និងដំណើរជីវិតរបស់នាង នៅត្រឹមនេះបានដែរ។ នាងត្រូវបានគេ ទទួលបណ្តុះបណ្តាលនៅក្នុងហាងផាត់មុខដ៏ស្រស់ស្អាតមួយកន្លែង។ មិនតែប៉ុណ្ណោះនាងជាគ្រូបង្ហាត់ក្បាច់រាំ Zumba ទៀតផង ហើយក្រោយពីពេលទំនេរ នាងបង្រៀនវិធីផាត់មុខនៅលើYouTubeផងដែរ។ ជាមួយនឹងទេព្យកោសល្យ ដ៏អស្ចារ្យ និងជំនឿចិត្តលើខ្លួនឯងដ៏មុតមាំនេះ ទើបធ្វើឱ្យវីដេអូនាងមានការគាំទ្រយ៉ាងខ្លាំង។

នាង Marimar Quiroa បាននិយាយថា ពេលនៅក្មេង នាងតែងតែនិយាយប្រាប់ខ្លួនឯង នៅក្នុងកញ្ចក់ថា នាងជាស្រីស្អាត។ នេះហើយដែលធ្វើឱ្យនាង មានភាពក្លាហាន ក្នុងការធ្វើរឿងល្អៗ សម្រាប់ខ្លួនឯង ហើយព្យាយាមលើកទឹកចិត្តខ្លួនឯង និងរៀនទទួលស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនផ្ទាល់។

ជាបន្តបន្ទាប់ នាងបានបង្ហាញវីដេអូនៅលើពិភពអនឡាញ ហើយបានទទួល ការលើកទឹកចិត្តជាច្រើន ដោយពួកគេនិយាយថា នាងគឺជានារីដ៏ស្រស់ស្អាត និងភាគច្រើនគឺគេចូលចិត្តវិធីផាត់មុខរបស់នាងណាស់។

ហើយមានអ្នកខ្លះទៀត ក៏ប្រាប់ថា នាងមុខដូចស្វា ថែមទាំងមើលងាយនាងជាខ្លាំងផងដែរ។ ពេលខ្លះនាងបានសុំ ឱ្យពួកគេបញ្ឈប់ការសម្លឹងមើលមកនាង ដូចជាសត្វធាតុ ហើយពេលខ្លះទៀត នាងក៏មិនខ្វល់ដែរ ដោយគិតតែខំប្រឹងធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ពេញចិត្តឱ្យបានល្អបំផុត ព្រោះជួបប្រទះរឿងបែបនេះរាល់ថ្ងៃហើយ។ យូរៗទៅរហូតដល់ពួកគេ​ បានបញ្ឈប់សកម្មភាពទាំងនេះដោយខ្លួនឯង។

នាង Marimar Quiroa ក៏មានក្តីសុបិនមួយទៀតដែរថា ថ្ងៃណាមួយនាងនឹងក្លាយជាគ្រូ បង្រៀនកុមារគថ្លង់ និងចង់ធ្វើអ្វីមួយ សម្រាប់កុមារទាំងនោះ ប៉ុន្តែឥឡូវនេះនាងចាំបាច់ ត្រូវកសាងខ្លួនឯងជាមុនសិន។ ហើយសម្រាប់រូបភាពស្រស់ស្អាតនៅទីនេះ គឺនាងចង់បង្ហាញថា ភាពស្រស់ស្អាតពិតប្រាកដគឺជាការព្រមទទួលស្គាល់ខ្លួនឯងថា ជានរណា មិនព្រួយបារម្ភអំពីអ្វីដែលអ្នកផ្សេងទៀតគេបាននិយាយ ហើយទោះបីជាមានរូបរាងមុខមាត់មិនដូចគេ តែនេះគឺជាអ្វីដែលនាងមាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]