កិច្ចសម្ភាសន៍ជាមួយ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតអ៊ុងសុផល, ប្រធានផ្នែកជំងឺឆ្លង, អនុប្រធានការិយាល័យបចេ្ចកទេស នៃមន្ទីរពេទ្យកុមារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងផ្នែកគ្លីនិកនៃ ជំងឺគ្រុនឈាមស្តីអំពីចំណេះដឹង ទាក់ទងនឹងជំងឺគ្រុនឈាម និងវិធានការការពារជំងឺគ្រុនឈាម។

សំនួរទី១ តើអ្វីទៅជាជំងឺគ្រុនឈាម?

ចម្លើយ៖ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងមួយដែលបង្កឡើងដោយវីរុស ហើយប្រភេទវីរុសនោះមានឈ្មោះថាវីរុសដាំង។ ហេតុដូច្នេះយើងក៏ដាក់ឈ្មោះជំងឺនេះ ឲ្យចំតែម្តងថាជាជំងឺគ្រុនឈាមដាំង។ ក្នុងពេលបច្ចុប្បន្ននេះនៅពុំទាន់ មានការព្យាបាលឬការបង្ការជាក់លាក់ណាមួយប្រឆាំង នឹងជំងឺគ្រុនឈាមដាំង នេះនៅឡើយទេ។

សំនួរទី២ តើជំងឺគ្រុនឈាមបង្កឡើងដោយសារអ្វី? ហើយតើវាចម្លង តាមមនុស្សម្នាក់ទៅម្នាក់ទៀតតាមវិធីណាខ្លះ?

ចម្លើយ៖ជំងឺគ្រុនឈាមមិនមែនឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ដោយផ្ទាល់នោះទេគឺជំងឺនេះត្រូវបានចម្លង តាមរយៈការខាំរបស់សត្វមូសខ្លាញី ដែលវាមានឈ្មោះជាភាសាបច្ចេកទេសហៅថា អាអេដែសអាអេហ្ស៊ីបស៊ី(AedesAegypti)។ តាមពិតមូសនេះវាទៅបឺតឈាមពីមនុស្ស ឬអ្នកជំងឺដើម្បីបានឈាម ដែលមានសម្បូរជាតិប្រូតេអ៊ីនច្រើនមកចិញ្ចឹមពងរបស់វាទេ ប៉ុន្តែដោយសារនៅក្នុងក្រពេញទឹកមាត់ វាមានមេរោគនិងមានជាតិកុំឲ្យឈាមកក ដូច្នេះពេលវាបឺតឈាមមនុស្ស វាត្រូវបញ្ចេញនូវសារធាតុកុំឲ្យឈាមកកនោះចូលទៅក៏ដូចជា រុញមេរោគទាំងនោះ ចូលទៅក្នុងខ្លួនយើងនៅពេលដំណាលគ្នាដែរ។

សំនួរទី៣ តើជំងឺគ្រុនឈាមនេះច្រើនកើតមាននៅតំបន់ណា ហើយនៅពេលណាដែរ?

ចម្លើយ៖ជំងឺគ្រុនឈាមដាំងត្រូវបានគេ ឃើញកើតមានឡើងនៅ តំបន់ត្រូពិចនិងក្រោមត្រូពិចនៅទូទាំងពិភពលោក ដែលភាគច្រើនគេឃើញកើតមាន នៅតំបន់ក្នុងទីក្រុងជុំវិញទីក្រុង ឬទីប្រជុំជនដែលមានមនុស្សរស់នៅ ច្រើនកុះករ ហើយមានការខ្វះអនាម័យបរិស្ថាន ដែលខុសពីជំងឺគ្រុនចាញ់ ដែលច្រើនកើត នៅតំបន់មានព្រៃ។អនាម័យបរិស្ថានសំដៅ ទៅលើការទុកព្រៃរបោះ ឲ្យដុះនៅជុំវិញផ្ទះ, ការទុកសំបកកង់ឡានកំប៉ុងចាស់ៗថូផ្កា ដែលបង្កឲ្យមានការដក់ទឹកបាន ដែលជាជម្រកពងរបស់សត្វមូសពាងទឹកមិនបានគ្របត្រឹមត្រូវ។ជាធម្មតារដូវ ដែលមានអត្រាជំងឺគ្រុនឈាមខ្ពស់ គឺច្រើនតែនៅរដូវភ្លៀងធ្លាក់ ចាប់ពីខែឧសភាដល់ខែកញ្ញា ដែលក្នុងអំឡុងរដូវនេះដង់ស៊ីតេរបស់សត្វមូស មានកម្រិតខ្ពស់។រីឯអំឡុងពេលពី ខែមករាដល់ខែមេសានិងពីខែតុលាដល់ខែធ្នូជាទូទៅ វាមិនមែនកើតជំងឺគ្រុនឈាម ទេដែលក្នុងអំឡុងពេលនោះករណីជំងឺគ្រុនឈាមកើត មានតិចតួច។

បច្ចុប្បន្ននេះ មានប្រជាជនក្នុងពិភពលោក ប្រហែលចំនួនពាក់កណ្តាល កំពុងរស់នៅប្រឈមនឹងហានិភ័យ នៃជំងឺគ្រុនឈាម។ ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះជំងឺគ្រុនឈាមបាន រីករាលដាលពីការកើតមាន ក្នុងប្រទេសតែមួយចំនួនតូច រហូតដល់ការកើតមានជាការរាតត្បាតក្នុង ១២៨ប្រទេស ដែលមានមនុស្សរស់នៅប្រមាណ៤ពាន់លាននាក់​ ហើយករណីកើតថ្មី(អាំងស៊ីដង់)នៃជំងឺគ្រុនឈាម ក៏មានការកើនឡើង៣០ដងផងដែរ។ សព្វថ្ងៃនេះទ្វីបអាស៊ីមានបន្ទុក នៃជំងឺគ្រុនឈាមតំណាងឲ្យ៧០%នៃបន្ទុក ជំងឺទាំងមូលក្នុងពិភពលោក។

សំនួរទី៤ តើជំងឺគ្រុនឈាមនេះប៉ះពាល់ទៅលើ មនុស្សវ័យណាច្រើនជាងគេ?

ចម្លើយ៖ ជំងឺគ្រុនឈាមដាំង អាចកើតមានចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាជំងឺនេះភាគច្រើនកើតនៅ លើក្មេងអាយុតិចជាង១៥ឆ្នាំ។ ក្មេងនៅចន្លោះអាយុ៥ ៩ឆ្នាំគឺជាក្រុមដែលកើត ជំងឺគ្រុនឈាមដាំងច្រើនជាងគេ ដោយសារតែក្មេងនៅចន្លោះអាយុនេះ មិនសូវបានទទួលការយកចិត្តទុកដាក់ មើលថែដិតដល់ពីឪពុកម្តាយឬអាណាព្យាបាល របស់ពួកគេ។ ក្មេងដែលស្ថិតក្នុងចន្លោះអាយុ១ ៤ឆ្នាំគឺជាក្រុម ដែលមានហានិភ័យខ្ពស់លំដាប់ទីពីរ។

សំនួរទី៥ តើមនុស្សម្នាក់អាចកើតមានជំងឺគ្រុនឈាមដាំង ប៉ុន្មានដង ក្នុងមួយជីវិត?

ចម្លើយ៖មនុស្សម្នាក់អាចជំងឺគ្រុនឈាមដាំងរហូតដល់៤ដង ក្នុងជីវិតរបស់គាត់។ ការឆ្លងរោគលើកដំបូងនៃជំងឺនេះគេ ហៅថាជំងឺគ្រុនដាំង (ដាំងក្លាស់ស៊ីក) ដែលមិនទាន់មានសញ្ញាបាត់បង់ផ្លាស្មា និងការហូរឈាមទេ។ នៅពេលដែលមនុស្សម្នាក់ឆ្លងជំងឺនេះចាប់ពីលើកទីពីរទៅ ជំងឺនោះនឹងធ្វើការវិវត្ត ទៅជាមានលក្ខណៈស្មុគស្មាញនិងធ្ងន់ធ្ងរហើយ ដែលបន្តវិវត្តទៅជាជំងឺគ្រុនឈាមដាំង។ ដូច្នេះបន្ទាប់ពី កើតជំងឺគ្រុនដាំងទៅប្រសិនបើមានមេរោគ ដាំងប្រភេទផ្សេងៗទៀតចូលមក ក្នុងខ្លួនខុសពីប្រភេទមេរោគដំបូងនោះ វាអាចនឹងបង្កឲ្យកើតជំងឺគ្រុនឈាមដាំង រហូតដល់២ឬ៣ដងទៀតដោយសារមេរោគដាំង មាន៤ប្រភេទ (មេរោគដាំងទី១ដល់ទី៤)។ ជំងឺគ្រុនឈាមដាំងធ្ងន់ធ្ងរគឺជាមូលហេតុនាំមុខ នៃជំងឺធ្ងន់ធ្ងរនិងការស្លាប់ ក្នុងចំណោមកុមារនៅតាមបណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ី និងអាមេរិកឡាទីន។

សំនួរទី៦ តើអ្វីខ្លះជារោគសញ្ញាឬចង្កោមរោគសញ្ញាសង្ស័យ របស់ជំងឺគ្រុនឈាមដាំង?

ចម្លើយ៖ជំងឺគ្រុនឈាមគឺជាជំងឺធ្ងន់ធ្ងរមួយមាន លក្ខណៈស្រដៀងជំងឺគ្រុនផ្តាសាយធំ ដែលអាចកើតមានទៅលើ មនុស្សគ្រប់វ័យ។ គេគួរតែមានការសង្ស័យថាកើតជំងឺគ្រុនឈាម កាលណាអ្នកជំងឺមានអាការក្តៅខ្លួនខ្លាំង (៤០អង្សាសេ) ហាក់មិនឆ្លើយតបនឹងថ្នាំបញ្ចុះកម្តៅ (ប៉ារ៉ាសេតាម៉ុល) និងមានអមមក ជាមួយនូវរោគសញ្ញា២ក្នុងចំណោមរោគសញ្ញា ដូចតទៅ៖ឈឺក្បាលខ្លាំង, ឈឺនៅក្រោយរង្វង់គ្រាប់ភ្នែក, ឈឺសាច់ដុំនិងសន្លាក់, ចង្អោរ, ក្អួត, ហើមក្រពេញ ឬស្នាមកន្ទួលលើស្បែក។ ជាធម្មតារោគសញ្ញាទាំងនោះមានរយៈពេល២ ៧ថ្ងៃ បន្ទាប់ពីដំណាក់កាលសំងំនៃមេរោគ៤ ១០ថ្ងៃក្រោយពីការខាំនៃ សត្វមូស ដែលមានផ្ទុកមេរោគជំងឺគ្រុនឈាម។

សំនួរទី៧ តើគ្រូពេទ្យគួរផ្តល់ជាដំបូន្មានចំពោះឪពុកម្តាយ ឬអាណាព្យបាលរបស់កុមារ ដែលមានជំងឺគ្រុនឈាមទាក់ទង នឹងការបញ្ជូននិងដាក់កុមារ ឲ្យសម្រាកពេទ្យ?

ចម្លើយ៖ឪពុកម្តាយឬអាណាព្យបាលរបស់កុមារ ដែលសង្ស័យមានកើតជំងឺគ្រុនឈាមគួរដឹងនូវរោគសញ្ញា ព្រមានដូចតទៅ៖ អាការក្តៅខ្លួនចាប់ផ្តើមថយចុះខណៈពេល ដែលស្ថានភាពទូទៅរបស់អ្នក ជំងឺកាន់យ៉ាប់យ៉ឺន។ រោគសញ្ញានៃភាពយ៉ាប់យ៉ឺនរបស់អ្នកជំងឺមានដូចជាសន្លឹម, មិនឃ្លានអាហារ, ក្អួតខ្លាំង, ឈឺពេញក្នុងពោះខ្លាំង,ឡេះឡះ, ហូរឈាម, អត់ទឹកនោម(៤ ៦ម៉ោង)។ ជាទូទៅនៅពេលដែលក្មេងម្នាក់មានលេចចេញ នូវអាការក្តៅខ្លួនស្រួចស្រាល (មិនឆ្លើយតប នឹងថ្នាំបំបាត់កម្តៅ ប៉ារ៉ាសេតាម៉ុល) ហើយអាការក្តៅខ្លួន នោះមាន២ថ្ងៃជាប់ពេលនោះឪពុកម្តាយឬអាណាព្យាបាល គួរនាំក្មេងនោះទៅ ជួបគ្រូពេទ្យ បើទោះជាមិនទាន់មានរោគសញ្ញាអម មកជាមួយនៅឡើយក៏ដោយ។

សំនួរទី៨ តើមានការព្យាបាលសម្រាប់ជំងឺគ្រុនឈាមដាំងដែរឬទេ?

ចម្លើយ៖ដោយសារជំងឺគ្រុនឈាមដាំងបង្កឡើង ដោយពួកវីរុសដូច្នេះគ្មានការព្យាបាលជាក់លាក់ សម្រាប់ជំងឺនេះនៅឡើយទេ។ អ្វីដែលយើងអាចធ្វើបានគឺត្រូវចេញ វេជ្ជបញ្ជាឲ្យព្យាបាល តាមរបៀបថែទាំ និងព្យាបាលរោគសញ្ញាព្រមទាំងព្យាបាលផលវិបាកទាំងឡាយ ដែលអាចកើតមានឡើងពី ជំងឺគ្រុនឈាមដាំង។

សំនួរទី៩ តើក្មេងដែលកើតជំងឺគ្រុនឈាមមានគ្រោះថ្នាក់ដែរឬទេ?

ចម្លើយ៖ជំងឺគ្រុនឈាមដាំងគឺជាជំងឺដ៏គ្រោះថ្នាក់ និងអាចប៉ះពាល់ដល់ជីវិត។ អ្នកជំងឺគ្រុនឈាមអាច លេចចេញនូវផលវិបាកធ្ងន់ធ្ងរមួយចំនួន ដែលអាចនាំទៅ រកការស្លាប់បាន។ ផលវិបាកទាំងនោះរួមមាន៖ ការលើសជាតិទឹកក្នុងរាងកាយ, ការហូរឈាមច្រើន (បណ្តាលមកពីការប្រើប្រាស់ថ្នាំ ពពួកអាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វែនឬការបាត់បង់កត្តាកំណកឈាម), ភាពខ្សោយតម្រងនោម, ការខ្សោយចង្វាក់ដង្ហើម និងការខ្សោយបេះដូងបែបតឹងណែន។

សំនួរទី១០ តើវិធានការការពារកុំឲ្យកើតជំងឺគ្រុនឈាមមាន ដូចម្តេចខ្លះ?

ចម្លើយ៖ វិធានការការពារការឆ្លងជំងឺគ្រុនឈាមមានដូចជា៖ ១ វិធានការបែបសមូហភាព៖លុបបំបាត់នូវ ទីជម្រកមូសពង ដែលអាចបង្កើតជាដង្កូវទឹក (ព្រៃជុំវិញផ្ទះ, សំបកកង់ឡានចាស់ៗ សំបកកំប៉ុងចាស់ៗ។ការគ្រប់គ្រង និងលុបបំបាត់ដង្កូវទឹក។ការប្រើថ្នាំ បាញ់សម្លាប់សត្វមូស។យុទ្ធនាការអប់រំ និងលើកកំពស់ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅ តាមរយៈបណ្តាញផ្សព្វផ្សាយបណ្តាញសង្គមសាលារៀន និងយុទ្ធនាការផ្សេងៗ ក្នុងសហគមន៍ជាដើម។ ២ វិធានការបែបបុគ្គល៖គេងក្នុងមុខប្រើថ្នាំលាបការពារ កុំឲ្យមូសខាំស្លៀកពាក់ខោអាវវែងៗ និងប្រាប់ក្មេងៗឲ្យចៀសវាងការលេងនៅទីកន្លែង ងងឹតដែលសំបូរសត្វមូស។ល។

សំនួរទី១១ តើក្នុងពេលបច្ចុប្បន្ននេះមានថ្នាំចាក់បង្ការ ជំងឺគ្រុនឈាមហើយឬនៅ?

ចម្លើយ៖កាលពីចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ថ្នាំចាក់បង្ការជំងឺគ្រុនឈាមដំបូងគេបំផុត ដែលផលិតដោយក្រុមហ៊ុនសាណូហ្វីប៉ាស្ទ័រ របស់ប្រទេសបារាំងត្រូវបានគេចុះបញ្ជិកា ដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស មួយចំនួនដែលស្ថិតនៅក្នុងតំបន់កើតមានជំងឺគ្រុនឈាម។ កាលពីខែមេសាកន្លងទៅនេះ ប្រទេសហ្វីលីពីនបានអនុវត្តមុនគេនូវ ការដាក់បញ្ចូលថ្នាំបង្ការជំងឺគ្រុន ឈាមទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការ ថ្នាក់ជាតិរបស់ខ្លួន។សម្រាប់ព្រះរាជាណាចក្រកម្ពុជា យើងថ្នាំបង្ការជំងឺគ្រុនឈាមនេះ នៅមិនទាន់មកដល់នៅឡើយទេប៉ុន្តែសង្ឃឹមថាវា នឹងអាចមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]