(ភ្នំពេញ)៖ បុរសម្នាក់ ប្រើដាវកាប់​ជនរងគ្រោះ បណ្ដាល​ឲ្យរងរបួសដេរជាច្រើនថ្នេរ ហើយជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយដកហូតវត្ថុតាង ដាវ១ដើម។ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើតាមលោក វរសេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួលផែនសេនាធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមានឈ្មោះ ធន់ សុភ័ណ្ឌ ភេទប្រុស អាយុ៣២​ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរគ្នានៅចំណុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះមានឈ្មោះ ឈិន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅ​ផ្ទះលេខ០៩១ ផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសា​ឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ទៀតថា​ ពីដំណើររឿងមុនឈានទៅ​បង្ក្រាប និងក្រោយឃាត់ខ្លួនជនសង្ស័យថា គូរបដិបក្ខ​ទាំង២នាក់មានជម្លោះនិងគ្នា បន្ទាប់មក​ជនត្រូវសង្ស័យបានទាញដាវ​ទៅកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។

លោកវរសេនីយ៍ត្រី បានបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍តាមទូរស័ព្ទរបស់ម្ដាយជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីស៊ើបសួរ និងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងដាវសាំម៉ូរ៉ៃ១ដើម​ដោយពាក់ព័ន្ធករណីហិង្សាដោយចេតនា ។

បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនា រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅបន្តឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងបន្តតាមនិតិវិធីរបស់ អយ្យការសាលា​ដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ជម្រះគំនុំចាស់ កាប់២ពូថៅ រងរបួសធ្ងន់ រួចគេចខ្លួនបាត់ គួររំលឹកផងដែរថា បុរសអ្នកលក់បន្លែម្នាក់ ត្រូវបានជនសង្ស័យទាញពូថៅ កាប់ពីក្រោយចំនួន ២ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងអង្គុយរាប់លុយលក់បន្លែ កាលពីវេលាម៉ោង១៦៖៣០នាទី ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីមន្រ្តី នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខន ម៉ារ៉េន ភេទប្រុសអាយុ ៣១ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ចំណែកជនសង្ស័យឈ្មោះ ជិន ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរកសិកររស់នៅ ភូមិ ឃុំជាមួយគ្នា។ ប្រភពដដែលបានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានឆ្លងទូកដររបស់ឈ្មោះ សួស៊ីម យកបន្លែមកលក់នៅត្រើយខាងលិច លុះពេលលក់អស់ជនរងគ្រោះបានមកអង្គុយ រាប់លុយថ្លៃលក់បន្លែតែម្នាក់ឯង នៅពេលនោះមិនដឹងជាមានរឿងអ្វី ស្រាប់តែជនសង្ស័យដើរ មកពីខាងលិចដោយដៃ មានកាន់ពូថៅចូលមកកាប់ជនរងគ្រោះ ចំក្បាលខាងក្រោយចំនួន ២ ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់តែម្ដង ភ្លាមៗនោះត្រូវបានអ្នកជិតខាង ដឹកបញ្ជូនទៅកាន់គ្លីនិកឯកជន ដើម្បីជួយសង្គ្រោះតែដោយសារ ស្ថាភាពរបួសធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរ ពេទ្យភ្នំពេញ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]