កាលពីមុនអ្នកដែលទទួលទានសត្វល្អិតអាចនឹងត្រូវបានគេមើលឃើញថាជាមនុស្ស ចម្លែក ឬគួរស្អប់ខ្ពើមខ្លាំងណាស់ ដែលសូម្បីតែសត្វល្អិតក៏មិនលើកលែង ចេះតែបរិភោគទៅរួចដែរ។

ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ យើងមើលឃើញថា សត្វល្អិតជាច្រើនប្រភេទគួរសមដែរត្រូវបានចៀនដាក់តំរៀបជួរគ្នាតាមដងផ្លូវ ឬនៅតាមអាហារដ្ឋាននៅទីកន្លែងកម្សាន្តនានា។ ដោយពពួកសត្វល្អិតទាំងនោះ ត្រូវបានប្រជាជនមួយចំនួន និយមទិញទទួលទានគ្រាន់បើ ព្រោះវាមានរសជាតិ ឈ្ងុយឆ្ងាញ់មិនអន់ប៉ុន្មានទេ ហើយថែមទាំងមានវីតាមីនជួយបំប៉នសុខភាពទៀតផង ដោយមានដូចជា៖

១. មានប្រូតេអ៊ីនខ្ពស់៖ ក្នុងសត្វល្អិតឆៅ១00 ក្រាម មានវីតាមីន ៩-៦៥ ក្រាមនៃប្រូតេអ៊ីន។ ដោយអាស្រ័យលើប្រភេទនៃសត្វល្អិតទាំងនោះ ហើយសត្វល្អិតដែលផ្តល់នូវប្រូតេអ៊ីនច្រើនបំផុតនោះគឺ សត្វកណ្តូប និងចង្រិត។ វាមានប្រូទីនខ្ពស់ជាងប្រូតេអ៊ីនចេញពីស៊ុតមាន់១គ្រាប់ ឬសាច់មាន់១00ក្រាមឯណោះ ប៉ុន្តែសត្វល្អិតនោះត្រូវជាប្រភេទសត្វ ដែលមានគុណភាពល្អលេខ១។

២. កាត់បន្ថយកូឡេស្តេរ៉ុល៖ នៅក្នុងខ្លួនសត្វល្អិតមានសារធាតុ chitin  ហើយនៅពេល ដែលវាជួបជាមួយនឹងសារធាតុ chitosan នៅក្នុងសារពាង្គកាយ វាអាចចាប់យកជាតិខ្លាញ់បាន បន្ទាប់មកធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលរបស់យើង បានធ្លាក់ចុះមិនគួរឱ្យជឿ។

៣. ជួយការពារការឆ្លងមេរោគផ្សិត៖ ដោយសារសារធាតុចិញ្ចឹម chitin នៅក្នុងសត្វល្អិតអាចជួយប្រយុទ្ធនឹងមេរោគបានផងដែរ ដូច្នេះទើបវាជួយការពារយើងពីពពួកមេរោគផ្សិតឆ្លងនានា។

៤. ជាប្រភពនៃអាហារដែលសម្បូរវីតាមីន៖ វាមានប្រូតេអ៊ីនខ្ពស់ ដែលជាញឹកញាប់ ត្រូវបានគេរកឃើញថា វាសម្បូរសារធាតុរ៉ែ ផូស្វ័រ ប៉ូតាស្យូម និងវីតាមីន B។

៥. ជាអាហារដ៏ប្រសើរ៖ សម្រាប់អ្នកដែលរស់នៅតំបន់ដាច់ស្រយាលសត្វល្អិតជា អាហារដ៏ពិសេសបំផុតសម្រាប់ពួកគេ។ សូម្បីតែរបាយការណ៍មួយពីអង្គការ ស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ឬអង្គការFAO ក៏បានបង្ហាញផងដែរថា «សត្វល្អិតដែលបរិភោគបាន វាជាក្តីសង្ឃឹមនាពេលអនាគត សម្រាប់សន្តិសុខស្បៀង និងអាហារសម្រាប់សត្វផងដែរ»។

ប៉ុន្តែក្រៅពីអត្ថប្រយោជន៍ទាំងនេះ អ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្ន ក្នុងការបរិភោគ សត្វល្អិតទាំងនេះផងដែរ ព្រោះមិនមែនគ្រប់គ្នា សុទ្ធតែអាចទទួលទានវាបាន នោះទេគឺ៖

១. ហាមអ្នកដែលមានអាការៈដូចខាងក្រោមបរិភោគ៖

- អ្នកដែលមានជម្ងឺហឺត អាឡែកស៊ីស្បែក៖ អាចនឹងមានប្រតិកម្មទៅនឹងសមាសភាគមួយចំនួននៃសត្វល្អិតនេះ ជួនកាលអាចបណ្តាលឱ្យអ្នកស្លាប់ផងក្នុងករណីធ្ងន់ធ្ងរ។

- អ្នកដែលមានបញ្ហាជម្ងឺឆ្អឹង និងស្ត្រីមានផ្ទៃពោះ៖ ក៏មិនអាចទទួលទានបានដែរ ដោយសារតែសារធាតុ chitin និងchitosan អាចធ្វើឱ្យខូចឆ្អឹង និងបណ្តាលឱ្យការលូតលាស់ទារកនៅក្នុងផ្ទៃខុសប្រក្រតី។

- អ្នកដែលមានជម្ងឺលើសឈាម ឬលើសជាតិខ្លាញ់៖ អាចមានហានិភ័យ ប្រឈមមុននឹងជម្ងឺធាត់ ព្រោះសត្វល្អិតចៀនសម្បូរទៅដោយប្រេង ដែលមានជាតិខ្លាញ់ខ្ពស់។ ហើយប្រសិនបើបរិភោគ ក្នុងបរិមាណច្រើនពេក អាចបង្កឱ្យស្ទះសរសៃឈាម ឬស្ទះជាតិខ្លាញ់ផង។

- អ្នកដែលមានជម្ងឺតម្រងនោម៖ ព្រោះដើម្បីបង្កើនរសជាតិនៃសត្វល្អិតចៀនទាំងនេះ អ្នកលក់បានប្រៀគ្រឿងទេសខុសៗគ្នា ដែលអាចបង្កើនជាតិសូដ្យូមកាន់តែខ្ពស់បាន។

២. ទោះបីជាសត្វល្អិតមានសារធាតុ chitin អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ក្នុងរាងកាយបានមែន តែបើចៀនវាជាមួយប្រេង វានឹងស្រូបយកជាតិប្រេងទាំងនោះ ហើយវាពោរពេញទៅដោយជាតិខ្លាញ់  ជាពិសេសបើចម្អិនជាមួយប្រេង ដែលមានគុណភាពទាបផង គឺមិនល្អទេចំពោះសុខភាព។

៣. សារធាតុ chitin និងchitosan អាចប៉ះពាល់ដល់រាងកាយរបស់យើង បើយើងបរិភោគសត្វល្អិតចៀនច្រើនពេក ជាពិសេសខ្លាញ់ ចូលក្នុងរាងកាយច្រើន វាអាចបង្អាក់ការស្រូបយកវីតាមីន ដែលរលាយក្នុងទឹកដូចជា វីតាមីនA D និង E ព្រមទាំងសារធាតុរ៉ែទៀតផង។

ដូច្នេះទោះជាសត្វល្អិតឆ្ងាញ់ មានប្រយោជន៍ច្រើន ប៉ុន្តែគួរបរិភោគក្នុងកម្រិត មធ្យម។ អាចទិញ១ថង់ ចែករំលែកជាមួយមិត្តភក្តិបរិភោគ ២-៣នាក់ និងគួរ ទទួលទាន១-២លើក ក្នុងរយៈពេល២-៣សប្តាហ៍ ហើយក៏កុំភ្លេចបរិភោគអាហារ ៥ក្រុមផ្សេងទៀត និងធ្វើលំហាត់ប្រាណជាទៀងទាត់ផង ដើម្បីឱ្យរាងកាយមាំមួន៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]